នេះជារឿងដ៏មិននឹកស្មានមួយ និងស្ទើរតែមិនគួរឲ្យជឿ ខណៈដែលបានឃើញមេគោ១ក្បាល និងសត្វខ្លារខិន១ក្បាល បានក្លាយជាមិត្តភាពដ៏ស្អិតរមួតនឹងគ្នា ប្រៀបដូចម្តាយនិងកូន។
រឿងនេះបង្កការចាប់អារម្មណ៍ គឺនៅពេលគ្រួសារមួយនៅភូមិ Antoli រដ្ឋ Gujarat ប្រទេសឥណ្ឌា ដែលជាម្ចាស់មេគោ មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលរកឃើញខ្លារខិន១ក្បាល បានចាប់ផ្តើមមកជួបជាមួយមេគោរបស់ពួកគេ នៅយប់មួយ ហើយពុំធ្វើការវាយប្រហារ តែបែរជាបង្ហាញភាពស្និទ្ធស្នាលទៅវិញ។
អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះ គឺខ្លារខិននេះ វាបានបង្ហាញភាពស្និទ្ធស្នាលតែជាមួយមេគោប៉ុណ្ណោះ ចំណែកគោ២ក្បាលដទៃទៀត វាពុំអើពើជាមួយនោះឡើយ។ នៅពេលពួកវាជួបគ្នា ខ្លារខិនពុំបង្កឲ្យមេគោមានការភ័យខ្លាចនោះទេ និងផ្ទុយទៅវិញ ពួកវាទាំងពីរបានបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាស្ទើរតែមិនគួរឲ្យជឿ។
ម្ចាស់គោក៏បានប្រាប់ឲ្យដឹងថា ខ្លារខិននេះ ពុំបានមកលេងមេគោនៅពេលថ្ងៃទេ ប៉ុន្តែ វាតែងមានទម្លាប់ចូលមកជួបរៀងរាល់យប់ នៅចន្លោះម៉ោង ៩ និង ៣០ នាទី និងម៉ោង ១១ កណ្តាលអធ្រាត្រ។
ប៉ុន្តែ ម្ចាស់គោក៏បានបង្ហាញពីចម្ងល់ថា «ខ្ញុំមិនអាចយល់ពីមូលហេតុដែលខ្លារខិនបានជួបគោជាប្រចាំ និងមានអាកប្បកិរិយាមិនត្រូវបានមនុស្សជឿបែបនេះ។ វាពិតជាគួរឱ្យភ្ញាក់ផ្អើលចំពោះខ្ញុំ ព្រោះថាហេតុអ្វីបានជាមេគោមួយទទួលយកសត្រូវរបស់វា ហើយវាស្រឡាញ់ខ្លាដូចកូនរបស់វាអ៊ីចឹង”»។
តែយ៉ាងណា បើតាមគេហទំព័រ On Forest បានចុះផ្សាយឲ្យដឹងថា តាមរយៈបណ្តាញសង្គមជាច្រើនបានអះអាងថា ម្តាយរបស់ខ្លារខិននោះ ត្រូវបានសម្លាប់នៅពេលវាមានអាយុ ២០ ថ្ងៃ ហើយមេគោក៏បានផ្តល់ទឹកដោះដល់វា និងផ្តល់ភាពកក់ក្តៅប្រៀបដូចកូនរបស់វាអ៊ីចឹង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង