ស្ទឹងត្រែង ៖ ឥឡូវនេះមានដំណឹងថ្មី ហើយទាក់ទងទៅនឹងនារីរូបស្រស់ម្នាក់បាត់ខ្លួន ពេលដើរផ្សារស្ទឹងត្រែងជាមួយប្ដីនិងកូនស្រីតូចម្នាក់ កាលពីថ្ងៃទី 25 ខែធ្នូឆ្នាំ 2020។
លោកនី ម៉ង់ មេប៉ុស្តិ៍រដ្ឋបាលឃុំស្ដៅ បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2020 នេះថា សាច់ញាតិក្រុមគ្រួសារនឹងប្ដី រួមទាំងបានទំនាក់ទំនងតាមទូរស័ព្ទដោយផ្ទាល់ ពីដំណឹងនៃការវិលត្រឡប់របស់នារីម្នាក់ ដែលបាត់ខ្លួននោះ។
គួររំលឹកឱ្យដឹងផងដែរថា នារីរូបស្រស់ម្នាក់បានបាត់ខ្លួននៅផ្សារស្ទឹងត្រែង ពេលធ្វើដំណើរមករកទិញសម្ភារៈ របស់របរជាមួយប្ដីនិងកូនតូចម្នាក់ ខណៈនោះស្ត្រីជាប្រពន្ធបានសុំប្ដីទៅទិញឡេលាបស្បែក ក៏ស្រាប់តែបាត់ខ្លួនដោយមិនដឹងមូលហេតុ។ បុរសជាប្តីនិងកូនស្រីម្នាក់ទើបមានអាយុ 5 ឆ្នាំ បាត់ដំណឹងយូរពេកក៏តាមរកតែរកមិនឃើញ ហើយបានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន។
នារីរូបស្រស់ដែលបាត់ខ្លួនឈ្មោះ ចាន់ ប៊ុនហាន់ អាយុ ២០ឆ្នាំមានទីលំនៅភូមិស្តៅ២ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ រីឯប្ដីឈ្មោះ កាខេមរិន អាយុ 22 ឆ្នាំ។
ទាក់ទងនឹងនារីម្នាក់ដែលបាត់ខ្លួនខាងលើនេះ សារព័ត៌មានយើងមិនទាន់បានបញ្ជាក់លំអិតខាងភាគីនារី ឲ្យច្បាស់លាស់នៅឡើយទេ ដោយសារតែលេខទូរស័ព្ទថ្មី ដែលនាងទំនាក់ទំនងជាមួយនឹងក្រុមគ្រួសារ ខលចូលជាច្រើនដងតែមិនទទួល៕ រក្សាសិទ្ធិដោយ៖សំណាង