ភ្នំពេញៈ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ លោក ទួរ ម៉ាតាន់ រ៉ូអាក់ បានសម្តែងនូវការដឹងគុណដ៏ស្មោះស្ម័គ្រជូន ចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការផ្តល់នូវម៉ាស់ ចំនួន ១លាន និងសម្ភារវេជ្ជសាស្ត្រផ្សេងទៀត ជូនដល់ប្រជាជនទីម័រឡេស្ដេ។ នេះបើយោងតាមលិខិតរបស់លោក ទួរ ម៉ាតាន់ រ៉ូអាក់ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ដែលត្រូវបានក្រសួងការបរទេសផ្សព្វផ្សាយនៅថ្ងៃទី២ ខែធ្នូ នេះ។
លោក ទួរ ម៉ាតាន់ រ៉ូអាក់ បានបញ្ជាក់ថា កាយវិការសាមគ្គីភាពនេះ គឺជាការបោះជំហានទៅមុខក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ និងជាការគូសបញ្ជាក់នូវសមានចិត្តចែករំលែក និងការយកចិត្តទុកដាក់ទៅវិញទៅមករវាងប្រជាជន នៃព្រះរាជាណាចក្រ កម្ពុជា និងប្រជាជនទីម័រឡេស្តេ។ ដូចការលើកឡើងដ៏ត្រឹមត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលថា នេះគឺជាកិច្ចសហប្រតិបត្តិការដែលនឹងអនុញ្ញាតឱ្យយើងអាចជំនះបានលើជំងឺរាតត្បាត កូវីដ-១៩។
នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា ជាកិត្តិយសដ៏ឧត្តុង្គឧត្តមដែលលោកបានទទួលនូវលិខិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយនាំមកនូវការប្តេជ្ញាចិត្ត និងសាមគ្គីភាពដ៏រឹងមាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយឧបត្ថម្ភដល់ប្រទេសទីម័រឡេស្តេ នៅក្នុងដំណាក់កាលប្រឈមដ៏ធ្ងន់ធ្ងរនេះ។
តាងនាមរដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេ លោកសូមសម្តែងនូវការដឹងគុណដ៏ស្មោះស្ម័គ្រជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការផ្តល់នូវម៉ាស់ចំនួន ១លាន និងសម្ភារៈវេជ្ជសាស្ត្រផ្សេងទៀត ជូនដល់ប្រជាជនទីម័រឡេស្ដេ។ កាយវិការសាមគ្គីភាព នេះ គឺជាការបោះជំហានទៅមុខក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ និងជាការគូស បញ្ជាក់នូវសមានចិត្តចែករំលែក និងការយកចិត្តទុកដាក់ទៅវិញទៅមករវាងប្រជាជន នៃព្រះរាជាណាចក្រ កម្ពុជា និងប្រជាជនទីម័រឡេស្តេ។ ដូចការលើកឡើងដ៏ត្រឹមត្រូវរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលថា នេះគឺជាកិច្ចសហប្រតិបត្តិការដែលនឹងអនុញ្ញាតឱ្យយើងអាចជំនះបានលើជំងឺរាតត្បាត កូវីដ-១៩។
ឆ្លៀតឱកាសនេះ សូមសម្តែងផងដែរនូវការដឹងគុណចំពោះការគាំទ្រឥតងាករេរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទីម័រឡេស្តេ ក្នុងការចូលជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក អស់រយៈកាល ជាច្រើនឆ្នាំកន្លងមក។ លោកនៅតែបន្តពឹងផ្អែកលើការគាំទ្រនេះ នៅក្នុងកិច្ចដំណើរការនាំទៅរកការអនុម័តឱ្យប្រទេសទីម័រឡេស្តេក្លាយជា សមាជិកទី ១១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍៕រក្សាសិទ្ធិដោយ៖CEN