ហុងកុងបានបញ្ជាទិញវ៉ាក់សាំង COVID-19 ចំនួន ១៥ លានដូស ដែលការបញ្ជាទិញត្រូវបានបែងចែកជាពីរ គឺវ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិន និងវ៉ាក់សាំង Pfizer-BioNTech ដោយប្រជាជននៅហុងកុងនឹងត្រូវ បានចាក់វ៉ាក់សាំងពីរដងក្នុងមនុស្សម្នាក់។ នេះបើយោងតាមមេដឹកនាំហុងកុង លោកស្រី Carrie Lam។
វ៉ាក់សាំងដំបូងចំនួន ១ លានដូស នឹងដឹកពីប្រទេសចិននៅខែមករា ខណៈមួយលានដូសទៀតនឹងយកពី Pfizer-BioNTech ដែលគ្រោងនឹងធ្វើនៅត្រីមាសទី ១ ឆ្នាំក្រោយ។
រដ្ឋាភិបាលមានគោលបំណងទទួលយកវ៉ាក់សាំងចំនួនសរុប ៣០ លានដូស ខណៈមនុស្សម្នាក់ៗត្រូវការចាក់វ៉ាក់សាំងចំនួន ២ ដង ដើម្បីចាក់វ៉ាក់សាំងពេញលេញ ហើយកំពុងពិភាក្សាទិញវ៉ាក់សាំង Oxford-AstraZeneca ផងដែរ ដោយរំពឹងថានឹងមកដល់នៅចុងឆ្នាំ២០២១។
លោកស្រី Lam បានមានប្រសាសន៍ថា អាទិភាពនឹងត្រូវបានផ្តល់ដល់មនុស្សវ័យចំណាស់និងក្រុមងាយរងគ្រោះដទៃទៀត។ អតីតទីក្រុងស្ថិតក្រោមអាណានិគមអង់គ្លេសមួយនេះ បានបញ្ចៀសពីការរីករាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ១៩ ដែលត្រូវបានគេមើលឃើញនៅក្នុងទីក្រុងធំៗផ្សេងទៀតនៅជុំវិញពិភពកំពុងរងគ្រោះធ្ងន់ធ្ងរ។ ទីក្រុងហុងកុងរាយការណ៍ពីករណីកូវីដចំនួន ៧,៣០០ចាប់តាំងពីខែមករាឆ្នាំ ២០២០ ដោយមានអ្នកស្លាប់ចំនួន ១១៤ នាក់៕ ប្រភព៖ Reuters