បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង និងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត បានចុះធ្វើការអប់រំណែនាំ និងបង្កើននូវការផ្សព្វផ្សាយពីការទប់ស្កាត់ ពីការឆ្លងនិងការចម្លងជំងឺកូវីដ-19 និងចែកម៉ាស់នៅតាមផ្សារនានា ក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។
ការចុះចែកម៉ាស់និងការចុះអប់រំណែនាំ ធ្វើការផ្សព្វផ្សាយនូវវិធានក្នុងការរឹតបន្តឹង ក្នុងការទប់ស្កាត់កុំឲ្យឆ្លង និងការចម្លងមេរោគកូវីដ-19 គឺជាវិធានក្នុងការឆ្លើយតបទៅ និងការណែនាំពីក្រសួងសុខាភិបាល និងតាមការអំពាវនាវ របស់ រាជរដ្ឋាភិបាលកម្ពុជា ហើយខេត្តបាត់ដំបង ក៏ជាមុខសញ្ញាមួយ ដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ២៨វិច្ឆិកា និងដើម្បីចូលរួមទប់ស្កាត់ កុំឲ្យរីករាលដាល់នៃជំងឺដ៏កាចសាហាវនេះ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែចូលរួមអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីរួមគ្នាក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ-19នេះ និងកុំឲ្យមានការចម្លងរីករាលដាល កាន់តែធ្ងន់ធ្ងរ នៅក្នុងសហគមន៍។ កន្លងមកនេះ អាជ្ញាធរខេត្តបាត់ដំបង បានធ្វើការណែនាំ និងជំរុញទៅអាជ្ញាធរមូលដ្ឋានក្រុង-ស្រុកទាំងអស់ ក្នុងខេត្ត ត្រូវតែបង្កើននូវការអប់រំ និងធ្វើការផ្សព្វផ្សាយពីជំងឺនេះ ឲ្យជ្រួតជ្រាប និងមានការយល់ដឹង ទៅដល់ប្រជាពលរដ្ឋឲ្យកាន់តែទូលំទូលាយ ដោយត្រូវធ្វើការណែនាំ ឲ្យពួកគាត់ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ត្រូវលាងដៃនឹងសាប៊ូ ឬជែល ឬ អាល់កុលឲ្យបានញឹកញាប់ រួមទាំងរក្សាគម្លាតសង្គមជាដើម។ បើមិនមានកិច្ចការអ្វីចាំបាច់ទេនោះ មិនត្រូវបណ្ដែតបណ្ដោយ ឲ្យកូនចៅចេញពីផ្ទះរហេតរហូតនោះទេ។
ក្រុមអាជីវករលក់ដូរនៅផ្សារបឹងឈូក បានបង្ហាញពីទស្សនៈផ្ទាល់ខ្លួនថា បើទោះបីពាក់ម៉ាស់ ក៏នៅតែមានការព្រួយបារម្ភ ពីហានិភ័យនៃការឆ្លងកូវីដ-19 ដែរ ដោយសារតែបងប្អូនខ្លះ គាត់ខ្វះការប្រុងប្រយ័ត្ន ដោយមិនព្រមពាក់ម៉ាស់។ ក្រុមអាជីវករដែលកំពុងលក់ដូរ ក្នុងផ្សារបឹងឈូកនៅក្នុងក្រុងបាត់ដំបង បាននិយាយថា ពួកគាត់ បានយល់ដឹងច្រើនពីការទប់ស្កាត់ជំងឺកូវីដ-19 ថែមទាំងបានអនុវត្ត ជាប់នូវការណែរនាំរបស់ក្រសួងសុខាភិបាល ប៉ុន្តែចាប់ពីផ្ទុះឡើង នូវព្រឹត្តិការណ៍ថ្ងៃ២៨វិច្ឆិកា ការលក់ដូរ ក្នុងផ្សាររបស់ពួកគាត់ មានការធ្លាក់ចុះ ព្រោះមិនសូវមានអ្នកមកទិញអីវ៉ាន់ ដោយសារមានការព្រួយបារម្ភ ពីការឆ្លងជំងឺដ៏កាចសាហាវនេះ។
គួរបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២០ ដោយយោងតាមរបាយការណ៍ របស់មន្ទីរសុខាភិបាលនៃ រដ្ឋបាលខេត្តបាត់ដំបង បានបង្ហាញឲ្យដឹងថា ខេត្តបាត់ដំបង មានអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលមានចំនួន ៣១៨នាក់ ហើយត្រូវបានមកធ្វើតេស្ត និងបានយកវត្ថុសំណាក និងបញ្ជូនទៅកាន់មន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រ នៅរាជធានីភ្នំពេញហើយ ជាលទ្ធផលរួមនិងជាបន្តបន្ទាប់ គឺអវិជ្ជមានទាំងអស់៕ រក្សាសិទ្ធិដោយ៖អ៊ុងសារុំ