ភ្នំពេញ៖ នារីម្នាក់កំពុងឈប់ម៉ូតូចុចទូរស័ព្ទផ្ញើរីផតទៅក្រុមការងារ ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងមកពីក្រោយបានឆក់យកទូរស័ព្ទបានសម្រេច ហើយគេចខ្លួនបាត់បង្កការភ្ញាក់ផ្អើល នៅផ្លូវបេតុងក្រោយវត្តអង្គតាមិញ ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ តែដោយសារ location នៅលោតជនរងគ្រោះក៏ប្តឹងសមត្ថកិច្ចតាមស្រាវជ្រាវបន្ត កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រូបគាត់បានឈប់ម៉ូតូនៅចិញ្ចើមផ្លូវ ដើម្បីផ្ញើរីផតចូលគ្រុបការងារភ្លាមៗ ស្រាប់តែភ្លាមនោះ មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមិនចាំម៉ាកមួយគ្រឿងមកពីក្រោយ ឆក់យកទូរស័ព្ទរបស់គាត់ បានសម្រេចរួចបន្ថែមល្បឿនម៉ូតូ គេចខ្លួនបាត់ស្រមោល។
ភ្លាមនោះជនរងគ្រោះក៏ប្តឹងសមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវតាម location រហូតមកដល់ព្រំប្រទល់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ទើបសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ សហការជាមួយសមត្ថកិច្ចខណ្ឌសែនសុខ តាមរកមុខសញ្ញាដើម្បីស្រាវជ្រាវបន្ត។
នារីរងគ្រោះបានបញ្ជាក់ថា ទូរស័ព្ទដែលជនសង្ស័យឆក់យកទៅនោះម៉ាកសាំសុង។
ដោយសារតែរង់ចាំកម្លាំងប៉ុស្តិ៍អូរបែកក្អមយូរពេក កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក៏មិនហ៊ានចូល ហើយជនសង្ស័យក៏បិទ location លែងដំណើរការទៅ។ ក្រោយមកសមត្ថកិច្ចបានត្រឹមនាំជនរងគ្រោះ ទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍ចោមចៅទី១ ៕រក្សាសិទ្ធិដោយ៖មីដាផាន់ណា