ភ្នំពេញៈ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងលោក ចាន់ យ៉េត ពីសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានឋានៈស្មើទេសរដ្ឋមន្ត្រី។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។
ការបញ្ចប់បញ្ចប់មុខតំណែងលោក ចាន់ យ៉េត គឺតាមសេចក្តីក្រាបបង្គំថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា លោកចាន់ យ៉េត ជាប្រធាន គណបក្សនគរ ប្រជា ធិបតេយ្យ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានឋានៈស្មើទេសរដ្ឋមន្ត្រី។
បើតាមប្រភពបានបង្ហើបឲ្យដឹងថា លោកចាន់ យ៉េត និងសហការី មួយចំនួន មានការពាក់ព័ន្ធរឿង ដីធ្លីនៅខេត្តបន្ទាយមានជ័យ។ ហើយលោកចាន់ យ៉េត កាលពី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បាន ធ្វើលិខិតបំភ្លឺជូនទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពីបញ្ហាដីធ្លីនៅក្នុងមូលដ្ឋានបឹងជង្រុក និង ៦៧១ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។ លោកចាន់ យ៉េត ក៏បានប្រកាសដកខ្លួនចេញពីការពាក់ព័ន្ធលើករណីដីធ្លីនេះ៕
រក្សាសិទ្ធិដោយ៖CEN