វីដេអូថ្មីមួយ បានកំពុងបង្កឲ្យមានការចាប់អារម្មណ៍ និងចែករំលែកពេញក្នុងបណ្តាញសង្គមទៀតហើយ ដោយបង្ហាញពីទិដ្ឋភាពក្មេងស្រីម្នាក់ដែលមានចិត្តកាចសាហាវមិនខុសពីបងធំមេសាងមុន បានធ្វើសកម្មភាពកាក់ម៉ូតូក្មេងស្រី២នាក់ ដើម្បីឲ្យម្នាក់ក្នុងចំណោមពួកគេទាំងពីរសុំទោស និងសូម្បីចាប់ច្របាច់មាត់ទៀតផង ដោយសារតែពុំពេញចិត្តក្មេងស្រីនោះជិះម៉ូតូសម្លឹងមុខខ្លួន។
យ៉ាងណាមិញ សម្រាប់វីដេអូនេះផងដែរ គេពុំបានបញ្ជាក់ពីពេលវេលា និងទីកន្លែងកើតហេតុនោះទេ។ ប៉ុន្តែ យ៉ាងណា ចំពោះទង្វើនៃគំរូដ៏អាក្រក់របស់ក្មេងស្រីមានចិត្តកាចសាហាវនេះ ត្រូវបានមហាជនរិះគន់យ៉ាងចាស់ៗដៃថា កាចខ្លាំងម្ល៉េះនាង គ្រាន់តែគេមើលមុខមិនបាន មុខនាងឯងហ្នឹងស្រោបពេជ្រមែន! នេះហើយជាក្មេងពាល ដែលគ្រាន់តែទៅសាលាឲ្យផុតតែពីភ្នែកឪពុកម្តាយ តែធាតុពិតគឺគេចសាលាសេពគប់មិត្តភក្តិ ប្រព្រឹត្តរឿងមិនល្អដែលសង្គមស្អប់ខ្ពើម នេះហើយស៊េរីទំពាំងស្អុយរលួយក្នុងសង្គម។
គួររម្លឹកផងដែរ កាលពីអំឡុងខែមករា ឆ្នាំ២០២០ កន្លងទៅ យុវត្តីម្នាក់ដែលមានរហ័សនាម «បងធំមេសាង ខេត្តព្រៃវែង» ត្រូវបានសមត្ថកិច្ចចាប់ខ្លួនយកមកដុសក្អែលយ៉ាងអាម៉ាស ក្រោយយុវត្តីរូបនោះ រួមនិងបក្ខពួកជាច្រើន បានធ្វើសកម្មភាពកាក់ម៉ូតូក្មេងស្រី៤នាក់នៅតាមផ្លូវ ដើម្បីសួរនាំ និងព្រមានទះកំផ្លៀងយ៉ាងចាស់ៗដៃ ដោយអះអាងថា ភាគីម្ខាងទៀតជិះម៉ូតូមើលមុខឌឺដងដាក់ខ្លួន។
តាមរយៈវីដេអូមួយករណីនេះដូចគ្នានេះផងដែរ មហាជនសង្ឃឹមថា សមត្ថកិច្ចនឹងស្រាវជ្រាវ ដើម្បីនាំយកក្រុមក្មេងស្រីទាំងនេះ មកធ្វើការអប់រំឲ្យដូច «បងធំមេសាង» មុនផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង