ស្ទឹងត្រែង ៖ ទណ្ឌិតពាក់ព័ន្ធករណីគ្រឿងញៀនម្នាក់បានស្លាប់ ក្រោយដឹកចេញពីពន្ធនាគារ ទៅដល់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។
មន្ត្រីអនុរក្សពន្ធនាគារឲ្យដឹងថា ទណ្ឌិតឈ្មោះសេក សុភ័ក្ក ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើត នៅឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ត្រូវបានតុលាការខេត្តស្ទឹងត្រែង កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំនិង៦ខែ ពីបទជួញដូរថ្នាំញៀន។
ជនជាប់ចោទត្រូវបានអនុវត្តទោសរបស់ខ្លូនជាង៥ឆ្នាំហើយ នៅសល់តែ៧ខែទៀតប៉ុណ្ណោះ នឹងត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។
លោក អ៊ុក មឿន នាយការិយាល័យកោសល្យវិច័យនិងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ដោយមានការចូលរួមពិនិត្យជាមួយលោកវេជ្ជបណ្ឌិត ហុង ហៃ និង កញ្ញាវេជ្ជបណ្ឌិតញឹម ចាន់លក្ខិណា បានបញ្ជាក់ថា ជនរងគ្រោះគឺស្លាប់ដោយសារគាំងបេះដូង៕ ដោយ៖សុខុម