ខេត្តកែប ៖ ស្នងការដ្ឋាននគរបាលខេត្តកែប រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម នៅក្នុងភូមិសាស្ត្រខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា មានប្រសាសាន៍ជុំវិញវិធានការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយជំរុញឱ្យយកចិត្តទុកដាក់ក្តាប់សភាពការណ៍ ការបំផុសចលនាមហាជន បង្ការទប់ស្កាត់ការបំផុសអូសទាញខុសច្បាប់ពីក្រុមប្រឆាំងក្រៅច្បាប់ បង្ការការប៉ុនប៉ងបង្កចលាចលសង្គម បង្ការទប់ស្កាត់បង្ក្រាបបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់និងពង្រឹងស្មារតីសាមគ្គីភាព រួមគ្នាបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់។
ដោយឡែក ឯកឧត្តម បានណែនាំបន្ថែមឱ្យយកចិត្តទុកដាក់បន្តអនុវត្តវិធានការ បង្ការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕ដោយ៖បញ្ញាស័ក្តិ