Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគមន៍ព្រៃឈើក្រញូង កំពុងរងការកាប់បំផ្លាញ ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ នៅក្នុងស្រុកថាឡាបរិវ៉ាត់

ស្ទឹងត្រែង ៖ ឈើក្រញូងដ៏កម្រ ដែលនៅសេសសល់ ត្រូវបានការពារដោយសហគមន៍ ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កំពុងរងការទន្ទ្រាន កាប់បំផ្លាញធ្វើជាកម្មសិទ្ធិ ពីសំណាក់ឈ្មួញ។
ប្រជាពលរដ្ឋនៅតំបន់នោះ បារម្ភថា បើសិនជាគ្មានការចូលរួម ពីសមត្ថកិច្ចពាក់ព័ន្ធឲ្យបានតឹងរ៉ឹងនោះទេ ព្រៃសហគមន៍មួយនេះ នឹងបាត់ឈ្មោះក្នុងពេលឆាប់ៗខាងមុខនេះ។

លោក ព្រះ ហែម មេឃុំចំការលើ បានប្រាប់ឲ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សហគមន៍ព្រៃឈើក្រញូងចេះ តែរេចរឹលទៅៗ ដោយសារប្រធានសហគមន៍នេះ មិនសូវយកចិត្តទុកដាក់លើសហគមន៍ព្រៃឈើក្រញូងឡើយ។

សព្វថ្ងៃនេះ មានអ្នកទន្ទ្រានយកដីព្រៃ ធ្វើជាកម្មសិទ្ធិយកម្ដងបន្តិចៗ នៅតំបន់ព្រៃការពារសហគមន៍ឈើក្រញូងនោះ។

តាមការប៉ាន់ស្មានថា ព្រៃសហគមន៍ឈើក្រញូង មានទំហំផ្ទៃដីសរុប ៩៨៥ ហិកតា ដែលបានចុះបញ្ជីនៅក្រសួងកសិកម្ម។ ឥឡូវនេះ នៅសល់ប្រមាណជាង៥០ហិកតាប៉ុណ្ណោះ ។

លោក ព្រះ ហែម មេឃុំចំការលើ បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន ធ្លាប់បង្រ្កាបក្រុមអនាធិបតេយ្យ ម្ដងហើយកន្លងមក។
ពេលនោះ កម្លាំងសហគមន៍ព្រៃឈើក្រញូង សហការជាមួយនគរបាលប៉ុស្តិ៍ ធ្វើការឃាត់ខ្លួនជនល្មើសរួម និងវត្ថុតាងម៉ាស៊ីនត្រង់ស៊ីន័រ ប្រមាណ១០គ្រឿង បានប្រគល់ទៅឲ្យខាងរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង និងអ្នកពាក់ព័ន្ធចំនួន៣នាក់ ត្រូវបានអាជ្ញាធរយកទៅដាក់ពន្ធនាគារ។

សូមបញ្ជាក់ថា សហគមន៍ព្រៃឈើក្រញូង មានផ្ទៃដីសរុបចំនួន ៩៨៥ ហិកតាស្ថិតនៅភូមិ-ឃុំចំកាលើ ស្រុកថាឡាបរិវ៉ាត់ ។
ដំបូងឡើយ សហគមន៍ឈើក្រញូងនេះ រៀបចំគម្រោងការពារដោយមាន ការសម្របសម្រួលពីរដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត់ និងអង្គការ រី ឃូស, សហគមន៍ព្រៃឈើក្រញូង ទទួលបានប្រកាសពីក្រសួងកសិកម្ម និងនេសាទ តាមប្រកាសលេខ ០៦៩ ប្រក.កសក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ និងមានកិច្ចព្រមព្រៀង ជាមួយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ។ ខណ្ឌរដ្ឋបាលព្រៃឈើ ក៏បានចុះហត្ថលេខា លើផែនការគ្រប់គ្រងព្រៃសហគមន៍។
ចាប់តាំងពីបង្កើតសហគមន៍មួយនេះមក អ្នកការពារមិនបានទប់ស្កាត់ ជាប់នោះទេ។ បច្ចុប្បន្ននេះ ព្រៃឈើក្រញូងកំពុងប្រឈម និងក្រុមឈ្មួញកាប់រុករានទន្រ្ទានយកឈើ និងពុះដីជាកង់បែងចែកជាឡូត៍ លក់ជាច្រើនឆ្នាំបន្តបន្ទាប់មក។ អាជ្ញាធរមូលដ្ឋានស្រុក និងរដ្ឋបាលព្រៃឈើស្រុក និងខេត្ត បង្រ្កាបទប់ស្កាត់ដែរ តែពុំមានប្រសិទ្ធភាពឡើយ៕ រក្សាសិទ្ធិដោយ៖សំ.ណាង

×