ខេត្តស្វាយរៀង ៖ មានព្រឹត្តិការណ៍គ្រោះថា្នក់ចរាចរណ៍មួយ បានកើតឡើងដោយសាររថយន្តធុនធំបើកវ៉ាជែងគ្នា រួចបានបុកចូលក្នុងរោងការបណ្តាលឲ្យមាន សមាជិកក្រុមតន្ត្រី២នាក់ ស្រី១នាក់ បានរងរបួសធ្ងន់ ខណៈភ្ញៀវកំពុងហូបចុករាំរែកសប្បាយ នៅពេញក្នុងរោងការ បង្កឲ្យភ្ញៀវចូលរួមក្នុងមង្គលការនោះ ភ័យស្លន់ស្លោរត់យកព្រះអាយុ រងរបួសរលាត់ដៃជើងស្រាលៗជាច្រើននាក់ ហើយក៏ខឹងសម្បារនាំគ្នាពទ្ធ័ចាប់អ្នកបើកបររថយន្តបង្កង២នាក់ (២គ្រឿង) វាយទ្រមខ្លួន តែសំណាងហើយសមត្ថកិច្ចមកជួយអន្តរាគមន៍ទាន់ កុំអីដង្ហើមចង្រឹតបាត់ទៅហើយ។
ករណីរថយន្តយីឌុបធុនយក្សបើកបុកចូល ក្នុងរោងការនេះ កើតឡើងនៅវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវលេខ៣១៤ ស្ថិតនៅភូមិព្រៃវល្ល័រ ឃុំថ្មី ស្រុកកំពង់រោទ៍ ដែលមានម្ចាស់ដើមការឈ្មោះជាចំណាន នៅភូមិឃុំកើតហេតុខាងលើ។
ទាក់ទិនករណីនេះដែរ សមត្ថកិច្ចនៃអធិការដ្ឋាននគបាលស្រុកកំពង់រោទ៍បានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះម៉ី ស្រីវី ភេទស្រី អាយុ១៧ឆ្នាំ ជាអ្នករាំ រងរបួសចង្កេះនិងជើងទាំងពីរធ្ងន់ធ្ងរ ទី២ ឈ្មោះហែម បញ្ញា ភេទប្រុស អាយុ២៧ឆ្នាំ កាន់ដៃមិចស័រ រងរបួសក្បាលធ្ងន់និងដងខ្លួន។
ក្រោយពីគ្រោះថ្នាក់កើតឡើង សមត្ថកិច្ចបានហៅរថយន្តសង្គ្រោះ ដឹកបញ្ជូនជនរងគ្រោះក្រុមតន្ត្រីមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីសង្គ្រោះ និងឃាត់ខ្លួនអ្នកបើកបររថយន្តបង្កទាំងពីរនាក់ និងរថយន្តទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មី ដើម្បីសាកសួរនិងដោះស្រាយតាមនីតិវិធី។
សមត្ថកិច្ចបានបន្តទៀតថា រោងការធ្វើនៅលើថ្នល់ជាតិប្រមាណ៤០%ហើយ ដោយសារថ្នល់តូចបន្តិចផង និងអ្នកបើកបរខ្វះការប្រុងប្រយត្ន័ផង ទើបបង្កឲ្យមានគ្រោះថ្នាក់បែបនេះ។
ចំណែកមហាជននិយាយថា អ្នកបើកបររថយន្តទាំងពីរនាក់ គឺស្រវឹងជោកជាំ បើកវ៉ាជែងគ្នាគ្មានទើស ក្បាលនរណា ទើបបង្កឲ្យមានគ្រោះថ្នាក់បែបនេះតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយចំពោះ ព័ត៌មានលំអិតគេនៅ ទន្ទឹងរង់ចាំសមត្ថកិច្ច ធ្វើការស្រាវជ្រាវ និងសាកសួររួច និងផ្តល់នៅពេលក្រោយទៀតជាការស្រេច៕ រក្សាសិទ្ធិដោយ៖វ៉ៃកូ