ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តនាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោក លោកស្រីជា អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកសកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានថ្លែងនូវការ អរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច គណៈបញ្ជាការឯកភាព ក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ក្នុងការថែរក្សាសុខសន្តិភាព សន្តិសុខសណ្តាប់សង្គម ជូនដល់ប្រជាពលរដ្ឋ។
លោក អភិបាលខេត្តក៏បានធ្វើការជំរុញដល់អាជ្ញាធរពាក់ព័ន្ធ នូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវគាំទ្រដល់ការចូលរួមប្រមូលផលស្រូវរបស់ ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។ មន្ទីរកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើការពិនិត្យតាមដាន គាំទ្រ និងជំរុញការដាំដុះឡើងវិញឲ្យចំទិសដៅ នូវគ្រាប់ពូជដំណាំ និងពូជស្រូវដែលរដ្ឋបាលខេត្ត បានធ្វើការចែកជូន ដល់ប្រជាពលរដ្ឋនាពេលកន្លងទៅថ្មីៗនេះ។ បន្តរឹតបន្តឹងការអនុវត្តវិធានការ បង្ការទប់ស្កាត់ការឆ្លងរីករាយដាលនៃជំងឺកូវីដ១៩ ជាពិសេសការធ្វើចត្តាឡីស័កចំពោះប្រជាពលរដ្ឋមកពីក្រៅប្រទេសឲ្យបានម៉ត់ចត់ និងតឹងរឹងបំផុត ស្របតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។ អភិបាលក្រុង ស្រុក ត្រូវបន្តផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ ក្នុងការជំរុញការបង់ពន្ធជូនរដ្ឋឱ្យបានទាន់ពេលវេលា។ បន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការទប់ស្កាត់ការជួញដូរ នឹងប្រើប្រាស់គ្រឿងញៀនឲ្យមានប្រសិទ្ធភាព៕ដោយ៖ វ៉ៃកូ