Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋលេខាធិការ សំហេង បូរ៉ា បានរំលេចអំពីយុទ្ធសាស្រ្តជំរុញការនាំចេញនិងបង្កើនភាពប្រកួតប្រជែងពាណិជ្ជកម្មរបស់កម្ពុជា ព្រមទាំងតួនាទីដ៏សំខាន់របស់វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា និងចក្រភពអង់គ្លេស

សិង្ហបុរី៖ នារសៀលថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាល Eden Hall នៃនិវេសនដ្ឋានរបស់ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំប្រទេសសិង្ហបុរី ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាស្ដីពីកាលានុវត្តភាពពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជា-ចក្រភពអង់គ្លេស ក្រោមអធិបតីភាពរបស់ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Rihannon Harries ស្នងការរងទទួលបន្ទុកកិច្ចការពាណិជ្ជកម្មចក្រភពអង់គ្លេសប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងមានតំណាងចូលរួមជាច្រើននាក់ពីបណ្ដាក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា រួមមាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គណៈកម្មាធិការវិនិយោគ, ក្រសួងសាធារណៈការនិងដឹកជញ្ជូន, និងវិស័យឯកជនផងដែរ។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចក្រភពអង់គ្លេស និងកម្ពុជា ព្រមទាំងប្រមូលផ្ដុំតំណាងមកពីក្រសួង ស្ថាប័ននានារបស់កម្ពុជា ស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ វិនិយោគិនដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងសិង្ហបុរី រួមទាំងតំណាងវិស័យឯកជនកម្ពុជាសំខាន់ៗ ដើម្បីស្វែងយល់ពីកិច្ចសហការជាក់ស្ដែងក្នុងការគាំទ្ររបៀបវារៈកំណើនប្រកបដោយចីរភាពរបស់កម្ពុជា។

នាឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានរំលេចអំពីយុទ្ធសាស្រ្តជំរុញការនាំចេញនិងបង្កើនភាពប្រកួតប្រជែងពាណិជ្ជកម្មរបស់កម្ពុជា ព្រមទាំងតួនាទីដ៏សំខាន់របស់វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា និងចក្រភពអង់គ្លេស។ ឆ្លៀតឱកាសនោះដែរ ឯកឧត្ដម ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មពាណិជ្ជកម្មក្រោមក្របខណ្ឌពហុភាគី តំបន់និងទ្វេភាគីសំខាន់ៗ និងការធ្វើឱ្យបរិយាកាសធុរកិច្ចនិងវិនិយោគកាន់តែប្រសើរថែមទៀត ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×