Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ស្រុក​ឯក​ភ្នំ ស្ដារ​បឹង​បុរាណ​អាយុប្រមាណ​មួយ​ពាន់​ឆ្នាំ ដើម្បី​ស្ដុក​ទឹក​និង​រៀបចំ​ជា​កន្លែង​ទេសចរណ៍​

​បាត់ដំបង​ ៖ ​អាជ្ញាធរ​ស្រុក​ឯក​ភ្នំ បានធ្វើ​ការស្ដារ​បឹង​តា​គម មាន​អាយុកាល​ប្រមាណ​មួយ​ពាន់​ឆ្នាំមាន​ទីតាំងនៅ​ក្បែរ​ប្រាសាទឯកភ្នំ​ដែលមាន​សភាព​គោក​រាក់ មិនអាច​ស្តុក​ទឹកបាន​ច្រើន​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​និង​រៀបចំ​ឲ្យ​ក្លាយទៅជា​រមណីយដ្ឋាន​ទេសចរណ៍​។​

​លោក ម៉ឹ​ល សុផល អភិបាលស្រុក​ឯក​ភ្នំ បាន​មានប្រសាសន៍ប្រាប់​ឲ្យ​ដឹងថា​បន្ទាប់ពី​មានការ​អនុញ្ញាត​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បឹង​តា​គម​ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​តា​គម​ឃុំ​ពាម​ឯក​ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង ត្រូវបាន​ចាប់ផ្ដើម​ស្ដារ​នៅ​អំឡុង​ខែមិថុនា​ឆ្នាំ​២០២០ រហូតមកដល់​បច្ចុប្បន្ន​សម្រេច បាន​ប្រមាណ​ជាង​៧០​ភាគរយ​។ ការស្ដារ​ឡើងវិញ​នូវ​បឹង​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​ពលរ​ដ្ឋ​ក្នុង​តំបន់​នោះ ដែល​បាន​ផ្ដិតមេដៃ​ចំនួន​ជាង ២០០​គ្រួសារ ស្នើ​អាជ្ញាធរ​ស្រុក​និង​ខេត្ត​ឲ្យ​ជួយ​ស្ដារ ដើម្បី​ពួកគាត់​អាច​នាំយក​ទឹក​ពី​បឹង​នេះ ទៅ​ស្រោចស្រព​ដំណាំ​កសិកម្ម​ផ្សេងៗ និង​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​។ ការស្ដារ​បឹង​តា​គម​នេះ មិនបាន​ប្រើប្រាស់​ថវិកា​របស់​សាលាស្រុក​នោះទេ ខាង​ក្រុមហ៊ុន​កាយ​ដី​ជួយ​ស្ដារ ប៉ុន្តែ​អាចម៍ដី ត្រូវ​ឲ្យ​ទៅខាង​ក្រុមហ៊ុន​។ លោក​បានបញ្ជាក់​និង​ច្រានចោល​នូវ​សារព័ត៌មាន​មួយចំនួន ដែល​ផ្សព្វផ្សាយ​ព័ត​មាន​ចោទប្រកាន់ថា​លោក​យក​អាចម៍ដី​នេះ ទៅ​លក់​សម្រាប់​ប្រយោជន៍​ផ្ទាល់ខ្លួន ។ បឹង​តា​គម មាន​ផ្ទៃដី​ទំហំ​១០​ហិកតា ប៉ុន្តែ​ស្ដារ​ត្រឹម​៧​ហិកតា ជម្រៅ​៦​ម៉ែត្រ ដោយ​៣​ហិកតា​ទៀត ត្រូវបាន​ចាក់ដី​សម្រាប់ធ្វើ​បរិវេណ​ជុំវិញ ឲ្យ​បាន​ស្អាត ដើម្បី​ដាំ​ដើមឈើ​ផ្សេងៗ​។​

​អំឡុង​គ្រឿងចក្រ​កាយ​ស្ដារ​បឹង​តា​គម បាន​ប្រទះឃើញ​នូវ​ឆ្អឹង​សត្វ​ក្របី​ដ៏​ធំ ត្រូវបាន​អាជ្ញាធរ​ស្រុក​កប់​វិញ​នៅ​កណ្ដាល​បឹង និង​គម្រោង​ធ្វើ​ស្ពាន​នាគ ពី​មាត់បឹង​ឆ្ពោះទៅ​ផ្នូរ​សត្វ​ក្របី​នេះ​ផងដែរ​។​អាជ្ញាធរ​ស្រុក​ឯក​ភ្នំ ក្រៅពី​ស្ដារ​បឹង​តា​គម បាន​ស្ដារ​រួចរាល់​ផងដែរ​នូវ​ស្រះ​ទឹក​រលួស​ដែល​ស្ថិតក្នុង​ភូមិ​ឃុំ​ជាមួយគ្នានេះ​។​

​គួរ​បញ្ជាក់ថា​សម្រាប់​ស្រុក​ឯក​ភ្នំ​នេះ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម កំពុង​សាងសង់​នូវ​ទំនប់​ស្ទាក់​ទឹក​សាលា​តា​អន​ស្ថិតក្នុង​ឃុំ​ព្រែក​នរិន្ទ ដែល​សម្រេច​ជាង​៧០​ភាគរយ​។​ក្នុងស្រុក​ឯក​ភ្នំ​មួយ​នេះ ក៏​សម្បូរ​ផងដែរ​នូវ​តំបន់​ទេសចរណ៍​បែប​ប្រវត្តិសាស្ត្រ មាន​ប្រាសាទបុរាណ វត្ត​បុរាណ រួមទាំង​កន្លែង​ទេសចរណ៍​ដ៏​ទាក់ទាញ​ជាច្រើន​ទៀត​៕​ រក្សា​សិទ្ធិ ដោយ​៖​អ៊ុង​សា​រុំ​

×