នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងបញ្ជាក់ថា ការបិទប្រទេសគឺជៀសមិនផុត ប្រសិនបើស្ថានការណ៍ផ្ទុះ Covid-19 ជាថ្មីនេះ បានរីករាលដាលដែលមិនអាចគ្រប់គ្រងបាន។
លោក ប្រាយុទ្ធ បានថ្លែងកាលពីថ្ងៃចន្ទថា មន្ត្រីសុខាភិបាលសាធារណៈ កំពុងប្រឹងប្រែងធ្វើតេស្តទៅលើពលករចំណាកស្រុក យ៉ាងទូលំទូលាយតាមដែលអាចធ្វើទៅបាន។ ហេតុនេះ លោកក៏អំពាវនាវគ្រប់គ្នាទទួលស្គាល់ការពិត និងក៏ដូចទទួលខុសត្រូវចំពោះកំហុសមួយនេះ។
ជាមួយគ្នានេះផងដែរ លោកនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ថា លោកចង់ចំណាយពេល ៧ ថ្ងៃ ដើម្បីវាយតម្លៃពីស្ថានភាព Covid-19 ដើម្បីសម្រេចថាតើការព្រឹត្តិការណ៍រាប់ថយក្រោយឆ្លងឆ្នាំ គួរតែត្រូវបានធ្វើឡើង ឬក៏អត់ និងក៏ដូចទិវាកុមារថ្ងៃទី៩ មករា ផងដែរ។
ទោះយ៉ាងណា លោកវេជ្ជបណ្ឌិត Taweesilp បាននិយាយថា វានៅតែមិនអាចសម្រេចចិត្តបានថាតើការប្រារព្ធពិធីចូលឆ្នាំថ្មី គួរតែត្រូវបានផ្អាក ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាល Covid-19 ។ លោកបន្តក៏បានបញ្ជាក់បន្ថែមថា ព័ត៌មានដែលប្រមូលបានក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃកន្លងមកនេះ អំពីការផ្ទុះឡើងនៅខេត្តសាមុតសាខុន គឺនៅតែមិនទាន់អាចព្យាករណ៍បានពីស្ថានភាព សម្រាប់រដូវវិស្សមកាលនាពេលខាងមុខនេះ។
ដោយឡែក មកជ្រាបសារព័ត៌មានដែលកាសែត Kapook ចុះផ្សាយនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះវិញ ស្តីពីការធ្វើបច្ចុប្បន្នភាពចុងក្រោយ នៃរបាយការណ៍អំពីការរីករាលដាលនៃជំងឺ Covid-19 នៅពេលនេះ មន្ត្រីសុខាភិបាលសាធារណៈថៃ បានរាយការណ៍ថា មេរោគកូវីដ១៩ ដែលបានផ្ទុះចេញពីផ្សារបង្គានៅក្នុងខេត្តសាមុតសាខន បានរីករាលដាលដល់ខេត្តចំនួន ២៣ ហើយ ក្នុងនោះរួមមានខេត្ត៖
១-ខេត្ត Samut Sakhon មាន ១០៦៣ ករណី
២-ទីក្រុង Bangkok មាន ១០ ករណី
៣-ខេត្ត Samut Prakan មាន ៩ ករណី
៤-ខេត្ត Suphanburi មាន ៧ ករណី
៥-ខេត្ត Saraburi មាន ៤ ករណី
៦-ខេត្ត Prachuap Khiri Khan មាន ១ ករណី
៧-ខេត្ត Phuket មាន ១ ករណី
៨-ខេត្ត Kamphaeng Phet មាន ២ ករណី
៩-ខេត្ត Phetchabun មាន ២ ករណី
១០-ខេត្ត Samut Songkhram មាន ៦ ករណី
១១-ខេត្ត Ayutthaya មាន ២ ករណី
១២-ខេត្ត Nakhon Pathom មាន ៨ ករណី
១៣-ខេត្ត Nakhon Ratchasima មាន ១ ករណី
១៤-ខេត្ត Nonthaburi មាន ៤ ករណី
១៥-ខេត្ត Chachoengsao មាន ១ ករណី
១៦-ខេត្ត Phetchaburi មាន ១ ករណី
១៧-ខេត្ត Pathum Thani មាន ៣ ករណី
១៨-ខេត្ត Uttaradit មាន ១ ករណី
១៩-ខេត្ត Khon Kaen មាន ១ ករណី
២០-ខេត្ត Prachinburi មាន ២ ករណី
២១- ខេត្ត Krabi មាន ១ ករណី
២២- Chainat មាន ១ ករណី
២៣- Nakhon Si Thammarat មាន ១ ករណី ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង