ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីណែនាំចំនួន៣ដំណាក់កាល សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ ក៏ដូចជាជួបជាមួយ សម្តេចតេជោ ហ៊ុន សែន សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចសាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងបំណងដើម្បីចៀសវាងហានិភ័យនៃការចម្លងជំងឺកូវីដ១៩ ជាអតិបរមាដល់ថ្នាក់ដឹកនាំកំពូលក្នុងពិធីជំនួបផ្លូវការនានា។
នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះក្រសួងសុខាភិបាលកម្ពុជា សេចក្តីណែនាំដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងចូលគាល់ ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរចូលជួបសវនាការជាមួយសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រីប្រធានរដ្ឋសភាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ វិធីសាស្ត្របង្ការជាលក្ខណៈពិសេសតាមបែបវិទ្យាសាស្ត្រវេជ្ជសាស្ត្រមានប្រសិទ្ធភាពក្នុងការកាត់បន្ថយ ជាអតិបរមានូវឱកាសចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ទៅម្នាក់ទៀតនៅទីកន្លែងណាមួយ តាមរយៈការស្រាវជ្រាវជាមុន អំពីភូមិសាស្ត្រនៃការរីករាលដាលនៃជំងឺកូវីដ -១៩ មធ្យោបាយធ្វើដំណើរ ការប្រកាស ពីស្ថានភាព សុខភាពរបស់បុគ្គល ការពិនិត្យសុខភាពជាប់ជាប្រចាំ ការធ្វើតេស្តស្រាវជ្រាវរកវីរុសកូវីដ-១៩ ឲ្យបានឆាប់រហ័ស ការធ្វើចត្តាឡីស័ក ការអនុវត្តវិធានការអនាម័យ គម្លាតសុវត្ថិភាព រួមជាមួយការកំណត់ ឬជ្រើសទីតាំងដែលមាន សុវត្ថិភាព និងសមស្របបំផុត។
ដើម្បីជៀសវាងហានិភ័យនៃការចម្លងជំងឺកូវជ-១៩ ជាអតិបរមាដល់ថ្នាក់ដឹកនាំកំពូលក្នុងពិធីជំនួបផ្លូវការ នានា សេចក្តីណែនាំត្រូវបានការរៀបចំជាដំណាក់កាល ដូចជា ទទួលបានការឯកភាពពីព្រះបរមរាជវាំង អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា និងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ជាមុន ។ ត្រូវកត់សម្គាល់ពីកម្រិតហានិភ័យនៃទីតាំងភូមិសាស្ត្រនៃការរីករាលដាលជំងឺកូវីដ-១៩ មុនពេលមក ដល់កម្ពុជា របស់ប្រតិភូ ឬគណៈប្រតិភូ។ ត្រូវកត់សម្គាល់ពីកម្រិតហានិភ័យនៃមធ្យោបាយធ្វើដំណើរដែលបុគ្គល ឬគណៈប្រតិភូ នឹងប្រើប្រាស់។ ប្រតិភូ ឬគណៈប្រតិភូ ត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាពចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាលប្រទេសសាមី បញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ ក្នុងរយៈពេល៧២ម៉ោង មុនពេលចេញដំណើរ និងមិនមានរោគសញ្ញាដែលចូលក្នុងនិយមន័យនៃជំងឺកូវដ-១៩៕ដោយ៖បញ្ញាស័ក្តិ