ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗចំនួនពីរ។
ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសាររួមថា កិច្ចប្រជុំថ្ងៃនេះផ្តោតសំខាន់លើរបៀបវារៈចំនួនពីរ ទី១-គឺការរៀបចំសិក្ខាសាលាថ្នាក់ជាតិអប់រំសង្គម និងបើកយុទ្ធនាការផ្សេងៗរបស់គណៈកម្មការបរិស្ថាន វប្បធម៌ និងអប់រំកីឡា និងទី២-ការត្រួតពិនិត្យមើលលើរបាយការណ៍វឌ្ឍនភាពការងាររបស់គណៈកម្មការទីផ្សារ និងចលនូបត្ថម្ភ។
ចំពោះរបៀបវារៈទី១សង្កត់ធ្ងន់លើការរៀបចំសិក្ខាសាលាថ្នាក់ជាតិមួយ ដែលមានគោលដៅបញ្ជ្រាបការផ្សព្វផ្សាយអប់រំឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា បន្ទាប់ពីមានការឯកភាពពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC កាលពីកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ កន្លងទៅ។ កិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានដឹកនាំ ដើម្បីប្រើប្រាស់យន្តការនានា ដែលត្រូវធ្វើក្នុងអំឡុងយុទ្ធនាការអប់រំសង្គម ប្រជាជនម្នាក់លេងកីឡាមួយមុខ កម្ពុជាស្អាត បដិសណ្ឋាកិច្ចល្អ ការកាត់បន្ថយគ្រឿងញៀន ការកាត់បន្ថយគ្រោះថ្នាក់ចរាចរជាដើម ដោយភាគីពាក់ព័ន្ធទាំងអស់កំណត់រួមគ្នាថា ជាយុទ្ធនាការឆ្ពោះទៅស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយភាគីពាក់ព័ន្ធក្នុងកិច្ចប្រជុំថ្ងៃនេះ មានដូចជាតំណាងក្រសួងបរិស្ថាន តំណាងនគរបាលជាតិ បានយល់ច្បាស់ពីគោលដៅនៃខ្លឹមសារសិក្ខាសាលា ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅសណ្ឋាគារ Garden City រាជធានីភ្នំពេញ។
ចំពោះរបៀបវារៈទី២ ត្រូវបានឯកឧត្តមអគ្គលេខាធិការ CAMSOC ជម្រាបអំពីការពិនិត្យលើយន្តការនៃការស្វែងរកធនធានជួយដល់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម តាមរយៈការរកចំណូលបន្ថែមនៃទីផ្សារកីឡា និងការស្វែងរកចលនូបត្ថម្ភ (ស្វែងរកម្ចាស់ឧបត្ថម្ភ) ហើយគណៈកម្មការជំនាញរបស់ CAMSOC មួយនេះ ក៏បានបង្ហាញនូវភាពលម្អិតនៃផែនការសកម្មភាពច្បាស់លាស់ថាតើប្រភពនៃធនធាន ការឧបត្ថម្ភ បានមកពីណាខ្លះ ហើយប្រភពទាំងអស់នេះបានមកពីណាខ្លះ ដើម្បីជួយសម្រួលដល់ការចំណាយនៃថវិការបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានបញ្ជាក់ជូនបន្ថែមទៀតថា នៅក្នុងកិច្ចប្រជុំឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានជំរុញឲ្យការរៀបចំផែនការផ្សព្វផ្សាយឲ្យបានស៊ីជម្រៅ ក៏ដូចជាបានឯកភាពចំពោះគម្រោង និងសមាសភាពបន្ថែមរបស់គណៈកម្មការទីផ្សារ និងចលនូបត្ថម្ភ ព្រមទាំងការស្វែងរកអ្នកជំនាញពីក្រៅប្រទេសមកជួយដល់គណៈកម្មការជំនាញមួយនេះ។
សម្រាប់សិក្ខាសាលាថ្នាក់ជាតិស្តីពីការអប់រំសង្គមក្នុងគុណតម្លៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ គឺមិនប្រមូលផ្តុំដល់រាប់ពាន់នាក់ទេ ដោយអនុវត្តនូវវិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល ដោយប្រមូលផ្តុំត្រឹម២០០ ទៅ ៣០០នាក់ប៉ុណ្ណោះ ដោយអ្នកចូលរួមក្នុងសិក្ខាសាលានោះគឺជាមនុស្សគន្លឹះ ដែលជាអាជ្ញាធរ អភិបាលទាំង២៥រាជធានី-ខេត្ត សហព័ន្ធកីឡាជាតិ និងអង្គការកីឡាជាតិ និងអន្តរជាតិ ព្រមទាំងមន្ទីរអប់រំ យុវជន និងកីឡា មន្ទីរទេសចរណ៍រាជធានីខេត្ត ដែលជាភ្នាក់ងារផ្សព្វផ្សាយ បញ្ជ្រាបចំណេះដឹងបន្តជូនទៅដល់មូលដ្ឋានរបស់ខ្លួន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ចុងក្រោយថា «ការរៀបចំសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់ ប្រសិនបើយើងមិនរៀបចំទេ នោះយើងមិនទទួលបាននូវធាតុចូល និងមិនទទួលបាននូវការចាប់ផ្តើមមួយទូទាំងប្រទេសនោះទេ ដូច្នេះហើយសិក្ខាសាលានេះនឹងធ្វើឲ្យយុទ្ធនាការទាំងអស់របស់ខ្លួនបញ្ជ្រាបទៅដល់ទូទាំងប្រទេស។ ឯកឧត្តមលើកឡើងថា ការប្រកួតកីឡាស៊ីហ្គេម ហេតុអ្វីត្រូវរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយបរិស្ថាន-កម្ពុជាស្អាត កាត់បន្ថយគ្រឿងញៀន កាត់បន្ថយគ្រោះថ្នាក់ចរាចរដែរ ដែលបញ្ហានេះជាគោលការណ៍របស់អន្តរជាតិ ដែលម្ចាស់ផ្ទះត្រូវតែស្អាតស្អំ មានឥរិយាបទល្អក្នុងការទទួលស្វាគមន៍ប្រតិភូ ក៏ដូចជាមានកេរ្តិ៍ឈ្មោះល្អផងដែរ ទើបទទួលបានការចូលរួម ដោយម្ចាស់ផ្ទះរៀបចំហ្គេមនីមួយៗគឺជាឱកាសផ្សព្វផ្សាយពីវិស័យនានាបន្ថែម ក្រៅពីការរៀបចំកីឡា ដើម្បីឲ្យអន្តរជាតិមើលឃើញពីភាពល្អ គេផ្សព្វផ្សាយពីយើង ហើយយើងនឹងទទួលបានភាពជោគជ័យ នយោបាយ ការទូត សេដ្ឋកិច្ច សង្គមរបស់យើង ដោយការរៀបចំព្រឹត្តិការណ៍ធំៗបែបនេះ គឺជាឱកាសក្នុងការស្រូបទាញឲ្យមានការគាំទ្រពីលើឆាកអន្តរជាតិ»៕ដោយ៖បញ្ញាស័ក្តិ