ស្ទឹងត្រែង ៖ ប៉ាស៊ីអ៊ីគឺជាឈ្មោះត្រីមួយប្រភេទដ៏កម្រ ដែលរស់នៅក្នុងខេត្តស្ទឹងត្រែង ជាប់និងប្រទេសឡាវ ល្បីថា មានរសជាតិឆ្ងាញ់លើសគេ ក្នុងចំណោមត្រីទឹកសាបដទៃទៀត បើសិនជាយើងបានទទួលទាន។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ គេនៅតែមានចម្ងល់ថាត្រីប៉ាសុីអុ ីវារស់នៅ ឬបង្កកំណើតបែបណាតាមធម្មជាតិ។ នៅពេលថ្មីៗនេះ មន្ត្រីជំនាញបានបញ្ជាក់ប្រាប់ថា ការរស់នៅនិងបន្តពូជបម្លាស់ទីត្រីប៉ាស៊ីអុ ីមានពីររដូវកាល។
លោកទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានរៀបរាប់ថា ការរស់នៅពពួកត្រីប៉ាស៊ីអុ ីមានពីរដូវកាល គឺរដូវវស្សាខែមេសា ឧសភា និងរដូវទឹកស្រក ចុងខែតុលា វិច្ឆិកា ធ្នូ។
នៅដើមរដូវវស្សាត្រីប៉ាសុីអុ ីនិងប្រភេទត្រីដទៃទៀត បានបន្លាស់ទីផ្នែកខាងក្រោម នៃដងទន្លេមេគង្គឆ្លងកាត់ក្រុងស្ទឹងត្រែង ទៅរស់នៅតំបន់ខាងលើនៃដងទន្លេមេគង្គ សេសាន សេកុង និងទន្លេស្រែពក។
បើនិយាយពីការនៅរបស់ត្រីប៉ាសុីអុ ីចូលចិត្តនៅតំបន់ស្រទាប់បាតក្រោមជ្រៅសំបូរថ្ម ទឹកជួរហូរខ្លាំង និងស៊ីស្លែថ្មប្លង់តុងជាអាហារ។ រីឯការបង្ករកំណើត ប្រព្រឹត្តទៅដោយពងដូចត្រីដទៃទៀតដែរ គ្រាន់តែពេលវាពង គឺចំពេលទឹកឡើងខ្លាំង ហើយវារស់នៅតំបន់ជ្រៅទឹកហូរ ទើបគេមិនអាចនេសាទបាន មិនមានសំណាងឃើញពងរបស់វាឡើយ។
ត្រីទឹកសាប នៅតាមដងទន្លេបង្កកំណើតពីរប្រភេទ គឺពងតោងនិងពងបណ្ដែត។ ចំពោះត្រីដែលពងតោងវាជាប់ទៅនឹងឫសឈើ ស្លឹកឈើនៅតាមអន្លង់បាតទន្លេ។ មួយប្រភេទទៀត ពងបណ្តែតតាមទឹក បង្កកំណើតភ្ញាស់ជាកូន។
ត្រីដទៃទៀតបានចាប់ផ្ដើមពងកូននៅក្នុងរដូវវស្សា។ លុះពេលដល់រដូវទឹកសម្រក ក្នុងខែតុលា វិច្ឆិកា និងធ្នូ បានផ្លាស់ទីមកកាន់ផ្នែកខាងក្រោម នៃទន្លេមេគង្គវិញ។ ជាមួយនោះគេប្រទះឃើញអ្នកនេសាទ បានត្រីប៉ាស៊ីអុ ីមានទំហំធំខុសពីរដូវវស្សា ដែលមានទំហំតូច។
ចំពោះតម្លៃនៅលើទីផ្សារក្នុងខែធ្នូនេះ ត្រីប៉ាសុីអុីមានទំហំប៉ុនកដៃក្មេង តម្លៃ 10 ដុល្លារ។ ចាប់ពីប្រាំបីខាំទៅ 1 គីឡូ តម្លៃ 20 ដុល្លារ ទៅ 30 ដុល្លារ ក្នុងមួយគីឡូក្រាម។ ចាប់ពី 1 គីឡូ 2 ខាំឡើង លក់ក្នុងតម្លៃ 40 ដុល្លារទៅ 50ដុល្លារ។ ត្រីដែលមានទម្ងន់ចាប់ពីពីរគីឡូក្រាមឡើង លក់ក្នុងតម្លៃមិនក្រោម 30 ម៉ឺនរៀល ក្នុងមួយគីឡូ។
មន្ត្រីជំនាញជលផលមានការបារម្ភថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនត្រីប៉ាសុីអុីកាន់តែថយចុះ ពីមួយឆ្នាំទៅមួយឆ្នាំតាមរយៈការចាប់នេសាទ មានចំនួនកើនឡើង។ គាត់សម្គាល់ថា ពីរឆ្នាំមកនេះទឹកទន្លេប្រែប្រួល គឺមិនហក់ឡើងប្រៀបជ្រាំងដូចឆ្នាំមុនទៀតឡើយនេះ គឺជាការព្រួយបារម្ភមួយ ចំពោះកត្តាធម្មជាតិ។ កត្តាផ្សេងទៀត គឺកត្តាចរាចរណ៍របស់ត្រីប្រព្រឹត្តទៅ ដោយតាមធម្មជាតិ ត្រូវបានកាត់ផ្ដាច់ផ្លូវទឹកដោយសារតែ ការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង នៅក្នុងប្រទេសឡាវ ក្បែរតំបន់ព្រំដែនប្រទេសកម្ពុជា និងការរាំងខ្ទុបសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ បិទទន្លេសេសាន និងទន្លេស្រែពក។
ដោះស្រាយបញ្ហានេះមន្ត្រីជំនាញ បានលើកឡើងទៀតថា មានស្ថានីយមួយកំពុងតែរៀបចំសាងសង់ ដើម្បីបង្កាត់ប្រភេទត្រីកម្រទឹកសាប នៅក្នុងខេត្តស្ទឹងត្រែង កំពុងដំណើរការសព្វថ្ងៃនេះ៕ រក្សាសិទ្ធិដោយ៖សំណាង