ភ្នំពេញ ៖ អតិថិជនទិញផ្ទះបុរី PT គម្រោងទី២ មានការអាក់អន់ចិត្ត និងបារម្ភជាខ្លាំងដោយអតិថិជនគ្រប់គ្នា បង់លុយរួចយូរហើយ តែបុរីនេះមិនមានសកម្មភាពសាងសង់ឱ្យបានលឿននោះឡើយ ប៉ុន្តែភាគីបុរី PT បានអះអាងថា ក្រុមហ៊ុនបានចាក់ដី និងធ្វើផ្ទះគំរូរួចហើយ ហើយដាច់ខាតត្រូវតែធ្វើការសាងសង់់ ។
បុរី PT គម្រោងទី២ មានទីតាំងនៅក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តោល ជិតបឹងតាមោក និងភ្នំបាសិត មានផ្ទៃដី 35 ហិចតា ហើយមានគម្រោង សាងសង់វីឡាទោលជាង ១០០០ខ្នង។
ប្រជាពលរដ្ឋបានឲ្យដឹងថា “ពួកខ្ញុំ គឺជាអតិថិជន ដែលបានបង់លុយផ្ដាច់ និងបង់រំលស់ ហើយម្ចាស់គម្រោងសន្យាថា នឹងសាងសង់ផ្ទះឱ្យរួចរាល់ក្នុងរយៈពេល ១៤ខែ ប៉ុន្តែតាំងពីពួកយើងបង់លុយរួចរាល់ កាលពីខែកញ្ញា ឆ្នាំ២០២០ រហូតមកដល់ចុង ខែធ្នូ នេះ ឃើញខាងក្រុមហ៊ុនមិនមានសកម្មភាពចាក់បំពេញដី ដើម្បីមានការសាងសង់អ្វីនោះទេ ។ ថ្មីៗនេះពួកយើងគ្រាន់តែ ឃើញមានការ សាងសង់ផ្ទះគំរូដែលកំពុងសាងសង់ និងចាក់ដីនៅជុំវិញផ្ទះគំរូបន្តិចបន្តួចប៉ុណ្ណោះ ក្រៅពីនេះដីបុរីដែលត្រូវសាងសង់ផ្ទះជាង ១០០០ខ្នង នៅតែជាដីវាលស្រែដដែល។
អតិថិជនដែលបានទិញផ្ទះ និងបង់លុយរួចរាល់នោះ លើកឡើងទៀតថា ពួកយើងខ្ញុំមានការព្រួយបារម្ភជាខ្លាំង ចំពោះប្រាក់ដែលបានបង់ជាមួយបុរី ដោយសារតែ ផ្ទះដែលត្រូវបានអតិថិជនទិញរាប់ពាន់ខ្នងនោះ មិនទាន់ត្រូវបានធ្វើសកម្មភាពសាងសង់សោះ ហើយពេលវេលាដែលសន្យាជាមួយ អតិថិជនកាន់តែខិតជិតមកដល់ហើយ ដែលសភាពនេះ មិនសមហេតុផលទាល់តែសោះ ម្យ៉ាងទៀតពេលអតិថិជនសួរបុគ្គលិកបុរីអំពីមូលហេតុយឺតយ៉ាវ ពួកគេមិនអាចឆ្លើយ ឬពន្យល់ឲ្យសមហេតុផលទទួលយកនោះទេ។
ភាគីក្រុមហ៊ុនខ្លះឆ្លើយថា មកពីភ្លៀង ដីសើមពិបាកចាក់ដី អ្នកខ្លះថា មកពីដីស្រែប្រជាជនមិនទាន់ច្រូតយកផល , អ្នកខ្លះទៀតថា ថៅកែមិនអាចនិយាយថ្លៃដីដែលត្រូវទិញមកចាក់បំពេញបាន ព្រោះតម្លៃដីថ្លៃ, ហើយអ្នកខ្លះក៏ប្រាប់ទៀតថាថៅកែដែលជាភាគហ៊ុនមានការឈ្លោះទាស់ទែងផ្ទៃក្នុង… ការណ៍សំខាន់មួយទៀត អតិថិជនធ្លាប់បានទូរស័ព្ទសួរទៅម្ចាស់គម្រោង គឺ លោក ប្រាក់ ប៊ុនធឿន ប៉ុន្តែគាត់ឆ្លើយសន្យាមិនច្បាស់លាស់សោះ ” ។
ជាការឆ្លើយតប លោក ប្រាក់ ប៊ុនធឿន ម្ចាស់គម្រោងបុរី PT បានបញ្ជាក់ថា ” គម្រោងទី២ យើងកំពុងចាក់ដី និងធ្វើផ្ទះគំរូរួចហើយ ក្រុមហ៊ុន និងអ្នកទិញសុទ្ធតែមានកុងត្រាជាមួយគ្នា ហើយយោងតាមកុងត្រា ក្រុមហ៊ុនមិនធ្វើឲ្យយឺតទេ គ្រាន់តែការអភិវឌ្ឍរបស់យើងវាមានពេលវេលា ហើយយើងកំពុងតែបង្ហើយគម្រោងទី១ ហើយបន្ទាប់មកគម្រោងទី២ , មិនមែនថាយើងមិនទាន់ធ្វើទេ ប៉ុន្តែអានេះជាអារម្មណ៍របស់ភ្ញៀវទេ ។ ឥឡូវយើងបានចាក់ដីធ្វើផ្ទះគំរូ ប៉ុន្តែភាពពិតរបស់យើងដាច់ខាតត្រូវតែធ្វើព្រោះយើងមានកុងត្រាជាមួយគាត់ (អតិថិជន) ” ។
ម្ចាស់គម្រោងបុរី បញ្ជាក់ទៀតថា ” ពេលខ្លះគាត់ធ្វើបំពានកុងត្រា ក៏វាជះឥទ្ធិពលដល់គម្រោងរបស់ក្រុមហ៊ុនដែរ ក្នុងកុងត្រាមិនទាន់ដល់ពេលទទួលផ្ទះគាត់ធ្វើទៅជាព័ត៌មានវាប៉ះពាល់ដល់កិត្ដិយសរបស់ក្រុមហ៊ុន យើងសុទ្ធតែមានកុងត្រាលក្ខខណ្ឌត្រឹមត្រូវ ដូច្នេះយើងនឹងបំពេញកាមហ្នឹង ” ។
មតិលើកឡើងរបស់អតិថិជន និងការបកស្រាយបំភ្លឺរបស់លោក ប្រាក់ ប៊ុនធឿន ម្ចាស់គម្រោងបុរី ត្រូវបានមជ្ឈដ្ឋានមហាជនលើកឡើងថា ការព្រួយបារម្ភរបស់អតិថិជនដែលបានបង់លុយទៅលើការទិញផ្ទះក្នុងបុរី PT រួចហើយនោះ គឺជាការសមហេតុសមផល ព្រោះកន្លងមក មានក្រុមហ៊ុនសាងសង់បុរីខ្លះ បានត្រឹមតែធ្វើតែផ្ទះគំរូបង្អួតបង្ហាញប្រជាពលរដ្ឋ ឬអតិថិជនតែប៉ុណ្ណោះ ឯផ្ទះមែនទែនដែលត្រូវសាងសង់សម្រាប់ជូនអតិថិជននោះ គឺយឺតយ៉ាវក្នុងការសាងសង់។
ចំណែកភាគីខាងម្ចាស់ក្រុមហ៊ុនគម្រោងបុរី PT នេះវិញ មានហេតុផលពន្យល់ត្រឹមតែបានសង់សង់ផ្ទះគំរូ និងមិនទាន់ដល់កុងត្រា ដូច្នេះមិនអាចធ្វើឲ្យអតិថិជនស្ងប់ចិត្តបាននោះទេ… ទោះជាយ៉ាងណាក៏ដោយ មហាជននៅរង់ចាំមើលតទៅទៀត ថាតើនៅពេលឈានដល់កៀកកុងត្រាហើយនោះ តើសកម្មភាពសាងសង់ចាប់ផ្ដើម ឬមិនទាន់ចាប់ផ្ដើម ?
ទាក់ទិននឹងករណីនេះផងដែរ CEN រង់ចាំការបំភ្លឺបន្ថែមពីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីទទួលបានការស្ងប់ចិត្តអំពីការវិវឌ្ឍន៍នៃការសាងសង់បុរីខាងលើនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ