Tuesday, May 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន​៖ គ្រប់​បណ្ដា​ប្រភេទ​ទ័ព​ត្រូវ​ចូលរួម​ការពារ​សន្តិភាព​ឱ្យបាន​ដាច់ខាត ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​

ភ្នំពេញ​៖ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កងយោធពល​ខេមរភូមិន្ទ គ្រប់​បណ្ដា​ប្រភេទ​ទ័ព ដែល​បាន​យកចិត្តទុកដាក់​អនុវត្តន៍ តួនាទី​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី ហើយ​លោក បាន​បន្តថា ត្រូវ​ចូលរួម​ការពារ​សន្តិភាព​ឱ្យបាន​ដាច់ខាត ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​អនុក្រឹត្យ​ប្រកាស​តែងតាំង​មុខតំណែង ឧត្ដមសេនីយ៍ឯក ខឹម​ជា សា​ឃឿន ជា​មេបញ្ជាការរង និង​ជា​នាយសេនាធិការ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ជំនួស នាយ​ឧត្ដមសេនីយ៍ ជា សារ៉ន ដែល​ត្រូវ​ទៅ​ទទួល​ភារកិច្ច​ថ្មី​ជា រដ្ឋលេខាធិការ ក្រសួងការពារជាតិ​។

​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅនា​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ក្រោម​អធិបតីភាព នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​។​

​ក្នុង​របាយការណ៍​ស្វាគមន៍ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​គូសបញ្ជាក់​ពី​ការរីកចម្រើន​លើ​គ្រប់ផ្នែក​របស់ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ដែលមាន​ភាពម្ចាស់ការ​បំពេញភារកិច្ច​ស្នូល ការងារ​ហ្វឹកហ្វឺន ការចូលរួម​ស្តារ អភិវឌ្ឍន៍​សង្គមជាតិ រួមទាំង​កិច្ចសហការ​ការពារ​ស​ន្តិ​សុខ​សណ្តាប់ធ្នាប់ និង​ការថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ​។

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កងយោធពល​ខេមរភូមិន្ទ គ្រប់​បណ្ដា​ប្រភេទ​ទ័ព ដែល​បាន​យកចិត្តទុកដាក់​អនុវត្តន៍ តួនាទី​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី ជាពិសេស​បាន​ចូល​ជ្រៅ​ដល់​ដំណើរការ​កំណែទម្រង់​ក​ង​យោធពលខេមរភូមិន្ទ និយាយ​ជារួម និង​និយាយ​ដោយឡែក បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ដែល​បាន​ខិតខំ​ជម្នះ​គ្រប់​ឧបសគ្គ និង​សម្រេចបាន​លទ្ធផល​គួរ​ជាទី​មោទន និង​បាន​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សកម្មភាព​ស្នាដៃ​របស់ ឧត្ដមសេនីយ៍ឯក ខឹម​ជា សា​ឃឿន ដែល​បាន​ខិតខំ​យក​អស់​ស្មារតី​ទទួលខុសត្រូវ​ក្នុង​កិច្ចការ​បំរើ​ជាតិ មាតុភូមិ នាពេល​កន្លងមក​។​

​នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​បន្តថា ត្រូវ​ចូលរួម​ការពារ​សន្តិភាព​ឱ្យបាន​ដាច់ខាត ទោះ​ក្នុងតម្លៃ​ណាក៏ដោយ និង​ត្រូវ​យកចិត្តទុកដាក់​កសាង​ធនធានមនុស្ស សម្រាប់​ជា​ប្រភព​បន្តវេន​ទៅ​ថ្ងៃ​អនាគត រួមទាំង​ការពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ ការ​តម្លើង​ឋានន្តរសក្ដិ សម​ស្របតាម​មុខតំណែង ច្បាប់​លក្ខន្តិកៈ​របស់ កងយោធពល​ខេមរភូមិន្ទ និង​ជំរុញ​ការគ្រប់គ្រង​អចលនទ្រព្យ​របស់​រដ្ឋ នៅតាម​បណ្ដា​កងឯកភាព​ឱ្យបាន​ល្អ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×