ភ្នំពេញ៖ ក្នុងនាមជាមិត្តជិតខាងល្អ លោក ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្ត្រីថៃ បានផ្ញើសារលិខិតមួយជូន សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់ឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ថៃ ឆ្នាំនេះ។
យោងលិខិតរបស់ លោក ប្រាយុទ្ធ ចាន់អូចា ដែល CEN ទទួលបាននៅព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានបង្ហាញខ្លឹមសារថា នៅក្នុងឱកាសដ៏វិសេសវិសាល នៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរបស់យើង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ អំពីទំនាក់ទំនងរវាងថៃ និងកម្ពុជា កាន់តែមានភាពរឹងមាំជាងពេលណាៗទាំងអស់ ជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏ធំទូលាយ និងផលប្រយោជន៍រួមលើគ្រប់វិស័យ ។
ទាក់ទិននឹងពាណិជ្ជកម្មទ្វេភាគី កម្ពុជា – ថៃ គួរឲ្យកត់សម្គាល់ គឺប្រមាណ ៣០០ លានដុល្លារអាមេរិក កាលពី ២០ឆ្នាំមុន កើនមកជាង ៩ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ ២០១៩ , ក្នុងនោះការវិនិយោគរបស់ថៃនៅកម្ពុជា បានកើនឡើងដោយរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា ស្របពេលដែលសេដ្ឋកិច្ចថៃទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីកម្លាំងពលកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។
លោកនាយកមន្ត្រីថៃ ថ្លែងថា ជាប្រទេសជិតខាងល្អ ជាមិត្តល្អ តំបន់ព្រំដែនរបស់យើងកំពុងទទួលបាននូវស្ថិរភាព និងសន្តិភាព យូរអង្វែង ដោយមានពាណិជ្ជកម្មឆ្លងដែនរីកចម្រើនឥតឈប់ឈរ ដែលនាំមកនូវការងារបន្ថែម និង បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើងឱ្យកាន់តែប្រសើរឡើង។
លោក ប្រាយុទ្ធ ចាន់អូចា បញ្ជាក់ថាក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រណាចក្រថៃ ខ្ញុំសូមជូនពរយ៉ាងកក់ក្តៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសវិសេសវិសាល ខួបទំនាក់ទំនង ៧០ឆ្នាំនេះ ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា មិត្តភាពរវាងថៃ និងកម្ពុជា មានភាពរឹងមាំ និងស្ថិតស្ថេរ ហើយប្រជាជនយើងទាំងពីរ ជាពិសេស យុវជនជំនាន់ក្រោយរបស់យើង នឹងបន្តធ្វើការជាមួយគ្នា ឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍរួមគ្នា ៕ រក្សាសិទ្ធិដោយ៖ ពិសិដ្ឋ