បាត់ដំបង៖មន្ត្រីជំនាញ បាននិងកំពុងពិនិត្យសុខភាពនិងយកសំណាកជាបន្តបន្ទាប់ លើប្រជាពលករខ្មែររស់នៅខេត្តបាត់ដំបង ដែលធ្វើការនៅប្រទេសថៃចំនួនប្រមាណ ២៣០នាក់ ដោយពលករទាំងអស់នេះត្រឡប់មកស្រុកកំណើតវិញ ចាប់ពីមានការផ្ទុះឡើងនៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅខេត្តសាមុទសាខននៃប្រទេសថៃជាច្រើនជាករណីហើយឆ្លងចូលមកតាមច្រកនានា ជាប់នឹងខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ ត្រូវបានអាជ្ញាធរខេត្តទាំង២នេះ បញ្ជូនតាមរថយន្តរបស់កងពលតូចដឹកជញ្ជូនលេខ៩៩ ឲ្យមកធ្វើចត្តាឡីស័ករយៈពេល ១៤ នៅក្នុងខេត្តបាត់ដំបង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានមានប្រសាសន៍ថាពលករខ្មែរ ដែលត្រូវបញ្ជូនមកពីខេត្តទាំង២ខាងលើ កំពុងសម្រាក់ធ្វើចត្តាឡីស័កក្នុងវិទ្យាល័យព្រះមុនីវង្ស ខណៈពួកគាត់ត្រូវបានយកចិត្តទុកដាក់ ក្នុងការរៀបចំកន្លែងស្នាក់នៅ ទទួលបានឃីតម្នាក់មួយ (មុង ភួយ ខ្នើយ) រួមទាំងអាហារ ៣ពេលផងដែរ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងក្នុងឱកាសចុះពិនិត្យការធ្វើចត្តាឡីស័កនិងទទួលពលករ ទើបមកពីខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ កាលពីល្ងាចថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០ បានជំរុញមន្ត្រីសុខាភិបាលនិងសមត្ថកិច្ចប្រចាំការ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការពិនិត្យសុខភាពឬការពារបងប្អូនពលករ ឲ្យពួកគាត់មានភាពកក់ក្ដៅនិងធ្វើយ៉ាងណាឲ្យពួកគាត់ ចូលរួមធ្វើចត្តាឡីស័កឲ្យបានចំនួន ១៤ថ្ងៃ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ពលករកំពុងធ្វើចត្តាឡីស័ក ត្រូវចូលរួមសហការជាមួយមន្ត្រីសុខាភិបាលនិងសមត្ថកិច្ច ក្នុងការអនុវត្តតាមការណែរនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរខេត្ត ដើម្បីទប់ស្កាត់កុំឲ្យមានរីករាលដាលនៃជំងឺកូវីដ១៩ កាន់តែខ្លាំងក្នុងសហគមន៍៕រក្សាសិទ្ធិដោយ៖អ៊ុងសារុំ