បាត់ដំបង៖ប្រជាពលរដ្ឋធ្វើការស្ដារឡើងវិញនិងការដាំដុះបន្លែបង្ការផ្សេងៗ បានធ្វើឲ្យយឺតយ៉ាវ ខណៈជំនន់ទឹកភ្លៀងនាចុងរដូវស្សា ដែលបានអូសបន្លាយសឹងតែជាង១ខែ នៅក្នុងខេត្តបាត់ដំបងហើយពួកគាត់ក៏មានការព្រួយបារម្ភពីតម្លៃបន្លែ ខណៈការដាំដុះកំពុងសម្រុក ហើយនឹងមានការប្រមូលផលដំណាលគ្នាបន្លែជុញលក់មិនបានថ្លៃ។
ប្រជាពលរដ្ឋនៅភូមិអូរស្រឡៅឃុំវត្តតាមិមស្រុកសង្កែ បានលើកឡើងប្រាប់ថា នៅតំបន់ពួកគាត់ក៏បានជួបបញ្ហាគ្រោះទឹកជំនន់លិចលង់ផ្ទះសម្បែង ផលដំណាំនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចបណ្ដាស្រុកភូមិដទៃផងដែរនៅក្នុងឆ្នាំ២០២០នេះ។ វាបានរំខានដល់ការរស់នៅ ការប្រកបរបរទទួលទាន រួមទាំងបានប៉ះពាល់ដល់ជីវភាពពួកគាត់ផងដែរ។ ដោយសារបញ្ហាទឹកជំនន់បានអូសបន្លាយជាច្រើនថ្ងៃ ពួកគាត់មិនអាចដាំដំណាំ បានលឿនដូចសព្វឆ្នាំ ព្រោះទឹកនៅដក់តាមដីទំនាបៗច្រើន និងដីជ្រាយពិបាកដល់ការដាំបន្លែ ដែលបញ្ហាទាំងអស់នេះ ពួកគាត់មានការព្រួយបារម្ភ ពីការដាំមិនបានច្រើនដងដូចរាល់ឆ្នាំនិងកាត់បន្ថយនូវប្រាក់ចំណូល។
ប្រជាពលរដ្ឋ បានសំណូមពរអាជ្ញាធរខេត្ត ពិសេសមន្ទីរជំនាញ ជួយរកទីផ្សារនិងបង្កើតទីផ្សារបន្លែឲ្យបានច្រើន ដើម្បីពួកគាត់លក់បន្លែក្នុងតម្លៃសមរម្យ បន្ទាប់ពីទូទាត់នឹងការចំណាយអស់ ក៏អាចសល់ប្រាក់ទុកផ្គត់ផ្គង់គ្រួសារ។ មួយវិញទៀត សូមជួយផលិតពូជបន្លែ ដើម្បីឲ្យពួកគាត់អាចទិញក្នុងតម្លៃមួយទទួលយកបាន ខណៈគ្រប់ពូជបន្លែ ពេលបច្ចុប្បន្នមានតម្លៃខ្ពស់ ហើយពួកគាត់ក៏មិនអាចផលិតខ្លួនឯងបាន ដោយសារពុំមានបច្ចេកទេស។
ពលរដ្ឋនៅភូមិអូរស្រឡៅ បាននិយាយបញ្ជាក់ថា ក្រៅពីការធ្វើស្រែនិងដាំក្រូចពោធិ៍សាត់ អ្នករស់នៅក្នុងតំបន់នេះ ជារៀងរាល់ឆ្នាំនាំគ្នាដាំបន្លែវិលឃុំ ដើម្បីរកប្រាក់ចំណូលបន្ថែមក្នុងគ្រួសារ ដោយបន្លែមានដូចជា ស្ពៃផ្កា (ផ្កាខាត់ណា) ត្រប់ ត្រកួន ស្ពៃ និងម្ទេសជាដើម។ល។ដោយការចំណេញបានតិច បានច្រើនទៅតាមទីផ្សារធ្លាក់ថ្លៃនិងឡើងថ្លៃ។
គួរបញ្ជាក់ថា ទឹកជំនន់កន្លងទៅថ្មីៗនេះ បានធ្វើឲ្យប៉ះពាល់និងធ្វើឲ្យលិចលង់រងការខូចខាតដំណាំកសិកម្ម របស់ពលរដ្ឋក្នុងខេត្តបាត់ដំបង អស់ជាច្រើនម៉ឺនហិកតា ដើម្បីដោះស្រាយនូវបញ្ហាទាំងអស់នេះ រាជរដ្ឋាភិបាលបានផ្ដល់នូវគ្រាប់ពូជស្រូវនិងពូជដំណាំផ្សេងៗ ជាច្រើនតោន ដល់កសិករ សម្រាប់ស្ដារការដាំដុះឡើងវិញ បន្ទាប់ពីទឹកជំនន់បានស្រកទៅវិញនេះ៕រក្សាសិទ្ធិដោយ៖អ៊ុងសារុំ