ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានណែនាំឱ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ បញ្ជូលបន្ថែម ការងារទៅឱ្យសហភាពសហពន្ធ័យុវជនកម្ពុជា ពិសេសលើការរៀបចំតុបតែង ព្រឹត្តិការណ៍នគរសង្ក្រាន្ដ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី ឆ្នាំ២០២៦នេះ ព្រោះថា សហភាពសហពន្ធ័យុវជនកម្ពុជាមានបទពិសោធន៍ច្រើនលើការងាររៀបចំនេះ ទទួលបានជោគជ័យរហូតមកហើយ។
ឯកឧត្ដមឃួង ស្រេង បានណែនាំបែបនេះខណៈឯកឧត្ដមដឹកនាំអង្គប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពនៃការរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំមមី ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៥មីនានេះ ដោយមានការចូលរួមពីឯកឧត្ដម សំហេង បុរស សមជិកគណៈអចិន្ត្រែយ៌សហភាពសហព័ន្ធយុវជនកម្ពុជានិងជាតំណាងឯកឧត្តមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ ការរៀបចំតុបតែង ព្រឹត្តិការណ៍នគរសង្ក្រាន្ដ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរឆ្នាំមមី ឆ្នាំ២០២៦នេះ ត្រូវប្រគល់ជូនទៅសហភាពសហពន្ធ័យុវជនកម្ពុជា ជាអ្នករៀបចំ ដោយសហភាពសហពន្ធ័យុវជនកម្ពុជាមានបទពិសោធន៍ច្រើនលើការងាររៀបចំព្រឹត្តិការណ៌នេះ រហូតទទួលបានជោគជ័យជាង១០ឆ្នាំរួចមកហើយ។
ចំណែកគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទទួលខុសត្រូវទាំងស្រុងលើការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
ឯកឧត្ដមឃួង ស្រេង បានបន្តថា ព្រឹត្តិការណ៍នគរសង្ក្រាន្ដ ជាព្រឹត្តិការណ៍ធំមួយរបស់ជាតិ ដែលទាមទាឱ្យការរៀបចំ ការតុបតែង និងការរក្សាសន្តិសុខ សុវត្ថិភាព ត្រូវតែម៉ត់ចត់បំផុត ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ចាប់ផ្តើមពីថ្ងៃទី១៤រហូតដល់ថ្ងៃទី១៩មេសា។
ឯកឧត្ដមឃួង ស្រេង សូមឱ្យកងកម្លាំងនិងអាជ្ញាធរយើងទាំងអស់ដាក់ចិត្ត ដាក់កាយធ្វើការងារនេះ ដើម្បីមុខមាត់ប្រទេសជាតិនិងប្រជាជនយើង ដោយគ្រប់
គណៈកម្មាការទាំងអស់ មានបញ្ហាអីត្រូវរាយការណ៍ទៅលេខាធិការដ្ឋាន សំដៅធ្វើយ៉ាងណាឱ្យពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមីនេះទទួលបានភាពជោគជ័យនិងសប្បាយរីករាយ។
គូរបញ្ជាក់ថា៖ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៤រហូតដល់ថ្ងៃទី១៩មេសា រៀបចំលើ៦ទីតាំងដោយក្នុងនោះមានទីតាំងធំៗចំនួន៣កន្លែង និងតូចចំនួន៣កន្លែងទៀតសម្រាប់ទីតាំងធំៗ៣កន្លែងនោះរួមមាន៖ទី១ ទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ វត្តភ្នំ ទី២ ផ្លូវថ្មើជើងចតុមុខនិងទី៣ នៅសួនវឌ្ឍនៈ រហូតដល់ផ្សាររាត្រី។ចំណែក៣កន្លែងតូចៗ ទី១ នៅសួនមុខវត្តបទមវតី ទី២ បាសាកលេននៅផ្លូវ៣០៨ និងទី៣ នៅផ្លូវលេខ១៥៥និងជុំវិញផ្សារទួលទំពូង៕ រក្សាសិទ្ធដោយ៖សុទ្ធលី












