Wednesday, November 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្លិបអ្នកកាសែតកម្ពុជា ជួយសម្របសម្រួលដោះស្រាយ វិវាទរបស់អ្នកសារព័ត៌មាន មួយឆ្នាំចុងក្រោយចំនួន៥ករណី

ភ្នំពេញ៖ ក្នុងឱកាសនៃការប្រារព្ធវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី ១៧ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ បានចេញ របាយការណ៍ ស្តីពីសកម្មភាពជួយសម្របសម្រួលដោះស្រាយវិវាទរបស់អ្នកសារព័ត៌មានមួយឆ្នាំចុងក្រោយ
របស់ក្លិបអ្នកកាសែតកម្ពុជា ( ក.អ.ក )ចំនួន៥ករណី។

របាយការណ៍ដដែល បានបញ្ជាក់យ៉ាងដូច្នេះថា៖
ទី១- ជួយសម្របសម្រួលនិងដោះស្រាយបញ្ចប់បណ្តឹងអ្នកសារព័ត៌មាន២រូប ( កោះសន្តិភាពនិង MSJonline ) ដែលត្រូវប្រធានមន្ទីរកសិកម្មខេត្តកោះកុង ប្តឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈ ដោយទាមទារសំណងជំងឺចិត្ត១០ម៉ឺនដុល្លារក្នុងម្នាក់ៗ ។ ករណីនេះ កើតឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ក្រោយពេលដែលស្ថាប័នសារព័ត៌មានទាំង២ បានចុះផ្សាយអត្ថបទ ចោទប្រកាន់លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្មខេត្តកោះកុងថា បានយកដីរដ្ឋទៅពុះឡូតិ៍លក់ យកលុយដាក់ហោប៉ៅខ្លួនឯង ។ ចំពោះករណីនេះ ក្លិបអ្នកកាសែតកម្ពុជា បានសរសេរលិខិតមួយច្បាប់ ទៅលោករដ្ឋមន្ត្រីកសិកម្ម ដើម្បីជួយអន្តរាគមន៍ រហូតឈានដល់ការស្រុះស្រួលគ្នារំលត់បណ្តឹងនៅតុលាការ ។

ទី២- ទំនាក់ទំនងទៅព្រះរាជអាជ្ញារួមទាំងអាជ្ញាធរ ពាក់ព័ន្ធនៅខេត្តរតនគិរី ដើម្បីសម្របសម្រួលដោះលែងអ្នកសារព័ត៌មានចំនួន៨នាក់ ដែលត្រូវសន្តិសុខក្រុមហ៊ុន SK ( ក្រុមហ៊ុន ដីសម្បទាន ) ប្តឹងសមត្ថកិច្ចនគរបាលឲ្យឃាត់ខ្លួននៅស្រុកកូនមុំ ។ ករណីនេះ កើតឡើងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ខណដែលអ្នកសារព័ត៌មានទាំង៨នាក់ ( ៨ស្ថាប័ន ) បាននិងកំពុងចុះយកព័ត៌មាន ហើយបានជិះម៉ូតូច្រឡំផ្លូវចូលទៅផ្លូវខាងក្រោយ របស់ក្រុមហ៊ុន SK ហើយត្រូវបានក្រុមហ៊ុននេះ ប្តឹងទៅសមត្ថកិច្ចនគរបាល និងតុលាការឲ្យឃាត់ខ្លួនតែម្តង ។ ប៉ុន្តែសមត្ថកិច្ចបានដោះលែងវិញ នៅថ្ងៃបន្ទាប់ ក្រោយឃុំខ្លួនអ្នកសារព័ត៌មានមួយយប់ នៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ។

ទី៣- សម្របសម្រួលជាមួយអភិបាលនិងស្នងការខេត្តកំពត ដើម្បីសុំការយល់យោគនិងដោះលែងអ្នកសារព័ត៌មាន TV Online VD7 ម្នាក់ឈ្មោះ ហង្ស សុភាព ដែលត្រូវកម្លាំងនគរបាលខេត្តចាប់ខ្លួន ពីបទបរិហារកេរ្តិ៍ជាសាធារណៈប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាល និងប្រជាពលរដ្ឋរងគ្រោះ ។ ទន្ទឹមនោះក៏បានជួយព្រាងលិខិតសុំទោសរបស់សាម៉ីខ្លួន ជូនទៅលោកស្នងការខេត្តកំពតផងដែរ ។ ករណីនេះកើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីអ្នកសារព័ត៌មានរូបនោះ បានផ្សាយព័ត៌មាន ទាក់ទងអំពើហិង្សា ទៅលើគ្រួសារជនរងគ្រោះនៅភូមិតាឡង់ ឃុំត្នោតចង់ស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ដោយបានរិះគន់សមត្ថកិច្ចថា ដោយសារតែគ្រួសាររងគ្រោះក្រីក្រ សមត្ថកិច្ចមិនយកចិត្តទុកដាក់ ជួយរកយុត្តិធម៌ឲ្យជនរងគ្រោះ ។

ទី៤- សម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ លើបណ្តឹងបរិហារកេរ្តិ៍ជាសាធារណៈ ខណៈដែលម្ចាស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ប្តឹងចោទលើចាងហ្វាងទូរទស្សន៍អនឡាញព្រះនរាយណ៍ លោក ព្រហ្ម ឥន្ទ រួមទាំងជួយធ្វើពាក្យស្នើសុំមេធាវី ទៅក្រសួងព័ត៌មាន ដើម្បីជួយការពារក្តី ។ ករណីបណ្តឹងនេះ កើតមានតាំងពីឆ្នាំ២០១៩មកម្លេះ ប៉ុន្តែទើបតែអំឡុងខែសីហា ឆ្នាំ២០២០នេះ ទើបតុលាការកោះហៅចុងចោទលោក ព្រហ្ម ឥន្ទ ចាងហ្វាងទូរទស្សន៍អនឡាញព្រះនរាយណ៍ ចូលបំភ្លឺ ។

ទី៥- ជួយសម្របសម្រួលបណ្តឹងបរិហារកេរ្តិ៍ ដែលម្ចាស់សារព័ត៌មាននគរដ្រាហ្គន ប្តឹងម្ចាស់មជ្ឈមណ្ឌលព័ត៌មាន CEN ខណៈដែលបណ្តឹងនេះ កើតឡើងកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ។ ប៉ុន្តែភាគីដើមបណ្តឹង មិនទទួលយកការសម្រុះសម្រួលនោះទេ ។
ក្រោយមក មន្ត្រី ក.អ.ក បានទំនាក់ទំនងសុំយោបល់ ទៅស្ថាប័នតុលាការ ដើម្បីស្នើសុំពិនិត្យរំលត់បណ្តឹងខាងលើ ហើយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ តុលាការ បានចេញដីកាតម្កល់រឿង ទុកឥតចាត់ការ លើសំណុំរឿងនោះ ដោយយល់ឃើញថា អវត្តមានបទល្មើស និងធាតុផ្សំបទល្មើសមិនគ្រប់គ្រាន់ ៕រក្សាសិទ្ធិដោយ៖CEN

×