ខេត្តស្វាយរៀង ៖ លោកនាយឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅស្រុកចន្ទ្រា និងក្រុងបាវិតនៅព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២០នេះ
បានអញ្ជើញចុះជួបជាមួយប្រជាកសិករ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង មកពី ឃុំ ចន្ទ្រា ឃុំច្រេស និងឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
មានប្រសាសន៍ទៅកាន់ពិធីនេះ លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គ្រប់ពេលវេលានូវសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
លោកបានបន្តថា លោក សូមសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ និងខូចខាតផលដំណាំ កសិផល ជាមួយបងប្អូនប្រជាកសិករដែលទទួលរងគ្រោះ ដោយជំនន់ទឹកភ្លៀងនារយៈពេលកន្លងមក ជាពិសេសនៅឃុំចន្ទ្រា និងឃុំទួលស្តី ស្រុកចន្ទ្រា។
ទន្ទឹមនេះក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងបាវិតនិងស្រុកចន្ទ្រា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលបានចាត់ឲ្យក្រុមការងារនាំយកនូវពូជស្រូវ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋនាពេលកន្លងមក។
លោក ម៉ឹង សំផន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងចូលរួមទាំងអស់គ្នាដើម្បីការពារខ្លួន ព្រមទាំងក្រុមគ្រួសារ និងសហគមន៍ ពីជំងឺកូវីដ-១៩ ព្រោះមកដល់ពេលនេះជំងឺនេះនៅបន្តរីករាលដាលយ៉ាងខ្លាំង និងពុំទាន់មានវ៉ាក់សាំងការពារនៅឡើយទេ ។ ក្នុងនោះត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ ចូលរួមពង្រឹងនូវភូមិឃុំមានសុវត្ថិភាព និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន ជាពិសេសសូមបន្តរួមគ្នាការពារសន្តិភាព ដែលនេះជាកិច្ចការសំខាន់ និងជាមូលដ្ឋានចាំបាច់សម្រាប់យើងរួមបន្តអភិវឌ្ឍន៍ប្រទេសយើងទៅមុខទៀត៕ដោយ៖ វ៉ៃកូ