Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង ៖ ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​២០២០​នេះ បើទោះជា​មាន​បញ្ហា​ប្រឈម​នានា បានកើត​ឡើង ជាពិសេស​បញ្ហា​កូ​វីដ​-១៩ បញ្ហា​គ្រោះធម្មជាតិ និង​ជំនន់​ទឹកភ្លៀង

​ខេត្តស្វាយរៀង​៖ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែធ្នូ ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ​ខែមករា ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្តស្វាយរៀង ។​

លោក​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​លោក លោកស្រី​ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​ក្នុង​ខេត្តស្វាយរៀង​ទាំងអស់ ដែល​ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​២០២០​នេះ បើទោះជា​មាន​បញ្ហា​ប្រឈម​នានា​បានកើត​ឡើងជា​ពិសេស​ប​ញ្ហា​កូ​វីដ​-១៩ បញ្ហា​គ្រោះធម្មជាតិ និង​ជំនន់​ទឹកភ្លៀង ប៉ុន្តែ​បាន​សហការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​បាន​យ៉ាង​ល្អប្រសើរ រួមជាមួយ​រដ្ឋបាលខេត្ត សម្រេចបាន​នូវ​សមិទ្ធផល​ល្អប្រសើរ​ជាច្រើន​ទាំង​ការងារ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការថែរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សង្គម ព្រមទាំង​ការចូលរួម​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​បាន​ប្រកបដោយ​លទ្ធផល​វិជ្ជមាន ។

​លោក​អភិបាលខេត្ត ក៏បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​សុវត្ថិភាព​នៅក្នុង​ខេត្ត​ឲ្យ​បានល្អ​ប្រសើរ ។ មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​បន្តធ្វើ​ការពិនិត្យ តាមដាន ជំរុញ និង​គាំទ្រ​ដល់​ការបង្កបង្កើន​ផលរប​ស់បង​ប្អូន​ប្រជាពលរដ្ឋ​ជាពិសេស​ការដាំដុះ​ពូជស្រូវ គ្រាប់ពូជ​ដំណាំ ពូជ​ត្រី ដែល​បានធ្វើ​ការចែកជូន​នាពេល​កន្លងមក ឲ្យ​ទទួលបាន​លទ្ធផល និង​ទិន្នផល​ខ្ពស់ និង​ល្អប្រសើរ ។ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ ប្រកបដោយ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ។ រដ្ឋបាល​ក្រុង​-​ស្រុក ទាំងអស់ ត្រូវ​បន្ត​ខិតខំ​ដោះស្រាយ​បញ្ហា​ដែល​កើតមានឡើង​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ឲ្យ​អស់​លទ្ធភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ព្រមទាំង​ត្រូវ​ពង្រឹង​ការគ្រប់គ្រង ថែរក្សា​ការពារ​ដី​រដ្ឋ តួយ៉ាង​ដីព្រៃ ដី​ចំណី​បឹង ទន្លេ ព្រែក ឱ្យ​បានល្អ​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ ។ រដ្ឋបាល​ក្រុង ស្រុក ត្រូវ​បង្កើន​ការរៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន និង​បន្ត ណែនាំ អប់រំ​ផ្សព្វផ្សាយ និង​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការសាងសង់​សំណង់​អនាធិបតេយ្យ និង​សំណង់​ផ្សេងៗ​ដែល​រំលោភ​លើដី​ចំណីផ្លូវ ។ ត្រូវ​បន្ត​រឹតបន្តឹង​ការអនុវត្ត​វិធាន​ការបង្ការ​ទប់ស្កាត់​ការឆ្លង​រីករាយ​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​ប្រជាពលរដ្ឋ​មកពី​ក្រៅប្រទេស​ឲ្យ​បាន​ម៉ត់ចត់ និង​តឹងរឹង​បំផុត ស្របតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ការបង្ការ​ទប់ស្កាត់​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ឲ្យ​មាន​ប្រសិទ្ធភាព ៕​រក្សា​សិទ្ធិ​ដោយ​: វ៉ៃ​កូ​

×