បុរសជនជាតិថៃម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយពីបានបាញ់សម្លាប់គ្រូពេទ្យឯកជនម្នាក់ នៅក្នុងខេត្ត Phetchaburi កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០។ ជនដៃដល់ឈ្មោះ Denphum “ Phum” Sangthong អាយុ ២២ ឆ្នាំ បានប្រាប់សមត្ថកិច្ចថា មូលហេតុដែលនាំរូបគេសម្រេចចិត្តបាញ់សម្លាប់គ្រូពេទ្យនោះ គឺដោយសាររូបគេខឹងគ្រូពេទ្យនោះបានគិតថ្លៃពិគ្រោះជំងឺច្រើនហួសហេតុពេក។
Phum បានប្រាប់ពីដើមហេតុដំបូងថា រូបគេបានឈឺ ហើយដោយសារតែមិនអាចទាក់ទងជាមួយបុគ្គលិកនៅមន្ទីរពេទ្យ Phra Chom Klao ក្នុងខេត្ត Phetchaburi ដើម្បីធ្វើការណាត់ជួបបាន ដូច្នេះ រូបគេក៏បានណាត់ជួបជាមួយគ្រូពេទ្យឈ្មោះ Chumphon Dechamphai អាយុ ៥៨ ឆ្នាំ នៅគ្លីនិកឯកជនរបស់គាត់។
Phum បានអះអាងថា គ្រូពេទ្យនោះបានគិតថ្លៃសេវាពិគ្រោះជំងឺ ១៣០ បាត ឬ ៤ ដុល្លារ ខណៈពិគ្រោះនៅមន្ទីរពេទ្យរដ្ឋចំណាយត្រឹមតែ ១ ដុល្លារ ប៉ុណ្ណោះ។ ហេតុនេះ ដោយសារតែទប់កំហឹងពុំបាន រូបគេក៏បានដកកាំភ្លើងបាញ់ទៅលើគ្រូពេទ្យនោះចំនួន ៧ គ្រាប់ តែម្តង។
លោកឧត្តមសេនីយ៍ Sumeth បានឲ្យដឹងថា ជនសង្ស័យបានសារភាពថា រូបគេបានចំណាយលុយ ១ពាន់បាត (ស្មើនឹង ៣៣ ដុល្លារ) ទៅលើថ្នាំញៀន មុនពេលណាត់ជួបពិគ្រោះជំងឺជាមួយគ្រូពេទ្យរងគ្រោះ។ តាមរយៈនេះមានន័យថា Phum បានស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន នៅពេលអំពើនៃការបាញ់ប្រហារបានកើតឡើង។
សូមបញ្ជាក់ថា ខណៈប៉ូលីសនាំខ្លួន Phum មកកាន់អូហ្វីសជនរងគ្រោះ ដើម្បីធ្វើត្រាប់សកម្មភាពឡើងវិញ ឃើញថាមានមនុស្សម្នាប្រមាណ ៣០០ នាក់ មកចោមរោមយ៉ាងច្រើន ហើយក្នុងនោះអ្នកខ្លះដែលពោរពេញដោយកំហឹង ក៏បានស្រែកឲ្យកាត់ទោសប្រហារជីវិត Phum ចោលទៅ។ តែយ៉ាងណា មន្ត្រីប៉ូលីស ៤០ នាក់ ត្រូវបានដាក់ពង្រាយនៅកន្លែងកើតហេតុ ដើម្បីការពារ Phum ដោយមិនអនុញ្ញាតឲ្យមានអំពើហិង្សាកើតឡើងនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង