Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ​បញ្ចប់​មុខតំណែង​ព្រះអង្គម្ចាស់​នរោត្តម ច​ក្រា​វុ​ឌ្ឍ និង​លោក​ពេជ្រ សូ​ជេ​ថ្ថា ពី​សមាសភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​

​ភ្នំពេញ៖ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​បញ្ចប់​មុខតំណែង​ព្រះអង្គម្ចាស់​នរោត្តម ច​ក្រា​វុ​ឌ្ឍ ព្រះប្រធាន​ស្តីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ពី​សមាសភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​។ លោក​ពេជ្រ សូ​ជេ​ថ្ថា ពី​សមាសភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី និង​លោក​រស់ សា​ផន ពី​មន្ត្រី​តំណាង​ក្នុង​កេ​ខា​ធិ​ការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ ដែល​ទើបតែ​ទទួលបាន​នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​នេះ​។​

​ជាមួយគ្នានេះ ព្រះមហាក្សត្រ​បានតែងតាំង​និង​ផ្ដល់​ឋានៈ​ដល់​សមាសភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ចំនួន​ពីររូប និង​មន្ត្រី​តំណាង​ក្នុង​លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ចំនួន ១​រូប រួមមាន៖

១. លោក ហេង ចាន់ថា ជា​សមាសភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ។ ២. លោក អាំង សំបូរ ជា​សមាសភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ។ ៣. លោក ឯម​ឃិន វរៈ មន្ត្រី​តំណាង​ក្នុង​លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​។​

ការបញ្ចប់​តំណែង​នេះ បានធ្វើ​ឡើង​បន្ទាប់ពី​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ បានធ្វើ​លិខិត​ទូលថ្វាយ​ព្រះមហាក្សត្រ​បញ្ចប់​មុខតំណែង​សមាសភាព​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក្នុង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ចំនួន​បី​រូប និង​តែងតាំង​ផ្តល់​ឋានៈ​ចំនួន​បី​រូប​ជំនួស​វិញ​។ ការស្នើ​បញ្ចប់​តំណែង​នេះ បានធ្វើ​ឡើង​តាម​សំណើ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​
សូមជម្រាបថា សម្តេចក្រុមព្រះ នរោត្តម រណ​ឫទ្ធ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានតែងតាំង​ព្រះអង្គម្ចាស់​នរោត្តម ច​ក្រា​វុ​ឌ្ឍ ព្រះប្រធាន​ស្តីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨​។ ចំណែក​លោក​លោក​ពេជ្រ សូ​ជេ​ថ្ថា និង​លោក​រស់ សា​ផន ត្រូវបាន​បញ្ចប់​សមាជិក​ភាព​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នា​២០១៩៕​ រក្សាសិទ្ធិដោយ ៖ CEN

 

spot_img
×