Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តតាកែវ ផលិត​ពង​ទា​កូន​ធំជាងគេ ក្នុងការ​ផ្គត់ផ្គង់​ទៅកាន់​ទីផ្សារ ទូទាំងប្រទេស​, បរិភោគ​ពង​ទា​កូន​ត្រូវ​នឹក​ដល់​ឃុំ​ស្រែ​រនោង​

​តាកែវ​៖ ​ឯកឧត្តម​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បាន​សារ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​កថា ខេត្តតាកែវ ជា​ខេត្ត​មួយ​ផលិត​ពង​ទា​កូន​ធំជាងគេ ក្នុងការ​ផ្គត់ផ្គង់​ទៅកាន់​ទីផ្សារ​រាជធានី​/​ខេត្ត ទូទាំងប្រទេស ។​

​យោងតាម​របាយការណ៍​ពិស្តារ​របស់​មន្ទីរ កាលពី​ថ្ងៃទី​១៨ ខែធ្នូ បាន​ឲ្យ​ដឹងថា​ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ ខេត្តតាកែវ គឺជា​ឃុំ​មួយ​មាន​បងប្អូន​ប្រជាកសិករ​ជាច្រើន​គ្រួសារនិយម​ចូលចិត្ត​ចិញ្ចឹម​ទា និង​ភ្ញាស់ពងទា ជា​លក្ខណៈ​ប្រពៃណី​តៗ​គ្នា​មក ដោយ​ចាត់ទុកថា​អាចជួយ​បង្កើន​ប្រាក់ចំណូល ក្នុង​ជីវភាព​គ្រួសារ​របស់​ពួកគាត់​បាន​យ៉ាង​ល្អប្រសើរ​។

​លោក សូត សុផល និង​ភរិយា នូ សាវឿន មានកូន​ប្រុស ០៣​នាក់ រស់នៅ​ភូមិ​សាមគ្គី ឃុំ​ស្រែ​រនោង​បាន​ឲ្យ​ដឹងថា​៖ គ្រួសារ​លោក​បានចាប់ផ្តើម​ប្រកប​របរ​ទិញ​លក់​ពង​ទា និង​កូន​ទា​នៅ​ឆ្នាំ​២០០៣ ដោយ​រដូវវស្សា​ដឹក​កូន​ទាល​ក់ នៅ​រដូវប្រាំង​ស៊ីឈ្នួល​ដឹក​ពង​ទា អាច​រកចំណូលបាន​ត្រឹមតែ ៥០០ ០០០-៦០០ ០០០​រ​/​ខែ​។ ឆ្នាំ​២០០៧ លោក​ចាប់ផ្តើម​បង្កើត​ឡ​ភ្ញាស់​អង្កាម​ចំនួន​១ អាចដាក់​ពង​ភ្ញាស់​បាន​ចំនួន​១ ២០០​គ្រាប់ ក្នុង​រយៈពេល ៤​ថ្ងៃ ហើយ​ទទួលបាន​ចំណូល ២ ០០០ ០០០-៣ ០០០ ០០០​រ​/​ខែ​។ ដោយ​ពិនិត្យឃើញថា​របរ​នេះ​មាន​ចំណូល​ខ្ពស់ និង​មាន​ទីផ្សារ​ច្រើន ពិសេស​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ គ្រួសារ​លោក​បាន​បង្កើន​ការ​ភ្ញាស់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ រហូតដល់​ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជា មួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បាន​បើ​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ចិញ្ចឹម​ទា យក​ពង និង​វិធីសាស្ត្រ​ភ្ញាស់ពងទា​ដោយ​ប្រើ​ភ្លើងអគ្គិសនី​។

​ទទួលបាន​បទពិសោធ​ន៍ លោក​ចាប់ ផ្តើម​ប្រើឡ​ភ្ញាស់ពងទា​ដោយ​ប្រើ​អគ្គិសនី ដែល​អាចដាក់​ពង​ទា​ភ្ញាស់​បាន​ចំនួន ៩ ០០០ គ្រាប់ ក្នុង​រយ​:​ពេល ៤​ថ្ងៃ​។ ពីមួយ​ជំហាន​ទៅមួយ​ជំហាន ភាពជោគជ័យ​កាន់តែ​ល្អប្រសើរ​ឡើង រហូតមកទល់​បច្ចុប្បន្ន លោក​មាន​ឡ​ភ្ញាស់ពងទា​ចំនួន​២ ដែល​អាចដាក់​ពង​ភ្ញាស់​បាន​ចំនួន ៣០០ ០០០​គ្រាប់​/​ខែ​។ គាត់​អាច​លក់​ផលិតផល​ចេញ​ជា ៣​ប្រភេទ ៖
– ពង​ទា ៦០ ០០០​គ្រាប់​/​ខែ (៥០០-៥៥០​រៀល​/​គ្រាប់​) = ៣១ ៥០០ ០០០​រៀល​។​
– ពង​ទា​កូន ៧៥ ០០០​គ្រាប់​/​ខែ (៥០០-៦០០​រៀល​/​គ្រាប់​) = ៤១ ២៥០ ០០០​រៀល​។​
– កូន​ទា ១២ ០០០-១៥ ០០០​ក្បាល​/​ខែ​(១៨០០-២០០០​រៀល​/​ក្បាល​)= ២៥ ៦៥០ ០០០​រៀល​។​

​ចំណូល​ដែល​ទទួលបាន​ពី​អាជីវ​កម្មនេះ​ប្រមាណ ៩ ០០០ ០០០-១២ ០០០ ០០០​រៀល​/​ខែ​។ លោក​បាន​បញ្ចាក់​បន្ថែម​ថា ក្នុង​បរិបទ​នៃ​ការ​រាលដាល​ជាស​កល​ជំងឺឆ្លង​កូ​វីដ​-១៩ នេះ​មាន​អ្នកភូមិ​ជាច្រើន​មិនបាន​ទៅរក​ការងារ​ខាងក្រៅ ហើយ​ងាក​មក​ចាប់យក​របរ​ចិញ្ចឹម​ទា​វិញ​។ ដូចនេះ វា​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​គាត់​ធ្វើការ​ពង្រីក​អាជីវកម្ម​នេះ​បន្ថែមទៀត ដោយ​ជ្រើស​រើសយក​អ្នកភូមិ​ដែល​គ្មាន​ការងារ​ធ្វើ​មក​ចូលរួម​ធ្វើការ​ជាមួយ​លោក​។ ដោយសារ​មាន​ពលកម្ម​គ្រប់គ្រាន់ សព្វថ្ងៃ​គាត់​អាច​លក់​ពង​ទា​កូន​បាន​ចំនួន ៨០ ០០០-១០០ ០០០​គ្រាប់​/​ថ្ងៃ ទីផ្សារ​ធំ​បំផុត​គឺ​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​នៅ​ទូទាំង​ឃុំ មាន​ឡ​ភ្ញាស់ពងទា​កូន​ចំនួន​២៧ និង​មាន​អ្នក​ចិញ្ចឹម​ទា​ហ្វូង​ចំនួន ៥៦​គ្រូ​សារ ក្នុងនោះ​មាន​ឡ​ភ្ញាស់​ដោយ​ប្រើ​អង្កាម​ចំនួន​១២ និង​ឡ​ភ្ញាស់​ដោយ​ប្រើ​ចរន្ត​អគ្គីសនី​ចំនួន​១៥ ហើយ​ពួកគាត់​ក៏បាន​ចងក្រង​ជា​សមាគម​អាជីវកម្ម​ភ្ញាស់ពងទា​កូន​ស្រែ​រនោង រួចហើយ​ដែរ​។ សព្វថ្ងៃនេះ​គិត​ជា​មធ្យម​ឃុំ​ស្រែ​រនោង​ទាំងមូល អាច​ផ្គត់ផ្គង់​ពង​ទា​កូន​ឲ្យ​ទីផ្សារ​បាន​ចំនួន ២០០ ០០០​គ្រាប់​/​ថ្ងៃ (​ជ្រក​ក្រោម​ម្លប់ឈើ​ត្រូវ​នឹក​ដល់​អ្នក​ដាំ ផឹកទឹក​អណ្តូង​ត្រូវ​នឹក​ដល់​អ្នក​ជីក បរិភោគ​ពង​ទា​កូន​ត្រូវ​នឹក​ដល់​ឃុំ​ស្រែ​រនោង​)៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×