Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ គ្រប់​ថ្នាក់មូលដ្ឋាន​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ​១៩

​ខេត្តស្វាយរៀង ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​នៅ​ព្រឹក​ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២០​នេះ បានធ្វើការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ គ្រប់​ថ្នាក់មូលដ្ឋាន​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ​១៩ ។​

​លោកជំទាវ​បាន​មានប្រសាសន៍​ដូច្នេះ ក្នុងឱកាស​ដែល​លោកជំទាវ​បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​ពិធី​ពិធី​សំណេះសំណាល និង​នាំយក​អំណោយ​មនុស្សធម៌ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែកជូន​ដល់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ជំងឺអេដស៍ និង កុមារកំព្រា ដោយសារ​មេរោគ​អេដស៍ នៅ​សាលាស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះដែរ រួមមាន​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ព្រមទាំង​មន្ត្រី ដែលមាន​ការពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

លោកជំទាវ បាន​មានប្រសាសន៍​បន្តទៀតថា យើង​មិនត្រូវ​ភ្លេចខ្លួន​នោះទេ បើទោះបីជា​ប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង​នៅមានកម្រិត​ក៏ដោយ ក៏ត្រូវ​តែ​បន្ត​ក្រោម​ការអនុវត្ត តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​សារាចរ​ណែនាំ អំពី​វិធានការ​ជាច្រើន​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែង​ការ​ពាំ​នាំនូវ​ប្រសាសន៍ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តី​នឹករលឹក និង​មនោសញ្ចេតនា​អាណិត​ស្រឡាញ់ ដ៏​ជ្រាលជ្រៅ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ព្រមទាំង​បាន​ផ្តាំ​ផ្ញើឱ្យ​យកចិត្តទុកដាក់ គិតគូរ​ថែទាំ​សុខភាព ទាំង​ផ្លូវកាយ ផ្លូវចិត្ត​ឱ្យបាន​រឹងមាំ ហើយ​ទម្លាប់​រស់នៅ​ធម្មតា​តាមបែប​គន្លង​ថ្មី ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ចូលរួម​ទាំងអស់គ្នា ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ក្នុងទិសដៅ​បញ្ចប់​បញ្ហា​អេដស៍​ដែលជា​ការ គម្រាមកំហែង​ដល់​សុខភាព​សាធារណៈ​នៅ​ឆ្នាំ ២០២៥ ។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​ពាំនាំ​នូវ​សារ​អំពាវនាវ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​ផ្តាំផ្ញើ​សូម​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចូលរួម​កម្មវិធី​នៅថ្ងៃនេះ បន្ត​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ ដល់​សមាជិកគ្រួសារ និង​ប្រជាពលរដ្ឋ​ដទៃទៀត នៅក្នុង​សហគមន៍ ។

​សម្ភារ​ដែល​បាន​ឧបត្ថម្ភ ដល់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​កុមា​កំព្រា​ដោយសារ​អេដស៍​ចំនួន ៣៣ នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន អង្ករ ៣០ គីឡូក្រាម មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ទឹកដោះគោ​ខាប់ ៥ កំប៉ុង សាប៊ូ​ក្រអូប ៤ ដុំ មុង ១ ភួយ ១ សា​រ៉ុង ១ ក្រ​ម៉ា ១ អាវយឺត ២ និង​ថវិកា ថ្លៃ​ធ្វើដំណើរ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ៥០,០០០ រៀល ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖​វ៉ៃ​កូ​

×