បាត់ដំបង ៖ អាជ្ញាធរខេត្តបាត់ដំបង បានរៀបចំមណ្ឌលចត្តាឡីស័កបន្ថែមមួយចំនួនទៀត នៅស្រុកកំរៀង និងស្រុកសំពៅលូន សម្រាប់ដាក់ពលរដ្ឋនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ខណៈពីមានការផ្ទុះឆ្លងរីករាលដាលខ្លាំង នៃជំងឺកូវីដ១៩ នៅប្រទេសថៃ ស្របតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងក្រសួងសុខាភិបាល។
ក្នុងពេលចុះពិនិត្យការរធ្វើសំណាក របស់ពលករនៅច្រកព្រំអន្តរជាតិដូងស្រុកកំរៀង លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឲ្យដឹងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃម្សិលមិញ មានពលករខ្មែរត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកព្រំដែនជាប់ខេត្តបាត់ដំបង មានចំនួន១៤នាក់ គិតព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានធ្វើសំណាករកមេរោគកូវីដ១៩ គ្រប់គ្នា។ អាជ្ញាធរ បានរកឃើញពលករចំនួន២នាក់នៅក្នុងស្រុកថ្មគោល ធ្វើដំណើរឆ្លងដែនចេញមកពីប្រទេសថៃ តាមច្រកអូរស្មាច់ នៃខេត្តឧត្តរមានជ័យ ដែលបានចេញមកពីខេត្តសាមុទសាខន។ បច្ចុប្បន្នពួកគេកំពុង បានដាក់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យបង្អែកស្រុកថ្មគោល។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង បានធ្វើសំណាករកជំងឺកូវីដ១៩ បានចំនួន២៩១០សំណាក (ក្នុងនោះមានសំណាករបស់អ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ថ្ងៃទី២៨ ខែវិច្ឆិកា ចំនួនជាង៣០០សំណាក) ៕ រក្សាសិទ្ធិដោយ ៖ អ៊ុងសារុំ