ភ្នំពេញ៖ សូមរំលឹកឡើងវិញបន្តិចថា កាលពីអំឡុងខែវិច្ឆិកា កន្លងទៅនេះ គ្រប់គ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានផ្ទុះការចាប់អារម្មណ៍ និងរំជួលចិត្តយ៉ាងខ្លាំង ក្រោយពីឃើញក្មេងប្រុស ពេជ្រ ធារ៉ា បានយកកង់កញ្ចាស់របស់ខ្លួនទិញអេតចាយក្នុងតម្លៃត្រឹម២ម៉ឺនរៀល ទៅប្រណាំងទាំងដែលសូម្បីខោអាវរខេករខាក គ្មានមួក គ្មានស្បែកជើង តែមានចិត្តដ៏ធំមហិមា ក្នុងការចូលរួមប្រកួតប្រណាំងកង់ឆ្នាំ២០២០ នៅទីលានទួលម៉ូតូហោះព្រែកលាភ។
តែយ៉ាងណា ដោយសាររូបភាពជាច្រើនសន្លឹកដ៏សង្វេគ ពីទិដ្ឋភាពក្មេងប្រុសក្រីក្ររូបនេះ ត្រូវបានបំផុសឡើងព្រោងព្រាត ឃើញថាមានសប្បុរសជនជាច្រើនបានជួយជ្រោមជ្រែងគួរឲ្យរំភើបជំនួសជាខ្លាំង។ ក្នុងនោះផងដែរ ថៅកែហាងព្រជ្រ ទ្រី ដាណា ដែលជាបុគ្គលចិត្តធម៌កំពុងល្បីនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន នៅពេលចុះទៅជួបផ្ទាល់ និងឃើញស្ថានភាពផ្ទះក្មេងប្រុសម្នាក់នេះ ទ្រុឌទ្រោមខ្លាំង អ្នកស្រី និងស្វាមី ក៏បានសន្យានឹងសង់ផ្ទះថ្មីជូន។ ហើយអ្វីកាន់តែរំភើបខ្លាំងនោះ គឺថាពេលនេះ ផ្ទះថ្មីដែលថៅកែហាងពេជ្រ បានសន្យាសង់ជូន ត្រូវបានធ្វើរួចហើយ ដែលមើលទៅពិតជាធំទូលាយ និងស្រស់ស្អាតមែនទែន។
ជាមួយគ្នានេះផងដែរ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ក៏បានបង្ហោះរូបភាព និងភ្ជាប់សាររៀបរាប់ទាំងអារម្មណ៍រំភើបថា៖ «ថ្ងៃនេះ នាងខ្ញុំ និងស្វាមី មកប្រគល់ផ្ទះ ជូនគ្រួសារប្អូនប្រុស ពេជ្រ ធារ៉ា ដែលតស៊ូប្រណាំងកង់ចាស់ជាមួយគេ នាងខ្ញុំក៏បានទិញសម្ភារខ្លះដាក់ផ្ទះ និងជូនថវិកាមួយចំនួន គ្រាន់មើលជំងឺម្ដាយរបស់ធារ៉ាបន្តទៀត។
កាលមុនផ្ទះទ្រុឌទ្រោមពេក កូនគាត់ទៅនៅជាមួយគេខ្លះ តែថ្ងៃនេះឃើញនៅជុំគ្នា ទាំងកូនប្រសារទៀត ការតស៊ូ ទទួលបានមកវិញនូវលទ្ធផលបែបនេះ ហើយចែដាណា ស្រលាញ់អ្នកតស៊ូចឹង សំខាន់កង់ប្អូនចយ ប្រណាំងថ្ងៃនោះរួច ចូលនិវត្តន៍តែម្ដង សួរទៅថាជិះលែងកើតហើយ ផ្ដាំផ្ញើថា ហាមលក់អេតចាយ ព្រោះមកពីវាហ្នឹងហើយ បានមានផ្ទះថ្មីបែបនេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង