ភ្នំពេញ ៖ រថយន្តដឹកស៊ីម៉ងត៍ក្រុមហ៊ុនCIMC បើកលឿនវ៉ាជែងតែមានឧបសគ្គខាងមុខ គេចជ្រុលធ្លាក់ប្រឡាយទឹកស្អុយ សំណាងមិនមានមនុស្សរងរបួស។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តធុនធំដឹកស៊ីម៉ងត៍របស់ក្រុមហ៊ុនCIMC ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ4A- 8807 បើកបរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានវ៉ាជែងរថយន្តធុនធំខាងមុខ តែដោយមានរថយន្តនិងម៉ូតូមកខាងមុខ ទើបគេចជ្រុលធ្លាក់ប្រឡាយទឹកស្អុយ សំណាងមិនមានមនុស្សរងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ ចំណុចកើតហេតុដោយសារតែមិនមានមនុស្សរងរបួស និងទ្រព្យសម្បត្តិអ្នកដទៃទើបប្រគល់ទៅម្ចាស់ស្ទូចទៅជួសជុលខ្លួនឯង៕រក្សាសិទ្ធិដោយ៖មីដា ផាន់ណា