ភ្នំពេញ៖ បើទោះបីកំពុងស្ថិតក្នុងការលៈទេសៈនៃជំងឺកូវីដ១៩ក៏ដោយ ក៏របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ផលិតកម្មចិញ្ចឹមសត្វ ទាំងជាលក្ខណៈគ្រួសារ និងលក្ខណៈឧស្សាហកម្ម ដែលមានដូចជា គោ-ក្របី ជ្រូក និងបក្សី បានបង្ហាញពីសន្ទុះនៃការរីកចម្រើនគួរឲ្យកត់សម្គាល់ គិតត្រឹមថ្ងៃ២ ខែធ្នូ ឆ្នាំ២០២០ មានការកើនឡើងសរុប ១៧,៦០% ពីជាង ៤២លានក្បាល ទៅជាង ៤៩លានក្បាល បើធៀបទៅនឹងឆ្នាំ២០១៩។
របាយការណ៍ដដែលបង្ហាញទៀតថា កសិដ្ឋានចិញ្ចឹមសត្វក្នុងឆ្នាំ ២០២០ មានចំនួន ១២៣២កន្លែង ក្នុងនោះកសិដ្ឋានចិញ្ចឹមបក្សីមានចំនួន ៦៨១កន្លែង មានសត្វក្នុងស្តុកជាង ១៧លាន កើនលើសឆ្នាំ២០១៩ ប្រមាណជា ៣៥,៦០%។ រីឯកសិដ្ឋានចិញ្ចឹមជ្រូកមានចំនួន ៥៤៧កន្លែង និងមានសត្វក្នុងស្តុកចំនួន ១,៣៣លានក្បាល កើនឡើង ១៥,៩០% បើធៀបនឹងឆ្នាំ២០១៩។ ចំពោះកសិដ្ឋានចិញ្ចឹមគោ-ក្របីគឺមានសរុប ៥៤កន្លែង និងមានសត្វក្នុងស្តុកចំនួនជិត ១ម៉ឺន ៣ពាន់ក្បាលផងដែរ។
បើតាមលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងនាពេលថ្មីៗនេះថា ក្នុងរយៈពេលនៃវិបត្តិជំងឺកូវីដ១៩នេះ តម្លៃជ្រូកនៅកម្ពុជា បានហក់ឡើងគួរឲ្យកត់សម្គាល់ បើធៀបកាលពីឆ្នាំមុន ដែលធ្វើឱ្យម្ចាស់កសិដ្ឋាន និងកសិករចិញ្ចឹមជ្រូកបង្កើនការចិញ្ចឹមជាលំដាប់។ ម្យ៉ាងទៀតដោយសារឧស្សាហកម្មចិញ្ចឹមជ្រូកនៅប្រទេសវៀតណាម កំពុងជួបបញ្ហា ដែលបណ្តាលមក ពីជំងឺបេស្តជ្រូកអាហ្វ្រិកញាំញីតាំងពីឆ្នាំមុន។
គួរបញ្ជាក់ថា ក្នុងរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាបាន និងកំពុងជួបវិបត្តិនៃជំងឺឆ្លងកូវិដ-១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានខិតខំយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនក្នុងស្មារតីទទួលខុសត្រូវអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការជំរុញផលិតកម្មកសិកម្មក្នុងស្រុកទាំងផ្នែកសាកវប្បកម្ម វារីវប្បកម្ម និងផលិតកម្មចិញ្ចឹមសត្វ ដើម្បីរួមចំណែកបង្កើតការងារ បង្កើត និងបង្កើនប្រភពចំណូលក្នុងគ្រួសារ និងធានាសុវត្ថិភាពស្បៀង៕ រក្សាសិទ្ធិដោយ ៖ CEN