ភ្នំពេញៈ អភិបាលក្រុងសែនមនោរម្យ បានសម្រេចធ្វើការផ្អាកអាជីវកម្ម រឺលេក្ស ហៀល រីសត (Relax Hill Resort) ដែលមានទីតាំងស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នេះ។ ការផ្អាកនេះ បានធ្វើឡើងបន្ទាប់ពីមានភ្ញៀវទៅពីភ្នំពេញ ដែលមានផ្ទុកវីរុសកូវីដ១៩ បានចូលស្នាក់នៅរឺលេក្ស ហៀល រីសត ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងសែនមនោរម្យនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ កន្លងមកមានភ្ញៀវ ឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានទៅហាង Zando បឹងកេងកង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបានមកស្នាក់នៅ រឺលេក្ស ហៀល រីសត កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់មកនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្ននេះអ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ដើម្បីចូលរួមការពារ នៃការរីករាលដាលក្នុងសហគមន៍ដែលមានផលប៉ះពាល់ និងបង្ការ ទប់ស្កាត់ជំងឺឆ្លងអូវីដ១៩ សូមម្ចាស់អាជីវកម្មខាងលើ ត្រូវផ្អាកធ្វើអាជីវកម្មបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ និងត្រូវឱ្យអ្នកពាក់ព័ន្ធ ដែលបានប៉ះពាល់មានចំនួន ០៧នាក់ ស្រ្តីចំនួន ០៤នាក់ ត្រូវ ធ្វើតេស្តយកវត្ថុសំណាករកមេរោគកូវីដ១៩ និងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅរឺលេក្ស ហៀល រីសត ជាកំហិត និងសូមបងប្អូនដែលបានស្នាក់នៅរឺលេក្ស ហៀល រីសត ចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ មកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ សូមធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ និងត្រូវទៅធ្វើតេស្តយកវត្ថុសំណាក រកមេរោគកូវីដ១៩៕រក្សាសិទ្ធិដោយ៖CEN