Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​សិង្ហ​បុរី បេ្ត​ជ្ញា​បន្ត​រួមគ្នា​ពង្រីក​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរ​បន្តទៀត​

​ភ្នំពេញ​៖ កម្ពុជា​-​សិង្ហ​បុរី មាន​បេ្ត​ជ្ញា​យ៉ាង​មុតមាំ​ក្នុងការ​ពង្រីក​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​កម្ពុជា​ឲ្យ​បាន​កាន់តែ​ប្រសើរ​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ឲ្យ​ទាន់​ទៅនឹង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា ទាំង​ក្នុង​តំបន់ និង​ពិភពលោក​។

​ការប្តេជ្ញាចិត្ត​ដ៏​មុត​ស្រួច​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ជំនួប​ជម្រាបលា​របស់​ឯកឧត្តម ម៉ា​យ​ឃើ​ល តាន (Michael Tan) ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា រវាង ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នា​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​ការងារ​។​

​ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង បានលើកឡើង​ពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ការទូត និង​វិស័យ​នានា ពិសេស​គឺ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រវាង​កម្ពុជា និង​សិង្ហ​បុរី ក្នុង​អាណត្តិ​បេសកកម្ម​របស់​ឯកឧត្តម ម៉ា​យ​ឃើ​ល តាន ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា សិង្ហ​បុរី​បាន​ជួយ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ជាច្រើន​ដល់​គ្រូ​បង្គោល និង​សិក្ខាកាម​កម្ពុជា ពិសេស​សិង្ហ​បុរី​បាន​បញ្ជូន​គ្រូ​ជំនាញៗ​មក​បណ្ដុះបណ្ដាល​ដល់​ប្រទេស​កម្ពុជា​ផ្ទាល់​។​

​ចំពោះ​ផ្នែក​សុវត្ថិភាព និង​សុខភាព​របស់​កម្មករ​នៅ​កន្លែងធ្វើការ​ងារ សិង្ហ​បុរី​ក៏បាន​ជួយ​ច្រើន​ណាស់ដែរ ដូចជា​ជួយ​រៀបចំ​បច្ចេកទេស​សុវត្ថិ​ភាព​ឡ​ចំហាយ​នៅក្នុង​រោងចក្រ ការបណ្ដុះបណ្ដាល​អ្នកជំនាញ​ត្រួតពិនិត្យ​ឡ​ចំហាយ​ជាដើម ដោយបាន​ចូលរួម​កាត់បន្ថយ​បញ្ហា​គ្រោះថ្នាក់​ផ្សេងៗ​បាន​យ៉ាងច្រើន​នៅក្នុង​រោងចក្រ សហគ្រាស​។​

​សំណើ​បន្ទាប់​របស់​ឯក​ឧ​ត្ត​រដ្ឋមន្ត្រី អ៉ិ​ត សំហេង គឺពាក់ព័ន្ធ​នឹង​វិស័យ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ដែលជា​គន្លឹះ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស ពិសេស​គឺ​កម្ពុជា​ត្រូវការ​ធនធានមនុស្ស​ប្រកបដោយ​គុណ​វ​ឌ្ឍិ ហើយ​កន្លងមក​សិង្ហ​បុរី​ក៏បាន​ដើរតួ​យ៉ាងច្រើន​ក្នុងការ​ជំរុញ​លើ​ការងារ​នេះ​។ ជាមួយគ្នា​នោះ កម្ពុជា​ក៏មាន​បំណង​ចង់​បន្ត​កិច្ច​សហ​ប​ប្រតិបត្តិការ​ជាមួយ​សិង្ហ​បុរី​ត​ទៅមុខទៀត ហើយ​សង្ឃឹមថា​សិង្ហ​បុរី​នឹង​នៅតែ​ចែករំលែក​បទពិសោធន៍​ដល់​កម្ពុជា​បន្ថែម​ទៀតផង​ដែរ​។​

​ឯកឧត្តម​អគ្គរដ្ឋទូត​សិង្ហ​បុរី​បានលើកឡើង​ពី​កិច្ចខិតខំ​របស់​រដ្ឋាភិបាល និង​ស្ថានទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា ក្នុងការ​ចូលរួម​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​សិក្ខាកាម​កម្ពុជា​។ ឯកឧត្តម​បានលើកឡើង​ថា សិក្ខាកាម​កម្ពុជា​ចូលចិត្ត​សិក្សា​នៅ​កន្លែង​ការងារ​ផ្ទាល់​តែម្ដង ដែលជា​ចំណុច​ពិសេស​មួយ​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ឱ្យ​កាន់​ល្អប្រសើរ​។​

​ឯកឧត្តម​បាន​បន្តថា សិង្ហ​បុរី​បាន​ឈរលើ​ចំណាត់ថ្នាក់​ទី​២ លើ​វិស័យ​វិនិយោគ​នៅ​កម្ពុជា ហើយ​ឯកឧត្តម​ក្នុងនាម​ជា​ឯកអគ្គរដ្ឋទូត​ក៏​តែងតែ​ជំរុញ​ដល់​ក្រុមហ៊ុន​ទាំងនោះ ត្រូវ​បន្ត​យកចិត្តទុកដាក់​ទទួល​ខុសត្រូវ​ចំពោះ​ការវិនិយោគ​របស់ខ្លួន​នៅ​កម្ពុជា ត្រូវគោរព​អនុវត្ត​តាមច្បាប់​-​លិខិតបទដ្ឋាន​គតិយុត្ត​នានា ព្រមទាំង​ត្រូវ​ចូលរួម​បណ្ដុះបណ្ដាល​សមត្ថភាព​ជំនាញ​ការងារ​ដល់ក​ម្ម​ករ​កម្ពុជា​ផងដែរ ដើម្បីឱ្យ​ពួកគេ​ទទួលបាន​ជំនាញ​សមស្រប​មួយ​សម្រាប់ធ្វើ​ការងារ​ចិញ្ចឹមជីវិត​ឱ្យ​កាន់តែ​ល្អប្រសើរ​។​

​ភាគី​ទាំងពីរ បាន​ប្តេជ្ញា​បន្ត​កិច្ច​សហការគ្នា កាន់តែ​រឹងមាំ​ថែមទៀត ជាពិសេស​នៅក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​រដ្ឋាភិបាល​ទាំងពីរ​គឺ​សុទ្ធតែ​បាន​ទប់ស្កាត់ និង​ដោះស្រាយបាន​យ៉ាង​ល្អ និង​ទាន់ពេលវេលា​។ ទន្ទឹមនេះ ភាគី​សិង្ហ​បុរី ក៏បាន​អំណរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា​ផងដែរ ដែល​បាន​ទប់ស្កាត់បាន​យ៉ាង​ល្អ ជា​ផ្នែក​មួយ​អំណោយផល​ដល់​អ្នកវិនិយោគ​សិង្ហ​បុរី​ឲ្យ​មាន​ដំណើរការ​អាជីវក​ម្ម​របស់ខ្លួន​ជា​ប្រក្រតី​ឡើងវិញ ហើយ​កម្ពុជា​ក៏បាន​អរគុណ​ដល់​រដ្ឋាភិបាល​សិង្ហ​បុរី ដែល​បានការ​ពារ​ពល​ករក​ម្ពុ​ជា​ដែល​កំពុង​បម្រើការ​នៅ​ទីនោះ​ដូច​ជនជាតិ​សិង្ហ​បុរី​ដូចគ្នា ។

​ជាមួយគ្នានេះ ឯកឧត្តម​អគ្គរដ្ឋទូត ក៏បាន​កោតសរសើរ​ដ​ល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលមាន​ថ្នាក់ដឹកនាំ​មួយរូប​គឺ ឯកឧត្តម ហេង សួរ ត្រូវបាន ជ្រើសតាំង​ជាទី​ប្រឹក្សា​ពិគ្រោះ​យោបល់ នៃ​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​ដើម្បី​អនាគត​នៃ​ការងារ សម្រាប់​អណ​ត្តិ​ពីរ​ឆ្នាំ ពី​ខែកញ្ញា ឆ្នាំ​២០២០ ដល់​ខែសីហា ឆ្នាំ​២០២២ ដើម្បី​ចូលរួម​ចែករំលែក​នូវ​បទពិសោធន៍ និង​ចំណេះដឹង​ដែល​មានគុណ​តម្លៃបន្ថែម​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ការងារ ជាពិសេស​ផ្នែក​សុវត្ថិភាព និង​សុខភាព​ការងារ​នេះ​តែម្តង ។​

​ឯកឧត្តម ម៉ា​យ​ឃើ​ល តាន បានបញ្ជាក់​ពី​ការទទួលយក​សំណើ​ទាំងឡាយ​របស់​ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង យកទៅ​ជម្រាបជូន​ដល់​រដ្ឋាភិបាល​សិង្ហ​បុរី ដើម្បី​ពិចារណា និង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ឱ្យ​កាន់តែ​ល្អប្រសើរ​ទៀត​៕
​ដោយ​៖CEN

×