បាត់ដំបង៖ ស្រូវស្រាលឬស្រូវប្រាំងចំនួន ១០៥០០ហិកតាដែលកសិករបានស្ដារធ្វើស្រែដាំដុះឡើងវិញ ក្រោយទឹកជំនន់ស្រកនៅចុងឆ្នាំ២០២០នេះ កំពុងមានភាពល្អប្រសើរនៅទូទាំងខេត្តបាត់ដំប បន្ទាប់ពីទទួលពូជពីរាជរដ្ឋាភិបាល មានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ដែលប្រគល់ជួន ។
ក្នុងពេលចុះពិនិត្យស្ថានភាពការស្ដារការធ្វើដំណាំស្រូវក្នុងស្រុកសង្កែ ស្រុកបាណន់ និងស្រុកបវេលក្នុងខេត្តបាត់ដំបងដែលដឹកនាំដោយឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងឯកឧត្តម សុទ្ធ គឹមកុលមុន្នី ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
គណៈប្រតិភូ បានបង្ហាញថាចំពោះស្រូវពូជ មានស្រូវសែនក្រអូប ស្រូវអូអឹម៥៤ ៥១ ដែលកសិករនៅបាត់ដំបងចំនួន ១០ ៥០០គ្រួសារ បានស្ដារធ្វើការដាំដុះគ្រប់គ្នា។ ចំពោះស្ថានភាពស្រូវទាំងអស់នោះ កំពុងមានភាពល្អប្រសើរ មានទឹកដាក់គ្រប់គ្នា មិនទាន់មានការខ្វះខាតទឹកស្រចស្រពនោះទេ។បើតាមការឲ្យដឹងពីខាងក្រសួងធនធានទឹកនិងឧតុនិយម សម្រាប់ស្រូវទាំងអស់នេះ អាចមានទឹកដាក់គ្រប់គ្រាន់ ប៉ុន្តែមិនបានពេញហូរហៀរ។ តែយ៉ាងណាគណៈប្រតិភូទាំងពីរស្ថាប័ន បានអំពាវនាវដល់ពលរដ្ឋ សូមមានការថែរក្សាទឹកឲ្យបានល្អ កុំប្រើប្រាស់ខ្ជីខ្ជារឬដណ្ដើមទឹកគ្នានិងបើមានបញ្ហាអ្វី ត្រូវសួរនាំអាជ្ញាធរខេត្តឬស្ថាប័នពាក់ព័ន្ធ ដើម្បីជួយដោះស្រាយ។
សម្រាប់ពលរដ្ឋដែលបានស្ដារធ្វើស្រែឡើងវិញ បាននិយាយប្រាប់ថាការផ្ដល់ពូជស្រូវពីសម្ដេចតេជោដល់ពួកគាត់ ដើម្បីធ្វើការស្ដារការដាំដុះ ក្រោយទឹកជំនន់ស្រកនេះគឺបានទាន់ពេលវេលា ហើយពួកគាត់ក៏បាននាំគ្នាខិតខំថែរទាំ ដើម្បីឲ្យស្រូវទាំងអស់នោះ បានផលល្អប្រសើរនឹងអាចជួយកាត់បន្ថយការលំបាករបស់ពួកគាត់បាន បន្ទាប់ពីរងការប៉ះពាល់ដោយទឹកជំនន់ នាចុងខែវស្សានេះ ។
គួរបញ្ជាក់ផងដែរថា ជំនន់ទឹកភ្លៀងដ៏ធំមិនធ្លាប់មាននៅខេត្តបាត់ដំបង បានប៉ះពាល់ដំណាំស្រូវចំនួន ១២៧ ១៨៩ហិកតា និងធ្វើឲ្យខូចខាតទាំងស្រុងចំនួន ៤២ ៥១៧ហិកតា ៕រក្សាសិទ្ធិដោយ៖អ៊ុងសារុំ