Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម វាយតម្លៃ​លើ​វឌ្ឍនភាព របស់​ក្រុមហ៊ុន​ចំនួន ៤ ដែល​កំពុង​ត្រៀមលក្ខណ​សម្បត្តិ​លើ​ការងារ​បច្ចេកទេស ភូតគាម​អនាម័យ សម្រាប់​នាំចេញ​ស្វាយកែវ​រមៀត​ស្រស់ ពី​កម្ពុជា​ទៅ​ចិន​

ភ្នំពេញ ៖ យោងតាម​កម្មវិធី​សម្រាប់​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ វេ​ង សាខុន អមដំណើរ​ជាមួយ​ដោយ​ឯកឧត្តម វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​សហការី អញ្ជើញ​មក​ពិនិត្យ និង​វាយតម្លៃ​លើ​វឌ្ឍនភាព របស់​ក្រុមហ៊ុន​ចំនួន ៤ ដែល​កំពុង​ត្រៀមលក្ខណ​សម្បត្តិ​លើ​ការងារ​បច្ចេកទេស បាន​ត្រឹមត្រូវ​ឆ្លើយតប​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ សម្រាប់​នាំចេញ​ស្វាយកែវ​រមៀត​ស្រស់ ពី​កម្ពុជា​ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​ក្រុមហ៊ុន​ទាំងនោះ​គឺ​៖ ទី​១- ក្រុមហ៊ុន Green Centric Farm Co., Ltd ទី​២- ក្រុមហ៊ុន បឹងកេត ហ្វេ​ស​ហ្រ៊ូ​ត ឯ​.​ក ទី​៣- ក្រុមហ៊ុន Long Wo Agriculture (Cambodia) និង​ទី​៤- ក្រុមហ៊ុន បា​មីន អេ​ហ្គ្រី​ខ​ល​ឈ័​រ ហាយ​-​ថេ​ក ឌី​វេឡុ​ប​មិន ឯ​.​ក ។​

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម បាន​អញ្ជើញ​មក​ពិនិត្យ​ចម្ការ​ស្វាយកែវ​រមៀត​របស់​ក្រុមហ៊ុន Green Centric Farm Co., Ltd ស្ថិត នៅ​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។ លោក សឿង សុខ​ឃាង អ្នកគ្រប់គ្រង​ទូទៅ​បាន​ឲ្យ​ដឹងថា ចម្ការ​បានចាប់ផ្តើម​រៀបចំ​នៅ​ឆ្នាំ​២០១០ បច្ចុប្បន្ន​មាន​ផ្ទៃដី ២៧០​ហ​.​ត មាន​ស្វាយ​ចំនួន​ជាង ៤៦ ៣៥៦ ដើម និង​ចំនួន​ជាង ៣០០០​ហ​.​ត ទៀត​បាន​ចុះកិច្ចសន្យា​ជាមួយ​ប្រជាកសិករ​នៅក្នុង​តំបន់​នេះ​។ ក្រុមហ៊ុន​បាន​សាងសង់ បន្ទប់​ត្រជាក់ ឃ្លាំង​ត្រជាក់ បន្ទប់​ស​ម្ងួ​ត​ត្រជាក់​។​ល​។ កន្លងមក​ក្រុមហ៊ុន​បាន​ផលិត​ជា​ដំណាប់​ស្វាយ​ធម្មជាតិ (១៣% ស្ករ​) ការ៉េម​ស្វាយ និង​លក់​ផលិតផល​ស្រស់​សម្រាប់តែ​ទីផ្សារ​ក្នុងស្រុក​។ ប្រើ​កម្មករ ៥០​នាក់ សម្រាប់​មើលថែទាំ​ចម្ការ កែច្នៃ និង​វេច​ខ្ចប់​ស្វាយ​។ សរុបមក ក្រុមហ៊ុន​បាន​ត្រៀម​លក្ខណសម្បត្តិ​រួចរាល់​ដើម្បី​ធ្វើការ​នាំចេញ​ទៅកាន់​ទីផ្សា​រ​ចិន នាពេល​អនាគត​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ឆន្ទ​:​វិនិយោគ​របស់​ជនជាតិ​កូរ៉េ ពីរ​នាក់​ប្តី​ប្រពន្ធ​ដែលមាន​អាយុ ៩០​ឆ្នាំ​ហើយ សម្រេច​ទទួលបាន​លទ្ធ​ផល​ល្អប្រសើរ​លើ​ការងារ បច្ចេកទេស ឆ្លើយតប​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ប្រទេស​ចិន​។ ឯកឧត្តម​រដ្ឋមន្ត្រី សង្ឃឹមថា​ផលិតផល​ស្វាយ​របស់​ក្រុមហ៊ុន​នឹង​មានឱកាស​បង្ហាញខ្លួន​នៅលើ​ទីផ្សារ​ចិន​នាពេល​ឆាប់ៗ​ខាងមុខ​។​

​ចេញពី​ស្រុក​ថ្ពង ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី បាន​បន្តដំណើរ​មក​ពិនិត្យ​រោងចក្រ​ប្រព្រឹត្តិកម្ម សម្លាប់​សមាសភាព​សត្វ​ចង្រៃ​ដោយ​ប្រើ​ទឹក​ក្តៅ (Hot Water Treatment, HWT) របស់​ក្រុម ហ៊ុន បឹងកេត ហ្វ្រេស​ហ្វ្រូ​ត ឯ​.​ក នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ គីឡូម៉ែត្រ​លេខ ៨២ ក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច​។ បច្ចុប្បន្ន ក្រុមហ៊ុន​បាន​តម្លើង​ប្រព័ន្ធ​ខ្សែ​ច្រវាក់​ជ្រើសរើស សំរិតសំរាំង​គុណភាព​ផ្លែស្វាយ ទំហំ​តូចធំ និង​សម្លាប់​សមាសភាព​សត្វ​ចង្រៃ​ដោយ​ប្រើ HWT ដើម្បី​ឲ្យ​ត្រូវ​តាម​ស្តង់ដារ​ទីផ្សារ​។ ដំណើរការ​សាងសង់​រោង​ចក្រ​សម្រេចបាន​ជាង ៨០% ប៉ុន្តែ​ជាបឋម​ដើម្បី ឲ្យ​ទាន់​រដូវ​ប្រមូល​ផល​ស្វាយ រោងចក្រ​បានដាក់​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន​សិន ដោយ​ធ្វើ​ការប្រមូលទិញ​ផលិតផល​ស្វាយ ពី​ប្រជាកសិករ​ដែល​បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​។ បន្ទាបពី់​រោងចក្រ​សាងសង់​រួច វា​មានលទ្ធភាព​សម្រិតសម្រាំង​គុណភាព និង​ទំហំ​ផ្លែស្វាយ​បាន​ចំនួន ១៥០- ២០០ តោន​/​ថ្ងៃ​។ ទោះជា​យ៉ាងណា ក្រុមហ៊ុន​កំពុង​ញាប់ដៃ​ញាប់ជើង​ធ្វើយ៉ាងណា​ឲ្យ​ដំណើរ ការសាងសង់​រោងចក្រ​សម្រេច​ឲ្យ​ទាន់​តាម​ផែនការ មុន​ក្រុមបច្ចេកទេស​អញ្ជើញ មកពី​អគ្គនាយកដ្ឋាន​គយ​ចិន​ចុះមក​ពិនិត្យ និង​វាយតម្លៃ​ចុងក្រោយ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។
​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ពិនិត្យ​ទិដ្ឋភាព​ជារួម​ឃើញថា ក្រុមហ៊ុន​បាន​ត្រៀម​លក្ខណសម្បត្តិ​រួចរាល់ ហើយ​ក្នុង​ការនាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ទៅកាន់​ទីផ្សារ​ចិន នៅតែ​ការងារ​បន្ទាប់បន្សំ​មួយចំនួន​តូច ដែល​ក្រុមហ៊ុន​ត្រូវ​ប្រញាប់​រួត​រះ​បញ្ចប់​ការងារ​ឲ្យ​ហើយ មុន​ក្រុម​ជំនាញ​បច្ចេកទេស​មកពី​អគ្គនាយកដ្ឋាន​គយ​ចិន​ចុះមក​វាយតម្លៃ​ចុងក្រោយ​។​

​នៅ​ស្រុក​ភ្នំស្រួច​ដដែល ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តដំណើរ​មក​ពិនិត្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​ស្វាយកែវ​រមៀត របស់​ក្រុមហ៊ុន Long Wo Agriculture (Cambodia)​។ ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ មិន​ខុសពី​ក្រុមហ៊ុន​ពីរ​ខាងដើម​ប៉ុន្មាន គឺ​ស្ទើរតែ​រួចរាល់​ជា​ស្ថាពរ ប៉ុន្តែ​ប្រុម​ហ៊ុន​នេះ ខុសពី​ក្រុមហ៊ុន​មុន​ត្រង់​ថា ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​សម្លាប់​សមាសភាព​សត្វ​ចង្រៃ​គឺ​ប្រើ​ទឹក​ក្តៅ (Hot Water Treatment)​។ ក្រោយពេល​រៀបចំ​តម្លើង​ឧបករណ៍​ក្នុង​រោងចក្រ​សព្វគ្រប់ វា​អាច​សំ​អាច​ស្វាយបាន​ចំនួន ១០០​តោន​/​ថ្ងៃ​។ ក្នុងដំណាក់កាល​ដំបូង ឧបករណ៍ និង​សម្ភារ​ភាគច្រើន​ត្រូវបាន​នាំ ចូល​ពី​ចិន ប៉ុន្តែ​អនាគត​ក្រុមហ៊ុន​នឹង​តម្លើង​រោងចក្រ​ផលិត​ខ្លួនឯង​ដើម្បី​កាត់បន្ថយ​ថ្លៃដើម​មាន លទ្ធភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​។ បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ចុះកិច្ចសន្យា​ជាមួយ​កសិករ ប្រមូល​ទិញ​ផ្លែ​ស្វាយបាន ២៥ ០០០​ដើម (​ប្រហែល​ជាជាង ១០០​ហិកតា​) បន្ទាប់ពី​រោងចក្រ​ដាក់​ឲ្យ​ដំណើរការ និង​បាន​នាំចេញ​ទំហំ​ផ្ទៃដី​នឹងមាន​ការកើនឡើង​ទ្វេដង​។
​ឯកឧត្តម​រដ្ឋមន្ត្រី បានស្នើ​ឲ្យ​ក្រុមហ៊ុន​ជួយ​បណ្តុះបណ្តាល​បច្ចេកទេស​ដ​ល់​ម្ចាស់​ច​ម្លា​រ ដើម្បី​ឲ្យ​ពួកគាត់​ទទួលយក​បច្ចេកវិទ្យា ទៅ​អនុវត្ត​ក្នុង​ចម្ការ ឬ​អនុវត្ត GAP ធ្វើយ៉ាងណា​ធានាបាន​នូវ​ស្តង់ដារ​ចម្ការ មាន​អនាម័យ គុណភាព និង​សុវត្ថិភាព​ផលិតផល​ស្វាយ ធានាបាន​តម្លៃ​លើ​វត្ថុធាតុដើម​នេះ​។ ក្រុមហ៊ុន​ត្រូវ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ដើម្បី​សហការ​រៀបចំ​សហគមន៍ ឬ​បណ្តុំ​អាជីវកម្ម​ស្វាយ និង​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​បាន​ត្រឹមត្រូវ ផ្តល់​ប្រយោជន៍​ឲ្យ​ភាគី​ទាំងសងខាង​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×