ស្ទឹងត្រែង៖ វត្ថុតាងបម្រើឱ្យបទល្មើសធនធានធម្មជាតិក្នុងតំបន់ការពារធនធានធម្មជាតិ និងឧទ្យានជាតិវិរជ័យភូមិសាស្ត្រស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវបានអាជ្ញាធរខេត្ត ក្រសួងបរិស្ថាន ធ្វើការដុតកម្ទេចចោល កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០ នៅស្នាក់ការឧទ្យានជាតិវិរជ័យ ស្ថិតក្នុងភូមិសៀមប៉ាង ឃុំសេកុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្រោមវត្តមានឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រការក្រសួងបរិស្ថាន និងលោក ញ៉ែម សារី អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។
ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការដុតបំផ្លាញចោលនូវអាវុធកែច្នៃ និងឧបករណ៍បទល្មើសធនធានធម្មជាតិនេះ មិនមែនជាការគម្រាមកំហែងដល់ប្រជាពលរដ្ឋឲ្យភ័យខ្លាចនោះឡើយ ប៉ុន្តែជាបង្ហាញឲ្យឃើញពីការសហការរបស់ប្រជាពលរដ្ឋ ក្នុងការប្រគល់អាវុធកែច្នៃ និងឧបករណ៍បម្រើបទល្មើសធនធម្មជាតិដល់អាជ្ញាធរ ដើម្បីចូលរួមថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិឲ្យនៅគង់វង្ស ជាពិសេសតំបន់ការពារធនធានធម្មជាតិនិងឧទ្យានជាតិ។
លោកបន្តថា យើងត្រូវមានមនសិការស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិ និងត្រូវយល់ថាអាវុធកែច្នៃ រួមទាំងឧបករណ៍បទល្មើសទាំងនេះ ជាឧបករណ៍ខុសច្បាប់ដែលមិនត្រូវមកប្រើប្រាស់បានឡើយ ព្រោះវាគ្រោះថ្នាក់ដល់ធនធានធម្មជាតិ។ ជាមួយគ្នានេះ លោកលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលមានអាវុធកែច្នៃនិងឧបករណ៍កែច្នៃល្មើច្បាប់ សូមយកមកប្រគល់ជូនដល់អាជ្ញាធរ ជៀសវាងពាក់ព័ន្ធនិងបទល្មើស។
លោកអេង ភិរ៉ុង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បាននិយាយថា ឧបករណ៍បទល្មើសដែលរឹបអូសបានទាំងនោះ រួមមានអាវុធកែច្នៃចំនួន២៥៦ដើម ខ្សែអន្ទាក់ចំនួន ៣.៥៣១ខ្សែ ឧបករណ៍ឆក់ ចំនួន៨១ គ្រឿង មងទាក់សត្វចំនួន ១២៧ត្បូង ស្មើស៧៤១០ម៉ែត្រ។
លោកបន្តថា ដោយឡែកចំពោះឧបករណ៍ និងអាវុធកែច្នៃខុសច្បាប់ ដែលត្រូវដុតបំផ្លាញចោល នៅស្នាក់ការឧទ្យានជាតិ ស្រុក សៀមប៉ាងនេះ មាន អាវុធកែច្នៃចំនួន៩៧ដើម ខ្សែអន្ទាក់ចំនួន ២.៥០០ខ្សែ ឧបករណ៍ឆក់ ចំនួន១០គ្រឿង មងទាក់សត្វចំនួន ១២៧ត្បូង ស្មើស៦.៣៥០ម៉ែត្រ។ ហើយវត្ថុតាងដែលត្រូវដុតជាបន្តទៀត នៅស្នាក់ការដែនជម្រកសត្វព្រៃ ព្រៃឡង់វិញ មាន អាវុធកែច្នៃចំនួន១៥៩ដើម ខ្សែអន្ទាក់ចំនួន ៩៦៩ខ្សែ ឧបករណ៍ ឆក់ ចំនួន៧១គ្រឿង មងទាក់សត្វចំនួន ១.០៦០ម៉ែត្រ៕ ដោយ៖សុខុម