Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិចូលទស្សនាខេត្តមណ្ឌលគិរី រយៈពេល​ ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន​​ បានកើនជាង ១៨​ភាគរយ (3 Video inside)

ខេត្តមណ្ឌលគិរី៖ មន្ត្រីមន្ទីរទេសចរណ៍ ខេត្តមណ្ឌលគីរី បង្ហាញមោទនៈភាព ដែលខេត្តនេះ ទទួលបាន​ភ្ញៀវទេស​ចរ​ជាតិ-អន្តរជាតិ ​ចូលទៅទស្សនា​ខេត្តនេះ នាឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម និងកូរ៉េ ឆ្នាំ២០១៨នេះ ​​មានការកើនឡើងគួរអោយកត់សម្គាល់ បើប្រៀប ធៀប​រយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។

ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានឲ្យដឹងថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យ​ចូល​ឆ្នាំប្រពៃណី ចិន-វៀតណាម និងកូរ៉េ ឆ្នាំ២០១៨​នេះ គឺខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរណ៍ មានចំនួន​សរុប ១៧.៣៧០នាក់ កើនឡើងចំនួន ១៨.០៣%។

លោក​ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានអះអាងកាលពីថ្ងៃទី១៨ ខែកុម្ភៈថា ការកើនឡើងចំនួន​ភ្ញៀវ​ទេសចរ​នេះ គឺដោយសារក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំប្រទេស​ឲ្យមាន​សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍​លើ​គ្រប់វិស័យ​ នៅទូទាំងប្រទេសកម្ពុជា ដែលនាំឲ្យ​ប្រជាជនមានជីវភាពធូរធា និង​មាន​លទ្ធភាព នាំក្រុមគ្រួសារដើរលេងកម្សាន្តនៅតាមទីកន្លែង ផ្សេងៗ នាឱកាសឈប់សំរាកពីការងារ ឬនៅពេល​មាន​បុណ្យជាតិផ្សេងៗ។ ម្យ៉ាង​ទៀត លោក ងិន សុវិមាន បញ្ជាក់ថា អាចដោយសារ​បច្ចុប្បន្នមានផ្លូវថ្នល់ល្អ ដែល​តភ្ជាប់ពីខេត្តមួយទៅខេត្តមួយ បង្កលក្ខណៈងាយស្រួល​ក្នុងការធ្វើដំណើរ ដល់ប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ ទើប​ខេត្តមួយចំនួន ទទួលបានភ្ញៀវទេសចរជាតិអន្តរជាតិកើនខ្ពស់ នៅក្នុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ក្នុងនោះ​ក៏មាន​ខេត្តមណ្ឌលគិរីផងដែរ។
លោកបន្តថា ពីមុនអ្នករស់នៅរាជធានីភ្នំពេញ ដែលមានបំណងធ្វើដំណើរមកកំសាន្តនៅមណ្ឌលគិរី គឺពួកគាត់ ត្រូវ​ប្រើ​ពេលវេលាយ៉ាងតិច ក៏ចាប់ពី ២ ទៅ ៣ថ្ងៃដែរទើបមកដល់ ប៉ុន្តែ​បច្ចុប្បន្ននេះ ពួកគាត់ជិះ​រថយន្តត្រឹម ចាប់​ពី ៤ទៅ ៥ម៉ោងតែប៉ុណ្ណុះ។

មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានបង្ហាញថា ខេត្តនេះ មានតំបន់រមណីយដ្ឋានទេសចរ​សំខាន់ៗចំនួន ១៧​កន្លែង ដែលមានផ្លូវធ្វើដំណើរចេញចូលអាចឲ្យ​យានយន្តដឹក​​ភ្ញៀវទេសចរ​អាចបើកបរចេញ​ចូលទៅ​ដល់​គោល​ដៅ​ទេសចរណ៍ទាំងនោះ និងមាន ៣កន្លែងផ្សេងទៀត នៅពុំទាន់មានផ្លូវចេញចូលដល់គោលដៅនៅឡើយ ដោយ​អាជ្ញាធរក៏ដូចមន្ទីរជំនាញ​កំពុងធ្វើការ​សិក្សា និង​ឈានទៅស្ថាបនាផ្លូវចេញ​ចូលនៅពេលដ៏ឆាប់​ខាងមុខ​នេះ​។

​របាយការណ៍ដដែល ក៏បានឲ្យដឹងដែរថា ​ខេត្តមណ្ឌលគិរី មានសណ្ឋាគារ និងផ្ទះសំណាក់ សរុបមានចំនួន ១.១៥១បន្ទប់​ និងភោជដ្ឋានជាច្រើនកន្លែងផងដែរ។ ហើយថា ខេត្តនេះ នៅពេលដល់រដូវ​មានបុណ្យទាន​ធំៗ​ចូល​មកដល់​ គឺសេវាស្នាក់នៅនាខេត្តមណ្ឌលគិរី មិនមានប្រតិបត្តិករបំរើសេវាកម្មស្នាក់នៅខាងលើ តម្លើង​តម្លៃ​សេវាផ្ទះ​សំណាក់ ឬ ថ្លៃម្ហូបអាហារនោះទេ។ ប៉ុន្តែខេត្តនេះប្រឈម​ការខ្វះកន្លែងស្នាក់នៅ ​ព្រោះបន្ទប់ សណ្ឋាគា រ និងផ្ទះសំណាក់​នៅមានចំនួនតិច មិនទាន់ឆ្លើយតបទៅ​តម្រូវការ នៃចំនួនភ្ញៀវទេសចរ​ ជាតិ-អន្តរ ជាតិ ដែលចូល​ទៅកម្សាន្តនាឱកាសមាន​ពិធីបុណ្យ​ធំៗនៅឡើយទេ​ ដូចជា​៖ បុណ្យឆ្លងឆ្នាំសកល បុណ្យចូលឆ្នាំ និងបុណ្យអ៊ុទូ​ជា​ដើម។ល។

យ៉ាងណាក៏ដោយចុះ ខេត្តមណ្ឌលគិរី នាឱកាសពិធី​បុណ្យចូលឆ្នាំចិន-វៀតណាម និងកូរ៉េ ឆ្នាំ២០១៨នេះ គឺ​ទទួលបានភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ មានចំនួនសរុប ១៧.៣៧០នាក់ គឺកើនឡើង ១៨.០៣ភាគរយ បើ​ប្រៀបធៀប​ពេលវេលាដូចគ្នា ឆ្នាំ២០១៧កន្លងទៅ​។ ដោយ​ឡែក ចំពោះ​បញ្ហាសន្តិសុខសណ្តាប់ធ្នាប់វិញ បុណ្យចូលឆ្នាំចិនឆ្នាំនេះ គឺមានសណ្តាប់ធ្នាប់ និងសន្តិសុខល្អ ព្រោះ​សមត្ថកិច្ចជំនាញគ្រប់ស្ថាប័ននា​មូលដ្ឋាននេះ ពិសេសកម្លាំងនគរបាលចរាចរណ៍ជើងគោក និង​កម្លាំង​ប្រជា​ការពារ បានជួយសម្រួលការងារនេះដោយការទទួលខុសត្រូវខ្ពស់។

ងាកមក អ្នកស្រី ហៀប សោភា អាជីវករលក់វត្ថុអនុស្សាវរីយ៍រួមមាន៖ ក្រម៉ា កន្សែង ខោ អាវ នៅរមណីយ​ដ្ឋាន​ទឹកធ្លាក់ប៊ូស្រា ខេត្តមណ្ឌលគិរី បានរៀបរាប់ថា ការលក់ដូររយៈពេល ៣ថ្ងៃ ក្នុងអំឡុងចូលឆ្នាំចិន-វៀត​ណាម ចាប់ពីថ្ងៃទី១៥-១៦ ដល់ថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០១៨​ គឺមានភ្ញៀវមករកទិញច្រើនជាងថ្ងៃធម្មតា ដោយ​ក្នុង​មួយថ្ងៃៗ លក់បានចំណូលប្រមាណចាប់ពី ៣០ម៉ឺនរៀល ទៅ ៤០​ម៉ឺន​រៀល។ អ្នកស្រី សោភា បន្ថែមថា នារដូវបុណ្យចូលឆ្នាំចិន និងវៀតណាម ឆ្នាំ២០១៨ នេះ មានភ្ញៀវទេសចរ​ចូល​មក​កម្សាន្តនៅតំបន់ទឹកធ្លាក់ប៊ូស្រាមានចំនួនច្រើនជាងឆ្នាំមុនៗ ហើយអ្នកស្រី បានលក់សម្ភារៈប្រើ​ប្រាស់ផ្សេងៗ ទទួលបានថវិកាច្រើនជាងឆ្នាំមុនៗដេរ ព្រោះមានមនុស្សចេញចូលច្រើន។

ងាកទៅ ភ្ញៀវទេសចរ​ម្នាក់ទៀត ដែលធ្វើដំណើរមកពីខេត្តព្រៃវែង ឈ្មោះ លោក មុល តារា ក៏បានអោយដឹងដែរ​ថា ពួកគាត់ធ្វើដំណើរបាននាំក្រុមគ្រួសារចូល​មកកម្សាន្តខេត្តមណ្ឌលគិរីពេលនេះ គឺជាលើកទី១ហើយៗថា ក្រោយ​ពេល​នាំក្រុមគ្រួសារមកកម្សាន្តខេត្តមណ្ឌលគិរីរួចហើយ នឹងបន្តធ្វើដំណើរ​ទៅ​កម្សាន្ត​ខេត្តរតនគិរីជា​បន្ត​ទៀត។ ភ្ញៀវទេសចរជាតិរូបនេះ ទទួលស្គាល់ថា ខេត្តមណ្ឌលគិរី ពិតជាមានទេសភាពល្អ ហើយនៅ​ពេលរូបគាត់ ក៏​ដូច​ជាក្រុមគ្រួសារទាំងអស់ ដែលបានចូលមកដល់ទឹកដីខេត្តមណ្ឌលគិរី គឺទទួលបាន​អារម្មណ៍​ស្រស់​ស្រាយ​សប្បាយ​ខ្លាំងមែនទែន ដោយបានគយគន់ទេសភាពល្អៗ ដ៏សំបូរបែបនៅខេត្តមណ្ឌលគិរី ជា ពិសេស​អាកាស​ធាតុ​ត្រជាក់ ដែលជាការទាក់ទាញអារម្មណ៍ពួកគេ មិនចង់ឲ្យទៅវិញស្រុកទេសវិញនោះទេ។

ភ្ញៀវ​ទេសចរ​ជាតិភាគច្រើន ដែលចូលទៅដល់ខេត្តមណ្ឌលគិរី បានអះអាងថា ​ទីតាំង​រម្មណីយដ្ឋាននានា ដែល​មាន​នៅមូលដ្ឋាននេះ គឺ​អាជ្ញាធរ និងផ្នែកពាក់ព័ន្ធ​ បានសហការស្ថាបនាអភិវឌ្ឍរៀបចំមានរបៀបរៀបរយ មាន​សោភណ្ឌភាព និងមាន​អនាម័យល្អ ពិសេសរមណីដ្ឋានទឹកធ្លាក់ប៊ូស្រាតែម្តង៕ ដោយ៖ សមុទ្រឈើ

×