តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការលើកទឹកចិត្តទៅដល់ក្មួយៗ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តតាកែវ ឱ្យខិតខំប្រឹងប្រែងរៀនសូត្របានពូកែ ដើម្បីក្លាយជាធនធានមនុស្ស សម្រាប់សង្គមជាតិទៅថ្ងៃខាងមុខ ព្រោះមានតែការសិក្សាទេ ទើបអាចផ្លាស់ប្តូរជីវិតក្មួយៗឲ្យមាន ភាពល្អប្រសើរបាន ។
ថ្លែងនៅចំពោះមុខក្មួយៗ ដែលមកទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ នារសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០ នៅឯមណ្ឌលកុមារកំព្រាខេត្តតាកែវ ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានថ្លែងបន្តទៀតថា ការខិតខំរៀនសូត្រ និងស្តាប់តាមដំបូន្មានលោកគ្រូ អ្នកគ្រូ ក៏ដូចជាស្តាប់តាមការណែនាំរបស់ចាស់ព្រឹទ្ធិចារ្យនៅក្នុងមណ្ឌល វានឹងនាំឱ្យក្មួៗក្លាយជាកូនល្អ មិត្តល្អ និងសិស្សល្អ ហើយមិនតែប៉ុណ្ណោះក្មួយៗប្រាកដជាមានអនាគត់ ល្អ ពិសេសវាសនារបស់ក្មួយនឹងផ្លាស់ប្តូរប្រសើរឡើងផងដែរ ។
ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា ដើម្បីជាការតបស្នងសងគុណដល់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ជួយទំនុបបំរុង និងជួយជ្រោមជ្រែងដល់ក្មួយៗនៅទីនេះ ក្មួយៗត្រូវតែប្តេជ្ញាចិត្តក្នុងការខំប្រឹងប្រែងរៀនសូត្រ ឱ្យបានពូកែ ហើយអ្វីដែលសំខាន់ទៀតនោះ គឺក្មួយៗមិនត្រូវសេបគប់មិត្តមិនល្អ ឬប្រព្រឹត្តអំពើខុសច្បាប់ អ្វីឡើយ ពិសេសគឺមិនត្រូវប្រើប្រាស់គ្រឿងញៀនជាដាច់ខាត ព្រោះការប្រើប្រាស់គ្រឿងញៀន និងប្រព្រឹត្ត អំពើខុសច្បាប់នេះ នឹងនាំអោយក្មួយៗខូចអនាគតជាក់ជាពុំខាន ។
ជាមួយគ្នានេះដែរឯកឧត្តម ក៏បានធ្វើការណែនាំដល់គណៈគ្រប់គ្រងមណ្ឌល ឱ្យបន្តអនុវត្តនូវវិធានការអនាម័យ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវី១៩ និងណែនាំឱ្យក្មួយៗត្រូវថែទាំសុខភាព ដោយត្រូវអនុវត្តនូវវិធានការអនាម័យ និងវិធានការនានាតាមការណែនាំដល់របស់ក្រសួងសុខាភិបាល ដើម្បីកុំឲ្យឆ្លងនៅជំងឺផ្សេងៗ។
សូមបញ្ជាក់ដែរថា សម្ភារៈដែលបានយកប្រគល់ជូននាឱកាសនោះដែររួមមាន៖ អង្ករ ១តោន មីកំប៉ុង ២០កេះ ទឹកបរិសុទ្ធ ១០កេះ និងទឹកក្រូច ១០កេះផងដែរ ៕រក្សាសិទ្ធិដោយ៖តាកែវ