វាគ្មិនពីររូបពីកម្ពុជានឹងចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២០របស់អ្នកដឹកនាំវ័យក្មេងនៃ Asia 21 ដែលរៀបចំឡើងដោយអង្គការសង្គមអាស៊ី តាមប្រព័ន្ធអនឡាញ ក្រោមប្រធានបទ “ជីវិតបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩៖ ការកសាងប្រកបដោយនិរន្តរភាពនិងភាពធន់នាពេលអនាគត”។
វាគ្មិនទីមួយគឺ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា លោកស្រី លីម សូលីន ប្រធានអង្គការ Oxfam Cambodia។
កិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២០របស់អ្នកដឹកនាំវ័យក្មេងនៃ Asia 21នឹងធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២០:០០ នាទីយប់នេះ។
កិច្ចប្រជុំនាឆ្នាំនេះធ្វើឡើងក្នុងគោលបំណងដើម្បីអនុញ្ញាតឱ្យអ្នកដឹកនាំវ័យក្មេងជាន់ខ្ពស់ក្នុងសហគមន៍ Asia 21 ចែករំលែកនិងផ្លាស់ប្ដូរទស្សនាទាននានាទាក់ទងនឹងផលប៉ះពាល់ដែលបណ្ដាលមកពីជំងឺកូវីដ១៩ ពាក់ព័ន្ធនឹង ១/- កំណើនយឺតនៃសេដ្ឋកិច្ចនិងវិសមភាពនៃប្រាក់ខែ ២/- ការត្រៀមខ្លួនក្នុងការឆ្លើយតបទៅនឹងការរីករាលដាលជំងឺកូវីដ១៩ ៣/- ការឆ្លើយតបទៅនឹងអាកាសធាតុ ៤/- ការបណ្ដុះបណ្ដាលជំនាញបន្ថែមទៅតាមពិភពលោកបែបឌីជីថល ៥/- សមធម៌និងបរិយាបន្នក្នុងកន្លែងធ្វើការ ៦/- សុខភាពផ្លូវចិត្ត និង ៧/- ការធ្វើឱ្យមានប្រក្រតីភាពតាមគន្លងថ្មីបន្ទាប់ពីជំងឺកូវីដ១៩។ ទន្ទឹមនេះ លោកជំទាវ ឧបការីទេសាភិបាល នឹងចូលរួមក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញជាមួយអ្នកដឹកនាំវ័យក្មេងប្រចាំកម្ពុជា សម្រាប់ប្រធានបទ ស្ដីពី ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីជំងឺកូវីដ១៩៕
រក្សាសិទ្ធិដោយ៖CEN