Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតសិង្ហបុរី និង ក្រុមហ៊ុន WorldBridge Group បានដាក់បង្ហាញផ្ទាំងគំនូរ ទី ១១ នៃកម្មវិធីសិល្បៈគំនូរលើជញ្ជាំង

ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២០ នេះ ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតសិង្ហបុរី និង ឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមហ៊ុន WorldBridge Group បានដាក់បង្ហាញផ្ទាំងគំនូរ ទី ១១ នៃកម្មវិធីសិល្បៈគំនូរលើជញ្ជាំង ឫ Street Art Fest ++ (SAF++) នៅឯ WB Arena ដែលមានទីតាំងនៅ សង្កាត់ចាក់អង្រែក្រោម (តាមបណ្តោយផ្លូវជាតិលេខ ២) ដោយមានវិធានការការពារវីរុសកូវីដ-១៩ យ៉ាងតឹងរឹង។

ជាមួយនឹង ការតំឡើង និង ដាក់បង្ហាញផ្ទាំងគំនូរចុងក្រោយនេះ ពួកយើងបានបញ្ចប់នូវសកម្មភាពជាច្រើនសម្រាប់អបអរខួបទី៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងសិង្ហបុរី រួមមាន កម្មវិធីសិល្បៈគំនូរលើជញ្ជាំង ឫ SAF++ (KH + SG Edition) ដែលបានប្រារព្ធធ្វើឡើងក្នុង រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៥ ទៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ អមដោយការដាក់បង្ហាញផ្ទាំងគំនូរជាបន្តបន្ទាប់ នៅតាមបណ្តាទីតាំងផ្សេងៗគ្នា ទូទាំងខេត្តចំនួន ៥ ចាប់ពី ខែសីហា ដល់ ខែធ្នូនេះ។ នេះជារឿងដ៏ពិសេសមួយដែលកាលបរិច្ឆេទនៃការបង្ហាញផ្ទាំងរូបគំនូរចុងក្រោយនេះគឺបានធើ្វឡើង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ពោលវាមានរយៈពេលមួយឆ្នាំគត់នៃការចាប់ផ្តើមការផ្សព្វផ្សាយនៃកម្មវិធីសិល្បៈនេះនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩។

ម្យ៉ាងទៀតការប្រារព្ធពិធីអបអរទំនាក់ទងការទូតរវាងប្រទេសកម្ពុជា និងសិង្ហបុរី ត្រូវបានបិទបញ្ចប់នៅទីកន្លែងតែមួយ នៃការបើកដំណើរការជាផ្លូវការនៅថ្ងៃទី១៥ ខែកុម្ភៈ នៅឯ WB Arena ដែលជាគម្រោងបណ្តាក់ទុនអភិវឌ្ឍរួមគ្នារវាងកម្ពុជា – សិង្ហបុរី។ ពិធីដាក់បង្ហាញផ្ទាំងគំនូរ ទី១១ នេះ ក៏មានការចូលរួមពីប្រធាន នៃកម្មវិធីសិល្បៈគំនូរលើជញ្ជាំង Stella Toh វិចិត្រករខ្មែរសញ្ជាតិកាណាដា លោក FONKi និងស្ថាបនិកមូលនិធិកុមារកម្ពុជា លោក Scott Neeson។

ដោយមានឈ្មោះថា ជញ្ជាំងសហគមន៍ ទី៣ ផ្ទាំងគំនូរនេះត្រូវបានទិញដោយ ក្រុមហ៊ុន WorldBridge Group។ នេះគឺជាជញ្ជាំងសហគមន៍មួយក្នុងចំណោមជញ្ជាំងសហគមន៍ចុងក្រោយ ដែលសាធារណជនបានចូលរួមរចនានៅក្នុងកម្មវិធីសិល្បៈគំនូរលើជញ្ជាំង ឬ SAF++ នាខែកុម្ភៈឆ្នាំ ២០២០ ។ ជញ្ជាំងនេះជាបំណែកសិល្បៈដ៏សំខាន់មួយ ព្រោះវាត្រូវបានចូលរួមតុបតែងពីកុមារ ១០០ រូបមកពីអង្គការមូលនិធិកុមារកម្ពុជា ដែលជាអង្គការមួយក្នុងចំណោមអង្គការចំនួនពីរ ដែលទទួលបានការគាំទ្រពីកម្មវិធីសិល្បៈនេះ។

ការរចនាផ្ទៃខាងក្រោយជាពណ៌ចម្រុះ រួមជាមួយក្រមាខ្មែរ និងកាយវិការដៃដែលជានិមិត្តរូបនៃសេចក្តីស្រឡាញ់ និងសន្តិភាព គឺជាសមិទ្ធិផលនៃការសហការគ្នារវាងវិចិត្រករជនជាតិសិង្ហបុរីលោក Yip Yew Chong និង វិចិត្រករខ្មែរសញ្ជាតិកាណាដាលោក FONKi ។ ពណ៌ចម្រុះដែលត្រូវបានរំលេចឡើងពាសពេញផ្ទាំងគំនូរ គឺជានិមិត្តសញ្ញាដែលបញ្ជាក់ថាកុមារគឺជាក្តីសង្ឃឹម នៃអនាគតរបស់យើងគ្រប់គ្នា។ ម្យ៉ាងទៀត វាក៏ជានិមិត្តរូប ដែលបានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅនៃភាពធន់ កិច្ចសហប្រតិបត្តិការ និងការរួមរស់ដោយសន្តិភាពរបស់សមាជិកនៃសហគមន៍ប្រជាជនកម្ពុជា និងសិង្ហបុរី។ លើសពីនេះទៅទៀត ពណ៌ចម្រុះនេះក៏ជានិមិត្តរូបនៃសន្តិភាព សេចក្តីស្រឡាញ់ សេចក្តីប្រាថ្នា និងក្តីសង្ឃឹមសម្រាប់មនុស្សជំនាន់ក្រោយរបស់ប្រជាជនយើងផងដែរ។

សាធារណជន អាចស្កេន QR Code ដែលមានលើផ្ទាំងគំនូរទាំង ១១ ផ្ទាំង ដើម្បីស្វែងរកការពិពណ៌នា និងព័ត៌មានលម្អិត ពីផ្ទាំងគំនូរសិល្បៈ ព្រមទាំងទីតាំងរបស់ផ្ទាំងគំនូរទាំងនេះ។ គណៈកម្មាធិការរៀបចំនៃការតាំងពិព័រណ៍សិល្បៈគំនូរលើជញ្ជាំង ឫ SAF ++ (KH + SG Edition) សូមអញ្ជើញអ្នកអាន និងសាធារណជន ក្នុងការដាក់សំណុំរូបថត Selfie ដែលថតជាមួយផ្ទាំងគំនូរទាំងចំនួន ១១ផ្ទាំង។ បេក្ខភាព ៣ នាក់ដំបូង ដែលបានបំពេញគ្រប់លក្ខខណ្ឌ័ នឹងទទួលបានវត្ថុអនុស្សាវរីយ៍ដ៏ពិសេសមួយ និង កាបូបកាបូបដ៏ស្រស់ស្អាតពីគណៈកម្មាធិការ។ ចំណែកបេក្ខភាព ១២ នាក់បន្ទាប់នឹងទទួលបានកាបូបដ៏ស្រស់ស្អាត៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×