កណ្ដាល៖ ករណីឃាតកម្មរឹតកធ្វើគុត ព្រះចៅអធិការវត្តចេតិយ៍ថ្មី ត្រូវតុលាការខេត្តកណ្តាល ចេញដីការឃុំមេខ្លោង ម្នាក់ដាក់ពន្ធនាគារខេត្ត ហើយស្វែងរកចាប់ខ្លួនបក្ខពួកជាជនដៃដល់ចំនួន៣នាក់ ដែលកំពុងគេចខ្លួន។ មេខ្លោងរូបនោះត្រូវនគរបាលខេត្តកណ្ដាល ចាប់ខ្លួនជនសង្ស័យជាមេខ្លោងបានហើយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។
ជនសង្ស័យមាន ឈ្មោះ ឡៅ ទ្រី ហៅ ឃាង ភេទប្រុស អាយុ៥១ឆ្នាំ មុខរបររកស៊ីពុះដីឡូតិ៍លក់ មានទីលំនៅភូមិផ្សារដែក ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។ ចំណែកព្រះសង្ឃរងគ្រោះព្រះនាម ភោគ ធារិទ្ធ ហៅលោកតាតឿ ហៅ លោកតាតុប មានព្រះជន្ម ៥៣ព្រះវស្សា ជាចៅអធិការវត្តចេតិយ៍ថ្មី ត្រូវឃាតករធ្វើគុត កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅវត្តចេតិយ៍ថ្មី ក្នុងភូមិចេតិយ៍ថ្មី ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ ក្នុងរយៈពេល៧ថ្ងៃក្រោយមក លោកស្នងការនគរបាលខេត្តកណ្តាល ឈឿន សុចិត្ត និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកណ្តាល បានបើកការស៊ើបអង្កេត ឈានដល់ការកំណត់បានមុខសញ្ញាមេខ្លោងផ្ដើមគំនិតជួលជនសង្ស័យឲ្យទៅធ្វើគុតព្រះសង្ឃ គឺឈ្មោះ ឡៅ ទ្រី ហៅ ឃាង យកមកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ហើយតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន។
សូមបញ្ជាក់ថា ឈ្មោះ ឡៅ ទ្រី ជាមេខ្លោងផ្តើមគំនិតធ្វើគុត ព្រះចៅអធិការវត្តចេតិយ៍ថ្មីបានសារភាពប្រាប់សមត្ថកិច្ចថា នៅថ្ងៃមិនចាំ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១១ថ្ងៃត្រង់ ឈ្មោះ ស្រេង ស្រ៊ុន បានទូរស័ព្ទមកជនសង្ស័យឈ្មោះ ឡៅ ទ្រី ហៅ ឃាង ណាត់ជួបគ្នានៅហាងម្លប់ស្វាយ ជិតផ្លូវចូលប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារហ្លួង។ ពេលជួបគ្នា ជនសង្ស័យបាននិយាយរឿងឈ្លោះគ្នាជាមួយចៅអធិការវត្តចេតិយ៍ថ្មី ហើយបានសួររកអ្នកស្មាត់ ។ ពេលនោះ ឈ្មោះ ស្រេង ស្រ៊ុន ថា រឿងហ្នឹងកុំភ័យឲ្យតែលុយមក ទើបឈ្មោះ ឡៅ ទ្រី ហៅ ឃាង សួរថាប៉ុន្មាន? ឈ្មោះ ស្រេង ស្រ៊ុន ឆ្លើយថា ៧,០០០ ដុល្លារ ហើយ ឡៅ ទ្រី បានយល់ព្រម។ រំលងបានប្រហែល២០ថ្ងៃក្រោយមក វេលាម៉ោងប្រហែល ៤រសៀល ឈ្មោះ ស្រេង ស្រ៊ុន ជាជនដៃដល់ បានទូរស័ព្ទហៅខ្លួនឲ្យទៅជួបនៅហាងម្លប់ត្នោត ដោយប្រាប់ថា ១០,០០០ ដុល្លារ ទើបបានធ្វើកើតព្រោះទាល់តែគ្នា៣នាក់បានធ្វើឈ្នះ។ ពេលនោះ ខ្លួនក៏បានយល់ព្រមហើយបានប្រគល់លុយឲ្យមុន ៣,០០០ដុល្លារ រួចក៏បែកគ្នាចេញមកមុន។ លុះមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៦ និង៤០នាទី ល្ងាច ឈ្មោះ ស្រេង ស្រ៊ុន បានទូរស័ព្ទមកប្រាប់ខ្លួនថា ប្លង់រឹង ធ្វើរួចហើយខ្លួនក៏ថា ធ្វើរួចក៏រួចទៅ។ លុះដល់ម៉ោងប្រហែល១០យប់ថ្ងៃដដែល ឈ្មោះ ស្រេង ស្រ៊ុន ជាជនដៃដល់បានឆាតតាមតឹឡេក្រាម បានផ្តាច់ជីវិតចៅអធិការរួចហើយដោយរឹតក រួចលើកដាក់លើគ្រែគ្របភួយ ពេលនោះ ឈ្មោះ ស្រេង ស្រ៊ុន បានទារលុយពីខ្លួនបង្គ្រប់ តែខ្លួនថាចាំស្អែកទៅ។ លុះស្អែកឡើងវេលាម៉ោង១០ និង៣០នាទី ឡៅ ទ្រី បានបើករថយន្តម៉ាកព្រុស យកលុយទៅឲ្យឈ្មោះ ស្រេង ស្រ៊ុន ជាជនដៃដល់នៅជិតរោងចក្រស្រែចិន្តា។ ពេលទៅដល់ឃើញឈ្មោះ ស្រេង ស្រ៊ុន ជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា អត់ផ្លាកលេខ ចាំនៅទីនោះ ហើយក៏ហុចលុយ ៧,០០០ដុល្លារតាមកញ្ចក់ឡានឲ្យទៅឈ្មោះ ស្រេង ស្រ៊ុន រួចហើយឈ្មោះ ស្រេង ស្រ៊ុន បានប្រាប់ថា ពេលប៉ូលិសសួរកុំឆ្លើយអ្វីទាំងអស់ និយាយតែមិនដឹងៗទៅប៉ូលិសមិនអាចធ្វើអ្វីកើតទេ និងឲ្យលុបលេខទូរស័ព្ទ និងរូបពាក់ព័ន្ធទាំងអស់ចោល រួចក៏បែកគ្នាទៅ ។
មូលហេតុដែល ឡៅ ទ្រី រៀបចំផែនការធ្វើគុតព្រះសង្ឃនោះ ព្រោះឡៅ ទ្រី បានយកផ្ទះ និងតូបផ្សារនៅផ្សារម៉ាន់អាំង រាជធានីភ្នំពេញ និងដី២ឡូតិ៍ នៅផ្សារត្រាចខេត្តកំពង់ឆ្នាំង និងបានយកលុយពីព្រះសង្ឃចំនួន ១១,៥០០ ដុល្លារទៀត ថាទៅសង់ផ្ទះតែមិនបានសង់ទេ ព្រមទាំងយកទ្រព្យសម្បត្តិរបស់ ចៅអធិការ ដែលជនរងគ្រោះឲ្យខ្លួនឈរឈ្មោះជំនួសយកទៅលក់អស់ទៀតផង។ ហើយចុងក្រោយនេះឡៅ ទ្រី បានលេចឮព័ត៌មានថា ព្រះចៅអធិការជិតសឹកនៅដំណាច់ឆ្នាំនេះដើម្បីទៅកាន់កាប់ និងគ្រប់គ្រងទ្រព្យសម្បត្តិ និងផ្ទះសម្បែងទាំងអស់របស់លោកវិញ ទើបខ្លួនរៀបចំផែនការធ្វើគុត បំបិទមាត់ព្រះអង្គឲ្យបានសម្រេចនៅថ្ងៃទី១៩ ខែធ្នូតែម្ដងក្នុងគោលបំណងប្រមូល និងកាន់កាប់លុយកាក់ និងទ្រព្យសម្បត្តិរបស់ព្រះចៅអធិការទាំងអស់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ