ភ្នំពេញៈ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំ រួមទាំងមន្ត្រីរាជការនៅក្រសួងយុត្តិធម៌ គឺមិនមានការឆ្លងជំងឺកូវីដ-១៩ នោះទេ។ ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីមានព័ត៍មានមួយចំពោះបានផ្សព្វផ្សាយព័ត៍មានមិនពិតថា លោកកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឆ្លងជំងឺកូវីដ-១៩ ពីអគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រកាសថា បើយោងតាមលទ្ធផលពីក្រសួងសុខាភិបាល គិតមកត្រឹមម៉ោងនេះ ទាំងថ្នាក់ដឹកនាំ ទាំងមន្ត្រីរាជការក្រសួងយុត្តិធម៌ រួមនិងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការក្នុងវិស័យតុលាការ គឺពុំមាននរណាម្នាក់មានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នោះទេ។
ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ទាំងថ្នាក់ដឹកនាំ ទាំងមន្ត្រីរាជការក្រសួងយុត្តិធម៌ រួមនិងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការក្នុងវិស័យតុលាការ ដែលមានការជាប់ពាក់ព័ន្ធនឹង ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ទោះដោយផ្ទាល់ ឬដោយប្រយោល បាននិងកំពុងដាក់ខ្លួនអោយនៅដាច់ដោយឡែក (ចត្តាឡីស័ក) ព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល៕
ដោយ៖CEN