ភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែងក្នុងបុរីពិភពថ្មីឈូកវ៉ា១ ត្រូវបានអគ្គិភ័យឆាប់ឆេះជាប់ស្ត្រីជាប្រពន្ធ និងកូនប្រុសតូចពីរនាក់ នៅក្នុងផ្ទះបណ្ដាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣៥នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងបុរីពិភពថ្មីឈូកវ៉ា១ ផ្ទះលេខ១០៦ ផ្លូវបេ ភូមិផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ គឹម យូរី ភេទស្រី អាយុ២៨ឆ្នាំ និងឈ្មោះសូរី វណ្ណភូ ភេទប្រុស អាយុ៥ឆ្នាំ និងឈ្មោះសូរី ផាយុទ្ធ ភេទប្រុស អាយុ៣ឆ្នាំ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺឃើញផ្ទះបិទទ្វារចាក់សោហើយស្ត្រីជាភរិយា និងកូនប្រុសពីរនាក់ កំពុងតែសម្រាកនៅជាន់ទីមួយ ស្រាប់តែមានផ្សែងហុយ ចេញពីលំនៅឋានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសន្តិសុខនាំគ្នាឡើង ទៅលើជាន់ទីមួយ ដើម្បីជួយរំដោះស្ត្រី និងកូន ចេញពីលំនៅឋានតាមបង្អួច។
ដោយឡែកប្រជាពលរដ្ឋមួយចំនួនទៀត បាននាំគ្នាវាយទម្លុះទ្វារ ដើម្បីជួយពន្លត់នៅផ្នែកខាងក្រោម។
នៅក្នុងហេតុការណ៍នោះដែរ គេឃើញរថយន្តពន្លត់អគ្គិភ័យចំនួនពីរគ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់ផងដែរ។ ទោះបីយ៉ាងណាភ្លើងពុំបណ្ដាលឲ្យឆេះរាលដាល ដល់លំនៅឋាននៅក្បែរនោះឡើយ។
តាមស្ត្រីរងគ្រោះបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា ៥ព្រឹក ប្តីរបស់ខ្លួនឈ្មោះឡៅ សូរីកញ្ញា បានភ្ញាក់ពីព្រឹក ទៅធ្វើជាចុងភៅដោយចាក់សោពីក្រៅទុកកូនសោ នៅក្នុងផ្ទះ។ ខណៈនោះស្រាប់តែភ្លើងបានឆាបឆេះ នៅចំណុចជំនាងផ្ទះខាងក្រោម និងរាលដាលទូតាំង បង្កជាផ្សែងហុយទ្រលោម ទៅផ្នែកខាងលើគាត់បានភ្ញាក់ឡើង ប្រុងនាំកូនចុះហើយក៏ត្រូវភ្លើងស្ទាក់ជាប់បណ្ដាលឲ្យឆេះរងរបួសដៃជើងផងដែរ។ ក្រោយមកប្រជាពលរដ្ឋ និងសន្តិសុខ ក៏បានវាយទម្លុះរនាំងបង្អួចចូលទៅសង្គ្រោះ នាំមកកាន់មណ្ឌលសុខភាពគោករការ៕ រក្សាសិទ្ធិដោយ៖ មីដា ផាន់ណា