Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាកាសធាតុ​ចាប់ផ្តើម​ចុះ​ត្រជាក់​លើក​ទី​១ ចាប់ពី​សប្ដាហ៍​ទី​១ ដល់​សប្ដាហ៍​ទី​៣ ខែធ្នូ នឹង​ត្រជាក់​ជាង​បណ្តា​ឆ្នាំ​កន្លងទៅ​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី ស្ថានភាព​អាកាសធាតុ ដោយ​ឥទ្ធិពល​នៃ​បាតុភូត ឡា​នី​ណា (La Nina ) បានធ្វើ​ឲ្យ​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន រុញ​ចុះមក​ក្រោម​ខ្លាំង និង​គ្របដណ្តប់​មកលើ​កម្ពុជា នឹងធ្វើ​ឲ្យ​អាកាសធាតុ​ចាប់ផ្តើម​ចុះ​ត្រជាក់​លើក​ទី​១ ចាប់ពី​សប្ដាហ៍​ទី​១ ដល់​សប្ដាហ៍​ទី​៣ ខែធ្នូ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាបថា តាមរយៈ​ការតាមដាន និង​ការវិវត្ត​ជាក់ស្តែង​នៃ​ស្ថានភាព​អាកាសធាតុ បង្ហាញ​ឲ្យ​ឃើញថា ដោយសារ​ឥទ្ធិពល​នៃ​បាតុភូត ឡា​នី​ណា (La Nina ) បានធ្វើ​ឲ្យ​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន រុញ​ចុះ មកក្រោម​ខ្លាំង និង​គ្របដណ្តប់​មកលើ​កម្ពុជា ។​

​តាម​ការ​ព្យាករ​លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រដូវរំហើយ​ខាងមុខនេះ ( ខែធ្នូ ឆ្នាំ ២០២០-​ខែមករា ឆ្នាំ ២០២១ ) ស្ថានភាព​ធាតុអាកាស នឹង​ចុះ​ត្រជាក់​ជាង​បណ្តា​ឆ្នាំ​កន្លងទៅ ។​

​អាកាសធាតុ​នឹង​ចាប់ផ្តើម​ចុះ​ត្រជាក់​លើក​ទី​១ ចាប់ពី​សប្ដាហ៍​ទី​១ ដល់​សប្ដាហ៍​ទី​៣ ខែធ្នូ ឆ្នាំ​២០២០​។ នៅក្នុង​អំឡុង​ពេលនោះ មាន​ថ្ងៃ​មួយចំនួន​ធាតុអាកាស អាច​នឹង​ចុះ​ត្រជាក់ ពី​មធ្យម​ទៅ​បង្គួរ ក្នុងនោះ​មាន ៖ បណ្តា​ខេត្ត​នៅ​ភាគ​ខាងលើ ក្នុងភូមិ​សាស្ត្រ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន សីតុណ្ហភាព​អប្បបរមា នឹង​ធ្លាក់​ចុះមក​នៅក្នុង​រង្វង់​ពី ១៨oC ទៅ ២១°C ។ បណ្តា​រាជធានី ខេត្ត​ដទៃទៀត សីតុណ្ហភាព​អប្បបរមា​ក្នុង​រង្វង់​ពី ១៩oC ទៅ ២២ oC​។​

​ក្រសួង​ធនធានទឹក​បន្តថា ធាតុអាកាស​នឹង​ចុះ​ត្រជាក់​លើក​ទី ២ ដោយ​ចាប់ពី​សប្ដាហ៍​ទី ៤ ខែធ្នូ ឆ្នាំ ២០២០ ដល់​បំណាច់​ខែមករា ឆ្នាំ ២០២១ ។ ក្នុងអំឡុង​ពេលនោះ​ធាតុអាកាស នឹង​ចុះ​ត្រជាក់​ខ្លាំង និង​ត្រជាក់​យូរ​ច្រើន​ថ្ងៃ ក្នុងនោះ​មាន ៖ បណ្តា​ខេត្ត​នៅ​ភាគ​ខាងលើ ក្នុងភូមិ​សាស្ត្រ​ជាប់​តំបន់ភ្នំ និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន សីតុណ្ហភាព​អប្បបរមា អាច​នឹង​ធ្លាក់​ចុះមក​នៅក្នុង​រង្វង់​ពី ១៦°C ទៅ ១៩°C ។ បណ្តា​ខេត្ត​ដទៃទៀត សីតុណ្ហភាព​អប្បបរមា នៅក្នុង​រង្វង់​ពី ១៨°C ទៅ ២១°C ។​

​យោង​លើ​ស្ថានភាព​អាកាសធាតុ ដូច​បាន​ជម្រាបជូន​ខាងលើ សូម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន សូមជ្រាប​ជា​ព័ត៌មាន ។​

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាននិងកំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​បាតុភូតធម្មជាតិ​នេះ ហើយនឹង​ជម្រាបជូន​ព័ត៌មាន​បន្តបន្ទាប់​ទៀត ក្នុងករណី​អាកាសធាតុ​មានការ​ប្រែប្រួល​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×