ភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០- ការចំណាយពេលវេលាផ្ទាល់ខ្លួនលើការសម្រួលចរាចរណ៍ដើម្បីកាត់បន្ថយការកកស្ទះ ការប្រើថវិកាផ្ទាល់ខ្លួនដើម្បីទិញសៀវភៅសម្រាប់សិស្ស និងការគាំទ្រកុមារកំព្រា និងមនុស្សចាស់ គឺគ្រាន់តែជាអំពើល្អមួយចំនួនដែលប្រជាពលរដ្ឋកម្ពុជាជាច្រើនធ្វើសម្រាប់មិត្តភក្តិ និងអ្នកជិតខាងរបស់ពួកគេ និងសម្រាប់ប្រជាពលរដ្ឋផ្សេងទៀតក្នុងប្រទេស។
នៅក្នុង ការស្ទង់មតិ ក្រៅផ្លូវការមួយ ដែលធ្វើឡើងនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញដោយអ្នករៀបចំកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ ប្រជាពលរដ្ឋកម្ពុជាបានកោតសរសើរដល់អ្នកដែលពួកគេបានស្គាល់ ដែលបានធ្វើអំពើល្អជាប្រចាំ។
លោក ទឹម ម៉ន អាយុ ៤៨ឆ្នាំ ដែលជាប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ បានថ្លែងថា៖ “ខ្ញុំចង់ឱ្យលោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ ប្រកួតប្រជែងនៅកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart”។
លោកបានបន្ថែមថា៖ “ម៉ោង ៥ យើងចប់ម៉ោងរដ្ឋបាល គាត់អត់ទៅផ្ទះទេ គាត់នៅចាំនៅសង្កាត់។ គាត់ឱ្យកម្លាំងប្រជាការពារមកកែងវត្ត មកលើថ្នល់។ កាលណាដឹងថាផ្លូវស្ទះហើយ គាត់បញ្ជាកម្លាំងចេញពីសង្កាត់មកជួយ ហើយគាត់អត់ទៅផ្ទះទេ គាត់ធ្វើតាំងពីម៉ោង ៥ ចប់ហើយតសកម្មភាព និងធ្វើជុំវិញវត្ត លើថ្នល់ ២៧១ មុខពេទ្យរុស្ស៊ី ហើយគ្មានកម្រៃ គ្មានអ្នកណាជូនស្អីមកពីណាទេ គឺគាត់មានទឹកចិត្តជួយប្រជាពលរដ្ឋគាត់”។
ប្រជាពលរដ្ឋម្នាក់ទៀតគឺលោក លឹម សុខផេង អាយុ ៣៣ ឆ្នាំ មកពីខេត្តកណ្តាល បានកោតសរសើរដល់នាយកសាលាម្នាក់នៅខេត្តកណ្តាល។
លោក លឹម សុខផេង៖ “ខ្ញុំធ្លាប់ស្គាល់ម្នាក់។ គាត់ជានាយកសាលានៅភូមិក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ ការជួយរបស់គាត់នៅសាលាហ្នឹងដូចជាពាក់ព័ន្ធជាមួយសិស្សក្រីក្រ ដែលអត់មានសម្ភារសិក្សាគ្រប់គ្រាន់ គាត់ជួយជាថវិកា ឬគាត់ទិញជាសម្ភារៈសិក្សាឱ្យសិស្ស”។
លោកបន្តថា៖ “សម្រាប់មាតាបិតាសិស្សដែលខ្វះខាត ឧទាហរណ៍ថាគាត់ស្លាប់។ អញ្ចឹង គាត់មានថវិកា ឬរៃអង្គាសនៅក្នុងសាលាដើម្បីជួយដល់សិស្សហ្នឹង។ គាត់ជួយជាកម្លាំងចិត្តដល់សិស្សកុំឱ្យ ដូចថា ឪពុកម្តាយគ្នាស្លាប់ចឹងទៅ វាអាចនឹងចង់បោះបង់ការសិក្សា។ គាត់ជួយពន្យល់សិស្ស ហើយជួយជាថវិកា។ បើសិស្សអត់មានមធ្យោបាយធ្វើដំណើរ គាត់ទិញជាកង់ឱ្យ បើទោះជាគាត់អត់មានថវិកាគ្រប់គ្រាន់ក្តី គាត់អាចរៃអង្គាសពីក្នុងសហគមន៍ដើម្បីជួយដល់សិស្ស”។
អ្នកស្រី សិទ្ធិ ស្រីទៀង ជាប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានកោតសរសើរដល់ព្រះសង្ឃមួយអង្គដែលចំណាយពេលវេលារបស់ព្រះអង្គក្នុងការជួយយកអាសារដល់កុមារកំព្រា និងមនុស្សចាស់។
អ្នកស្រីបានថ្លែងថា៖ “ខ្ញុំស្គាល់លោកមួយអង្គ។ លោកគង់នៅវត្តភ្នំពេញថ្មី លោកព្រះនាម យី ហាក់។ លោកតែជួយចាស់ជរា ក្មេងកំព្រា ជនក្រីក្រ។ លោកមានព្រះទ័យទុកដាក់ជាមួយអ្នកក្រ។ លោកតែងយកអាសារជាមួយអ្នកក្រច្រើន។ ចិត្តខ្ញុំចង់ឱ្យលោកចូលប្រកួតដែរ តែមិនដឹងថា លោកទៅអត់”។
ក្នុងរយៈពេលបួនខែខាងមុខ ក្រុមហ៊ុន Smart Axiata មានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយ ប្រទេសជាតិ អ្នកជិតខាង ភូមិ ឬខេត្តរបស់ពួកគេ។ កម្មវិធីដែលមានឈ្មោះថា ពានរង្វាន់ពលរដ្ឋគំរូ Smart គឺជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលមានគោលបំណងលើកស្ទួយសាមគ្គីភាពរវាងប្រជាពលរដ្ឋកម្ពុជាទាំងអស់នៅទូទាំងប្រទេស។
ក្រុមហ៊ុន Smart Axiata សូមអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមជ្រើសតាំងអ្នកដែលបានធ្វើអំពើល្អៗជាច្រើនសម្រាប់មិត្តភក្តិ និងអ្នកជិតខាងរបស់ពួកគេ ព្រមទាំងសម្រាប់ប្រជាពលរដ្ឋកម្ពុជាផ្សេងទៀត។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “យើងពិតជាសង្ឃឹមថា ពលរដ្ឋគំរូណាម្នាក់ នឹងត្រូវបានទទួលស្គាល់ សម្រាប់ទង្វើដ៏ល្អដែលគេបានធ្វើឡើង ក្នុងការជួយអ្នកដទៃ”។
ក្នុងនាមជាអ្នករៀបចំកម្មវិធីពានរង្វាន់នេះ ក្រុមហ៊ុន Smart Axiata រំពឹងថា ប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់នឹងជ្រើសតាំងអ្នកណាម្នាក់ដែលបានធ្វើអំពើល្អ ដែលការជ្រើសតាំងនេះអាចធ្វើឡើងតាមរយៈគេហទំព័រ https://bit.ly/3lZwpVl។
អ្នករបៀបចំកម្មវិធី គ្រោងនឹងជ្រើសរើសបេក្ខជន១០នាក់ ដែលពួកគេនឹងមានវត្តមាននៅក្នុងពិធីប្រគល់ពានរង្វាន់។ ជ័យលាភី ពលរដ្ឋល្អនឹង ត្រូវបានជ្រើសរើសដោយគណៈកម្មការមួយដែលមានសមាសភាពបីរូប ដើម្បីឈ្នះទឹកប្រាក់ ១ម៉ឺនដុល្លារ។ ឈ្មោះរបស់គណៈកម្មការនឹងត្រូវបានប្រកាសនៅដើមឆ្នាំ២០២១។
អ្នកជ្រើសតាំងមានពេលរហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ដើម្បីជ្រើសតាំងអ្នកដែលពួកគេគិតថាជាពលរដ្ឋគំរូរបស់ខ្លួន។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
-ចប់-
ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A មហាវិថីព្រះមុនីវង្ស ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ កម្ពុជា
ទូរស័ព្ទ: +855 10 201 000
www.smart.com.kh
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
លោក គាំ ទីវា
ទូរស័ព្ទ៖ +855 10 202 271
អ៊ីម៉ែល៖ koam.tivea@smart.com.kh៕
រក្សាសិទ្ធិដោយ៖CEN
កម្មវិធី «ពលរដ្ឋគំរូរបស់ក្រុមហ៊ុន Smart Axiata»
- ពិពណ៌នារូបភាព៖ បុគ្គលគំរូក្នុងចិត្តពលរដ្ឋ
- ពិពណ៌នារូបភាព៖ បុគ្គលគំរូក្នុងចិត្តពលរដ្ឋ
រូបភាព៖ លោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១ កំពុងសម្រួលចរាចរណ៍
រូបភាព៖ លោក សួស សារិន ចៅសង្កាត់បឹងទំពន់ទី១
ព្រះតេជគុណ ព្រះនាម យី ហាក់ គង់នៅវត្តភ្នំពេញថ្មី
លោក ឡុញ នី នាយកវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន ក្រាំងយ៉ូវ
- ពិពណ៌នារូបភាព៖ ពលរដ្ឋនិយាយអំពី បុគ្គលគំរូក្នុងចិត្តរបស់ពួកគេ
លឹម សុខផេង
សិទ្ធ ស្រីទៀង
ទឹម ម៉ន